អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានស្នើដល់មេដឹកនាំចិនលោក Xi Jinping ឱ្យប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន ដើម្បីដាក់សម្ពាធដល់ប្រទេសរុស្ស៊ីឱ្យបញ្ចប់សង្គ្រាមក្នុងប្រទេសអ៊ុយក្រែន។
ក្រោយជំនួបជាមួយលោក Xi កាលពីថ្ងៃអង្គារ ក្នុងរដ្ឋធានីប៉េកាំង លោក Scholz បានបង្ហោះសារលើបណ្តាញសង្គម X ថា៖ «ចិនមានទឹកមាត់ប្រៃក្នុងប្រទេសរុស្ស៊ី ដូចនេះហើយបានជាខ្ញុំស្នើដល់ប្រធានាធិបតីចិនលោក Xi ឱ្យប្រើប្រាស់ឥទ្ធិពលដែលខ្លួនមានចំពោះរុស្ស៊ី ដើម្បីឱ្យលោក Putin នៅទីបំផុត បញ្ចប់សង្គ្រាមដ៏ព្រៃផ្សៃមួយនេះ» ។
លោកបន្ថែមទៀតថា លោក Xi បានយល់ស្របដើម្បីគាំទ្រឱ្យមានសន្និសីទស្តីពីសន្តិភាពមួយនៅក្នុងប្រទេសស្វីស។
លោក Scholz ថ្លែងដូចនេះ នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចរបស់លោកចំនួន ៣ ថ្ងៃទៅកាន់ប្រទេសចិន ដែលក្នុងនោះលោកបានពិភាក្សាលើបញ្ហាជាច្រើនជាមួយលោក Xi និងមេដឹកនាំចិនដទៃផ្សេងទៀត។
លោក Scholz កាលពីថ្ងៃអង្គារ ក៏បានព្រមានជំទាស់នឹងការគំរាមកំហែងប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅក្នុងសង្គ្រាម ក្រោយពីប្រធានាធិបតីរុស្ស៊ីលោក Vladimir Putinកាលពីខែមុននិយាយថា លោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីប្រើប្រាស់អាវុធប្រភេទនេះ ប្រសិនបើអធិបតេយ្យភាពឬឯករាជ្យរបស់រុស្ស៊ីរងការគំរាមកំហែង។
លោកក៏បានប្រាប់លោក Xi ថា ការចូលឈ្លានពានរបស់ក្រុងមូស្គូទៅក្នុងប្រទេសអ៊ុយក្រែនជាការគំរាមកំហែងដល់សន្តិសុខសាកល ហើយថា ប្រទេសទាំងពីរអាចធ្វើការរួមគ្នាដើម្បីសម្រេចបាននូវ«សន្តិភាពមួយសម្រាប់ប្រទេសអ៊ុយក្រែន»។
ដោយនិយាយសំដៅលើវិបត្តិនេះ លោក Xi និយាយថា៖ «ចិនលើកទឹកចិត្តនិងគាំទ្ររាល់កិច្ចប្រឹងប្រែងទាំងអស់ដែលអាចធ្វើបាន ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីទៅលើវិបត្តិដែលកើតមាន»។ នេះបើតាមការផ្សព្វផ្សាយនៃប្រព័ន្ធព័ត៌មានរដ្ឋចិន។
លោក Xi បន្ថែមទៀតថា ចិននិងអាល្លឺម៉ង់ជាប្រទេសមហាអំណាចសេដ្ឋកិច្ចធំបង្អស់ទី ២ និងទី ៣ នៅក្នុងពិភពលោក ហើយថារដ្ឋាភិបាលក្រុងប៉េកាំងនិងរដ្ឋាភិបាលក្រុងបែរឡាំង គួរពិនិត្យមើលនិងអភិវឌ្ឍទំនាក់ទំនងទ្វេភាគីសម្រាប់រយៈពេលវែង និងយុទ្ធសាស្ត្រ ដើម្បីធ្វើការរួមគ្នាបង្កើតឱ្យមានស្ថិរភាពនិងភាពប្រាកដនិយមឱ្យកាន់តែច្រើនថែមទៀតនៅក្នុងពិភពលោក»៕