អ្នក​ស្រាវជ្រាវ​សុំ​ឱ្យ​អាស៊ាន​សិក្សា​ពី​ការសម្លាប់​រង្គាល

ទាហានខ្មែរក្រហម (រូបថត​ផ្តល់​ឲ្យ​ដោយ ECCC)

មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​កំពុង​ជំរុញ​ឲ្យបញ្ចូល​ការអប់រំ​អំពីការសម្លាប់រង្គាល​នៅ​ប្រទេស​កម្ពុជា​នៅ​ក្នុង​ការអប់​រំ​ក្នុង​បណ្តា​ប្រទេស​សមាជិក​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ហៅថា​សមាគម​អាស៊ាន។

លោកឆាំង យុ​ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បាន​ធ្វើ​សំណើទៅកាន់​ប្រទេស​ភូមាដែល​ជា​ប្រធាន​ប្តូរវេន​នៃ​សមាគម​អាស៊ាន​កាល​ពី​ខែមិថុនា​ដើម្បី​ឲ្យ​ជួយជំរុញ​ឲ្យ​ទទួល​យក​សំណើ​នេះ។

«ខ្ញុំ​បាន​សុំ​រួច​ហើយ​ថា​ឲ្យ​បញ្ចូល​ការសិក្សា​ប្រវត្តិសាស្រ្ត​នេះ​ទៅ​ក្នុង​សាលា​ទូទាំង​ប្រទេស​អាស៊ាន។​ក្រសួង​មហាផ្ទៃ​ក៏បាន​រៀប​ចំ​កិច្ចការ​នេះ​ហើយ​ប្រទេស​ភូមា​ក៏​បាន​ទទួល​លិខិត​របស់​ខ្ញុំ ​ហើយ​យើង​ក៏បាន​ទទួល​ការគាំទ្រ​ពីរដ្ឋា​ភិបាល​ក្នុង​ការបញ្ចូល​ការសិក្សា​នេះ​ក្នុង​បណ្តា​ប្រទេស​អាស៊ាន»។

មាន​ប្រជាពលរដ្ឋ​កម្ពុជា​យ៉ាង​តិច​១,៧​លាន​នាក់​បាន​ស្លាប់​និង​ត្រូវបាន​សម្លាប់​ក្នុង​របប​កម្ពុជា​ប្រជា​ធិបតេយ្យ​របស់​ពួក​ខ្មែរក្រហម​ចន្លោះ​ពី​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩។ អំពើ​ឃោរឃៅ​នេះ​ដែល​ក្លាយ​ជា​ការ​ប្រល័យ​ពូជ​សាសន៍​ដែល​មិន​ធ្លាប់​កើត​មាន​ក្នុងចំណោម​ប្រទេស​សមាជិក​អាស៊ាន​ទាំងដប់។

លោកឆាំង យុ ​គិត​ថា​នេះ​គឺជា​មេរៀន​ដ៏ល្អ​បំផុត​សម្រាប់​ការអប់រំ​យុវជន​អាស៊ាន​អំពី​ប្រវត្តិសាស្ដ្រ​នេះ។

«ប្រទេស​មួយ​មាន​សង្គ្រាម ​មាន​អំពើ​ប្រល័យ​ពូជ​សាសន៍​ក៏ប៉ះពាល់​ដល់​ប្រទេស​អាស៊ាន​ដទៃ​ទៀត​ដែរ។ ​ខ្ញុំ​គិតថា​ប្រទេស​ខ្មែរ​យើង​គួរ​ប្រែក្លាយ​ពី​អ្នករង​គ្រោះ​ទៅជា​អ្នក​អប់រំ​អាស៊ាន​វិញ»។

នៅ​មិន​ទាន់​មាន​ការឆ្លើយតប​ពី​ប្រទេស​ភូមា​ដែល​ជា​ប្រធាន​អាស៊ាន​ប្តូរវេន​នៅ​ឡើយ​ទេ​ក៏ប៉ុន្តែ​ជា​គោលការណ៍​អាស៊ាន​អាច​នឹង​យក​គំនិត​ផ្តួចផ្តើម​ណាមួយ​ទៅ​ពិចារណា​ប្រសិន​បើរដ្ឋាភិបាល​នៃ​ប្រទេស​សាម៉ី​គាំទ្រ​គំនិត​ផ្តួច​ផ្តើម​នោះ។

​លោកឆាំង យុ​ បញ្ជាក់​ថា​រដ្ឋា​ភិបាល​កម្ពុជា​ទំនង​ជា​គាំទ្រ​ការផ្តល់​យោបល់​របស់​លោក​រួច​ហើយ។

លោក​Muhsinin Dolisada​លេខាទី១នៃ​ស្ថាន​ទូត​ឥណ្ឌូណេស៊ី​ អធិប្បាយ​ថា​នេះ​គឺជា​គំនិត​ផ្តួច​ផ្តើម​ល្អ​មួយ។

