អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក George H.W. Bush បាន​ទទួលអនិច្ចកម្ម​ហើយ

អតីតប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ក្នុង​អាណត្តិទី៤១ លោក George H.W. Bush បាន​ទទួល​អនិច្ចកម្ម

លោក​ George H.W. Bush ប្រធានាធិបតី​ទី​៤១នៃ​សហរដ្ឋ​អាមេរិកដែល​ជា​បុរស​ម្នាក់មានកំណើត​ជា​អភិជន ក៏​ប៉ុន្តែ​ប្រកប​ដោយ​កិត្តិយស ការបំពេញកាតព្វកិច្ច​និង​សេវា​ដល់​ប្រទេសលោក​ក្នុង​រយៈពេល៦០ឆ្នាំ​ចុង​ក្រោយ​នៃ​សតវត្សរ៍ទី២០បានទទួល​អនិច្ចកម្ម​ហើយ​នៅឯគេហដ្ឋាន​របស់​លោក​ក្នុង​ក្រុង Houston រដ្ឋតិចសាស។ ​អ្នកនាំពាក្យ​ម្នាក់​របស់​គ្រួសារ​លោកបាន​ធ្វើសេចក្តី​ប្រកាសនេះ​កាល​ពីយប់ថ្ងៃ​សុក្រ។​

លោក​អតីតប្រធានាធិបតី​អាមេរិកាំង​រូបនេះ​មាន​ជន្មាយុ៩៤ឆ្នាំ​ហើយ​លោក​មាន​សុខភាព​មិនល្អទេ​កាលពី​បីបួនឆ្នាំមុន​នេះ​ ដោយលោកមានជំងឺ Parkinson និង​ជំងឺឯទៀតៗផងដែរ។​

នៅក្នុង​ជីវិតមួយ​នៅលើឆាក​ពិភពលោក​និង​នៅកម្រិត​ខ្ពស់​បំផុត​នៃឆាក​នយោបាយ​អាមេរិកាំង​ លោក​ Bush បាន​ចាញ់និង​ឈ្នះ​នៅក្នុង​ការបោះឆ្នោត​នៅមុន​លោកក្លាយទៅ​ជា​មេដឹកនាំអាមេរិកាំង​កាលពី​ឆ្នាំ១៩៨៩។ ​បន្ទាប់​មកនៅ​ពេលដែល​សេដ្ឋកិច្ចសហរដ្ឋ​អាមេរិក​ចុះថមថយ​និងនៅ​ពេល​មានកំណើន​ចំនួនមនុស្ស​គ្មានការងារ​ធ្វើ លោក​បាន​ចាកចេញ​ពី​តំណែង​ជាន់ខ្ពស់បំផុត​ក្នុង​សហរដ្ឋ​អាមេរិកនៅ​ក្រោយ​បានកាន់​តំណែង​នេះបួនឆ្នាំក្នុង​សេតវិមាន ដោយ​សារ​លោក​បាន​ចាញ់​ឆ្នោត​នៅ​ក្នុង​ការឈរឈ្មោះ​ជា​ថ្មីកាល​ពី​ឆ្នាំ១៩៩២។

លោក George H.W. Bush បាន​កំណត់​ការ​ចាប់ផ្តើម​តំណែង​ប្រធានាធិបតី​របស់​លោក​ជាមួយ​សេចក្តីប្រកាស​នៅពេល​សម្ពោធ​តំណែង​នេះថា «ខ្យល់រំភើយ​ថ្មី​មួយ​កំពុងបក់មក​ ហើយ​ពិភពលោក​មួយដែល​មានភាព​ត្រជាក់ស្រួល​ដោយសារ​សេរីភាព​ហាក់​ដូច​ជា​កើត​ជា​ថ្មី ពីព្រោះ​ក្នុងបេះដូងរបស់​មនុស្ស ប្រសិនបើ​មិនមែន​ជា​ការ​ពិត​ជាក់ស្តែង ថ្ងៃនៃ​អ្នកកាន់អំណាច​ផ្តាច់ការបាន​ចប់ហើយ។​សម័យ​នៃការប្រើ​អំណាច​ផ្តាច់ការ​បានចប់​ហើយ គំនិត​ចាស់នៃ​ការកាន់​អំណាចផ្តាច់ការ​បាន​រសាត់​ទៅ​បាត់ហើយ​ដូចជា​ស្លឹកឈើ​ដែលធ្លាក់​ពី​ដើមឈើ​ចាស់​ងាប់មួយ​ដើម»។

សេចក្តី​ប្រកាសនេះ​របស់​លោក​ George H.W. Bush បង្ហាញ​ថា​ដូចជា​ការ​ទស្សន៍ទាយទុក​ជាមុន​ដោយមានការរលំ​ជញ្ជាំង​ក្រុង​បែរឡាំង​និងការរលំ​នៃ​សហភាព​សូវៀត​នៅ​ពេល​លោកកាន់​តំណែងប្រធានាធិបតីអាមេរិកាំង​។ លោក Bush បានជួប​ជាមួយលោក​ Mikhail Gorbachev មេដឹកនាំ​សូវៀត​ក្នុងរយៈពេល​ខ្លី​ក្រោយការរលំ​ជញ្ជាំង​ក្រុងបែរឡាំង​ហើយ​កិច្ច​ចរចា​រវាងមេដឹកនាំ​ទាំង​ពីរនាក់​នេះ​នៅក្នុងប្រទេស​ Malta បានត្រូវយល់ឃើញ​ថា​ជា​ព្រឹត្តិការណ៍សំខាន់​មួយឆ្ពោះ​ទៅកាន់ការ​ចុះហត្ថលេខា​ដោយ​អស់​លោកទាំងពីរ​នាក់នេះ​លើ​សន្ធិសញ្ញា​កាត់បន្ថយ​អាវុធ​យុទ្ធសាស្ត្រ​កាល​ពីឆ្នាំ​១៩៩១៕