រដ្ឋមន្ត្រី​ការបរទេស​អាល្លឺម៉ង់​ប្តេជ្ញា​គាំទ្រ​អ៊ុយក្រែន​ក្នុង​ពេល​ទស្សនកិច្ច​នៅ​ក្រុង​កៀវ

រូបឯកសារ៖ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់អ្នកស្រី Annalena Baerbock ចូលរួមសន្និសីទសារព័ត៌មានមួយនៅស្ថានទូតអាល្លឺម៉ង់នៅទីក្រុង Dekwaneh ប្រទេសលីបង់ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤។ នៅថ្ងៃច័ន្ទ Baerbock បានសន្យាពីគាំទ្ររបស់អាល្លឺម៉ង់ចំពោះអ៊ុយក្រែន។

រដ្ឋមន្ត្រី​ការបរទេស​អាល្លឺម៉ង់​អ្នកស្រី Annalena Baerbock បាន​ប្តេជ្ញា​ផ្តល់​ការ​គាំទ្រ​ពី​ប្រទេស​អាល្លឺម៉ង់​ដល់​អ៊ុយក្រែន​ក្នុង​អំឡុង​ពេល​អ្នកស្រី​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​កៀវ​កាលពី​ថ្ងៃ​ចន្ទ​ដើម្បី​ជួប​ជាមួយ​មេដឹកនាំ​អ៊ុយក្រែន។

អ្នកស្រី Baerbock ថា អ៊ុយក្រែន​ត្រូវការ​ការ​គាំទ្រ​ក្នុង​ពេល​ដែល​រុស្ស៊ី​វាយ​ប្រហារ​តាម​អាកាស ស្រប​ពេល​ដែល​អ៊ុយក្រែន​ឈាន​ចូល​ដល់​រដូវ​រងា​ម្តងទៀត​និង​រង​ការ​គំរាម​បន្ថែម​ពី​ការ​គាំទ្រ​របស់​យោធា​កូរ៉េ​ខាងជើង​ចំពោះ​រុស្ស៊ី។

អ្នកស្រី Baerbock ថ្លែង​ថា៖ «យើង​តតាំង​នឹង​ភាព​ឃោរឃៅ​នេះ​តាមរយៈ​មនុស្សធម៌​និង​ការ​គាំទ្រ​របស់​យើង ដើម្បី​មិន​ត្រឹមតែ​ឲ្យ​ពលរដ្ឋ​អ៊ុយក្រែន​អាច​រស់ផុត​ពី​រដូវ​រងា​នេះ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ឲ្យ​ប្រទេស​របស់​ពួកគេ​អាច​នៅ​មាន​វត្តមាន​បន្ត​ទៅមុខ​បាន​ទៀត​ផង ដោយ​ហេតុ​ថា​ពួកគេ​ក៏​ការពារ​សេរីភាព​របស់​យើង​ទាំងអស់​គ្នា​នៅ​ទ្វីប​អឺរ៉ុប​នេះ​ផងដែរ»។

អ្នកស្រី​បាន​បន្ថែម​ថា៖ «យើង​នឹង​គាំទ្រ​ពលរដ្ឋ​អ៊ុយក្រែន​ដរាបណា​ពួកគេ​នៅ​ត្រូវការ​យើង ដើម្បី​ឲ្យ​ពួកគេ​អាច​ដើរ​តាម​មាគ៌ា​របស់​ខ្លួន​ឆ្ពោះ​ទៅ​រក​សន្តិភាព​ដ៏​យុត្តិធម៌​មួយ​បាន»។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP។

យោធា​អ៊ុយក្រែន​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ចន្ទ​ថា ប្រព័ន្ធ​ការពារ​ដែន​អាកាស​របស់​អ៊ុយក្រែន​បាន​បាញ់​ទម្លាក់​ដ្រូន​ចំនួន ៥០ គ្រឿង​ក្នុង​ចំណោម ៨០ គ្រឿង​ដែល​កង​កម្លាំង​រុស្ស៊ី​បាន​ប្រើ​នៅ​ក្នុង​ការ​វាយ​ប្រហារ​កាលពី​រំលង​អាធ្រាត្រ​ដោយ​ដៅ​លើ​តំបន់​ជាច្រើន​នៅ​ទូទាំង​ប្រទេស។

ការ​ស្ទាក់​បាញ់​ទម្លាក់​ដ្រូន​ទាំងនេះ​បាន​ធ្វើឡើង​នៅ​តំបន់ Cherkasy, Chernihiv, Kherson, Kirovohrad, Mykolaiv, Odesa, Sumy, Zhytomyr និង​តំបន់​រដ្ឋធានី​កៀវ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​កងទ័ព​ជើង​អាកាស​អ៊ុយក្រែន៕

ព័ត៌មាន​ខ្លះ​នៅក្នុង​សេចក្តី​រាយការណ៍​នេះ​ត្រូវបាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AFP និង​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។