«ខ្ញុំ​គិត​ថា​គំនិត​នេះ​មាន​សារៈសំខាន់​និង​ជា​គំនិត​ល្អ​មួយ​ដើម្បី​ចែក​រំលែក​បទពិសោធន៍​អំពី​ការ​រំលោភ​សិទ្ធិមនុស្ស​ក្នុង​សម័យ​ខ្មែរក្រហម»។

កាលពី​ពេល​ថ្មីៗ​ នេះ​សាលាក្តី​ខ្មែរក្រហម​បាន​ស្នើដល់​ប្រទេស​សក្តានុពល​ចំនួន​ប្រាំ​ឲ្យ​ចូលរួម​វិភាគ​ទាន​ដល់​ដំណើរ​ការ​កាត់ទោស​ពួកអតីត​មេដឹកនាំ​ខ្មែរក្រហម។

ក៏ប៉ុន្តែ​ក្នុង​ចំណោម​ប្រទេស​ចំនួន​ប្រាំ​ដែល​ទទួល​បាន​សំណើ​នោះ​មាន​តែ​ប្រទេស​ថៃ​និង​ប្រទេស​ម៉ាឡេស៊ី​ទេ​ដែល​បាន​ផ្តល់​ថវិកា​ចំនួន​ជាង​៧ម៉ឺន​ដុល្លា​អាមេរិក​ខណៈ​ដែល​សាលាក្តី​ខ្មែរក្រហម​ត្រូវ​ការ​ថវិកា​សម្រាប់​ដំណើរការ​សរុប​ជាង៦០​លាន​ដុល្លារ​អាមេរិក​សម្រាប់​ឆ្នាំ​២០១៤​និង​ឆ្នាំ​២០១៥។

​លោកនេត្រ ភក្ត្រា​អ្នក​នាំពាក្យ​សាលាក្តីខ្មែរក្រហម​បាន​អធិប្បាយ​ថា​ការ​ផ្តល់​ការសិក្សា​ដល់​យុវជន​អាស៊ាន​អំពី​អំពើ​ប្រល័យ​ពូជសាសន៍​នៅ​កម្ពុជា​ពិតជា​មាន​សារៈសំខាន់។

«យើង​គិតថា​រាល់​ការ​ស្រាវជ្រាវ​ទាំង​ឡាយ​ទៅ​លើ​ឧក្រិដ្ឋកម្ម​ដែល​បាន​កើត​ឡើង​ក្នុង​អតីត​កាល​ពិត​ជា​មាន​សារៈសំខាន់​ហើយ​វា​នឹង​ផ្តល់​សារៈសំខាន់​ដល់​មនុស្ស​ជំនាន់​ក្រោយ​ដើម្បី​ចៀសវាង​ការ​ប្រ​ព្រឹត្តិ​នូវ​អំពើ​ដែល​បាន​កើត​ឡើង​ដែល​បង្ក​វិនាសកម្ម​សម្រាប់​ប្រទេស»។

ដោយឡែក​លោកបណ្ឌិត​ឡៅ ម៉ុងហៃ ​មាន​ប្រសាសន៍ដោយ​ទុទិដ្ឋិនិយម​ដោយ​ប្រៀបធៀប​ទៅ​នឹង​និន្នាការ​របស់​រដ្ឋាភិបាល​កម្ពុជា​ទៅ​នឹង​ដំណើរ​ការកាត់ទោស​ខ្មែរក្រហម។

«មេរៀន​អ្វី​បើ​យើង​មាន​ការ​លំបាក​សឹងអី​ហើយ​រដ្ឋាភិបាល​ខ្មែរ​មិន​ឲ្យ​តុលាការ​ធ្វើការ​ដូច​កិច្ច​ព្រម​ព្រាង​ជាមួយ​អង្គការ​សហ​ប្រជាជាតិ​ជា​ពិសេស​ការស៊ើប​អង្កេត​លើ​ករណី​០០៣​និង​០០៤»។

យ៉ាងណាក៏ដោយ​មន្ត្រី​ទូត​ជាច្រើនរបស់​បណ្តា​ប្រទេស​នៃ​សមាគម​អាស៊ាន​ដូចជាមន្ត្រីទូត​ប្រ៊ុយណេ​ ទូតហ្វ៊ីលីពីន​ សិង្ហបុរី​និង​មន្ត្រី​ទូត​ម៉ាឡេស៊ី​ជាដើម​បាន​បដិសេធ​ផ្តល់​សេចក្តី​អត្ថាធិប្បាយ​លើ​ចំណោទ​បញ្ហា​នៃ​សំណុំរឿង​ខ្មែរក្រហម​នេះ៕