​ប្អូន​ប្រុស​លោក George Floyd នឹង​ផ្ដល់​សក្ខីកម្ម​ដល់​សភា ស្រប​ពេល​សភា​កំពុង​ពិចារណា​លើ​សំណើ​ច្បាប់​កំណែ​ទម្រង់​ប៉ូលិស

លោក Philonise Floyd ដែល​ជា​ប្អូន​របស់​លោក George Floyd មកដល់វិមាន Capitol Hill ដើម្បីផ្តល់សក្ខីកម្ម នៅថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២០នេះ។

សមាជិក​សភា​សហរដ្ឋ​អាមេរិក​កំពុង​ពិនិត្យ​លើ​សំណើ​ច្បាប់​កំណែ​ទម្រង់​ប៉ូលិស​ថ្នាក់​ជាតិ ស្រប​ពេល​ដែល​អាជ្ញាធរ​មូលដ្ឋាន និង​អាជ្ញាធរ​រដ្ឋ​ប្រកាស​អំពី​ជំហាន​បន្ថែម​ទៀត​ដើម្បី​ផ្លាស់ប្ដូរ​ការ​ឧបត្ថម្ភ​ថវិកា និង​ការ​ផ្ដល់​សិទ្ធិ​ឲ្យ​ប្រើ​កម្លាំង​នៅ​ក្នុង​នាយកដ្ឋាន​ប៉ូលិស​របស់​ពួកគេ។

គណៈកម្មាធិការ​តុលាការ​នៃ​រដ្ឋសភា​គ្រោង​នឹង​បើក​សវនាការ​នៅ​ថ្ងៃ​ពុធ​នេះ​ដើម្បី​ស្ដាប់​សក្ខីកម្ម​របស់​លោក Philonise Floyd ដែល​ជាប្អូន​របស់​លោក George Floyd។ លោក George Floyd បាន​ស្លាប់ កាល​ពី២សប្ដាហ៍​មុន បន្ទាប់ពី​ប៉ូលិស​ប្រើ​ជង្គង់​សង្កត់​ក​លោក​អស់​ជាង៨នាទី។ ការ​ស្លាប់​របស់​លោក​បាន​បង្ក​ឲ្យ​មាន​ការ​តវ៉ា​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក​ជំរុញ​ឲ្យ​មាន​ការ​កែទម្រង់។

សាក្សី​ផ្សេង​ទៀត​មាន​ដូចជា ប្រធាន​ប៉ូលិស​ក្រុង Houston រដ្ឋ Texas លោក Art Acevedo និង​អ្នកស្រី Vanita Gupta អតីត​ប្រធាន​ផ្នែក​សិទ្ធិ​ស៊ីវិល​នៃ​ក្រសួង​យុត្តិធម៌ និង​បច្ចុប្បន្ន​ជា​ប្រធាន និង​នាយក​ប្រតិបត្តិ​នៃ​អង្គការ​សន្និសីទ​ភាព​ជា​អ្នក​ដឹកនាំ​អំពី​សិទ្ធិ​ស៊ីវិល និង​សិទ្ធិ​មនុស្ស (The Leadership Conference on Civil and Human Rights)។

អ្នកស្រី Gupta បាន​សរសេរ​នៅ​លើ Twitter ថា អ្នកស្រី​នឹង​ផ្ដល់​សក្ខីកម្ម «អំពី​ភាព​ចាំបាច់​ឲ្យ​មាន​កំណែ​ទម្រង់​គោល​នយោបាយ​ប៉ូលិស ដែល​លើក​កម្ពស់​ការ​ទទួល​ខុស​ត្រូវ គិតគូរ​ឡើង​វិញ​អំពី​សុវត្ថិភាព​សាធារណៈ និង​គោរព​ដល់​សេចក្ដី​ថ្លៃថ្នូរ​របស់​មនុស្ស​គ្រប់​រូប»។

សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​នៃ​រដ្ឋសភា​បាន​ស្នើ​កញ្ចប់​សំណើ​ច្បាប់​កំណែទម្រង់​ប៉ូលិស​មួយ​ដែល​រួម​មាន​ទាំង​ការ​ហាម​ឃាត់​មិន​ឲ្យ​មាន​ការ​សង្ស័យ​បែប​រើសអើស​ជាតិ​សាសន៍ និង​ការ​រឹត​ក ដែល​ចំណុច​នេះ​ធ្វើ​ឲ្យ​មាន​ភាព​ងាយស្រួល​ជាង​មុន​នៅ​ក្នុង​ការ​ប្ដឹង​មន្ត្រី​ប៉ូលិស​ទៅ​តុលាការ​ស៊ីវិល និង​បង្កើត​ឲ្យ​មាន​ប្រព័ន្ធ​ទិន្នន័យ​ថ្នាក់​ជាតិ​មួយ​ដែល​តាមដាន​ទង្វើ​មិន​ត្រឹមត្រូវ​របស់​ប៉ូលិស។

ការ​បោះ​ឆ្នោត​លើ​សំណើ​ច្បាប់​នេះ​គ្រោង​ធ្វើ​ឡើង​នៅ​ក្នុង​ខែ​នេះ៕