ករណីវាយប្រហារទៅលើតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលបានផ្សព្វផ្សាយនៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីម្សិលមិញបានបង្កឲ្យមានក្តីបារម្ភជុំវិញបញ្ហាសន្តិសុខ និងសុវត្ថិភាពពីសំណាក់ប្រជាពលរដ្ឋ និងក្រុមមន្ត្រីសង្គមស៊ីវិល។ ក្រុមមន្ត្រីសង្គមស៊ីវិលបង្ហាញការសោកស្តាយ ដែលអាជ្ញាធរមានសមត្ថកិច្ចមិនមានឆន្ទៈក្នុងការការពារសុវត្ថិភាព ជូនតំណាងរាស្ត្របក្សប្រឆាំង។
ថ្ងៃអង្គារនេះ ក្រុមមន្ត្រីសង្គមស៊ីវិល និងប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញបានបង្ហាញក្តីបារម្ភអំពីសុវត្ថិភាព និងសន្តិសុខផ្ទាល់ខ្លួនរបស់ពួកគេ។ ក្តីបារម្ភនេះកើតមានឡើងមួយថ្ងៃក្រោយពេលវីដេអូនៃការវាយតប់យ៉ាងសាហាវលើតំណាងរាស្រ្តពីររូបនៃគណបក្សសង្គ្រោះជាតិនៅមុខរដ្ឋសភា ត្រូវបានគេចែកផ្សាយពេញបណ្តាញសង្គមហ្វេសប៊ុកនោះ។
ប្រជាពលរដ្ឋកម្ពុជា ដែល VOA បានជួបសម្ភាសនាថ្ងៃអង្គារនេះ បានការបង្ហាញក្តីបារម្ភ និងចោទជាសំណួរថា សូម្បីតំណាងរាស្រ្តដែលមានអភ័យឯកសិទ្ធិ និងមកពីស្ថាប័នកំពូលហើយនោះនៅតែទទួលរងអំពើហិង្សាដោយមិនមានអន្តរាគមន៍ពីសំណាក់អាជ្ញាធរ ចុះទម្រាំពួកគេដែលជាប្រជាជនសាមញ្ញវិញ តើទៅជាយ៉ាងណា?
លោក ប៊ុន ធៀប វ័យ៣៥ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនឯកជនមួយរូប បានឲ្យដឹងថា ករណីវាយតប់តំណាងរាស្រ្តនេះ បង្ហាញពីអសន្តិសុខនៅក្នុងប្រទេសកម្ពុជា។
«មានអំពើហិង្សាកើតឡើងអញ្ចឹងៗ វាមិនទំនងសោះ។ ទី១ វានៅកន្លែងរដ្ឋសភាទៀត។ ហើយជនឧក្រិដ្ឋហ្នឹង យើងចាប់បានអត់? គាត់ជាតំណាងរាស្ត្រនៅមានគេធ្វើអញ្ចឹង ចុះទម្រាំយើងទៀត ចេះតែភ័យខ្លាចហើយ»។
បុរសវ័យ៤៩ឆ្នាំជាបុគ្គលិកក្រុមហ៊ុនមួយ ហើយដែលសុំមិនបញ្ចេញឈ្មោះដោយមានក្តីបារម្ភចំពោះសុវត្ថិភាពផ្ទាល់ខ្លួននោះ បានប្រាប់ VOA ថា ការតវ៉ារបស់ក្រុមបាតុករ និងការវាយដំលើតំណាងរាស្រ្តទាំង២រូបនោះគឺធ្វើឡើងដូចជាឆាកល្ខោនដែលគេរៀបចំឡើង។
«ឃើញអញ្ចឹងគួរឲ្យខ្លាចដែរ។ ប្រជាជនយើងឥឡូវមិនដូចពីមុនទេ។ ប្រជាជនយើងស្វែងយល់។ ធ្វើអញ្ចឹងដូចជាឆាកល្ខោនមួយអញ្ចឹង»។
ស្រដៀងគ្នានេះដែរ លោក ពៅ សុផាន វ័យ២០ឆ្នាំ ជាប្រជាជនរស់នៅក្នុងរាជធានីភ្នំពេញ បានលើកឡើងថា៖
«ពេលឃើញអញ្ចឹង ហើយយល់ថា ប្រទេសយើងពិបាក ពិបាកខាងសន្តិសុខ។ គាត់វាយដំតំណាងរាស្ត្រ ហើយចុះទម្រាំប្រជាជនយើងធម្មតា»។
យុវជនរូបនេះចង់ឃើញនូវការសម្រុះសម្រួលគ្នារវាងគណបក្សធំៗទាំង២ជាជាងការប្រើប្រាស់អំពើហិង្សាក្នុងរូបភាពបាតុកម្មយ៉ាងដូច្នេះ។
នៅក្នុងវីដេអូខ្លី២ ដែលក្នុងនោះតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិពីររូបត្រូវបានក្រុមបាតុករវាយប្រហារនៅមុខរដ្ឋសភា ត្រូវបានចែករំលែកយ៉ាងច្រើននៅលើបណ្តាញសង្គមហ្វេសប៊ុក។ នៅក្នុងវីដេអូនោះ លោក ញ៉យ ចំរើន តំណាងរាស្ត្រមណ្ឌលកំពង់ចាម ត្រូវបានបាតុករវាយដំ ទាត់ ធាក់ឲ្យសន្លប់នៅនឹងកន្លែង។ រីឯ លោក គង់ សភា តំណាងរាស្ត្រខេត្តស្វាយរៀងត្រូវបានបាតុករអូសចេញពីក្នុងឡាន រួចវាយទាត់ធាក់រូបលោកយ៉ាងដំណំ។
គេសង្កេតឃើញថា មិនមានអន្តរាគមន៍ពីអាជ្ញាធរនោះទេ ក្នុងពេលដែលក្រុមបាតុករដែលនៅសេសសល់ពីបាតុកម្មទាមទារឲ្យលោក កឹម សុខាចុះចេញពីតំណែង ធ្វើសកម្មភាពវាយប្រហារលើតំណាងរាស្រ្តនោះ។
លោក នី ចរិយា ប្រធានផ្នែកស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សអាដហុក ដែលបានឃ្លាំមើលករណីខាងលើនេះ បានអះអាងថា ករណីវាយដំតំណាងរាស្ត្រដោយសេរីពីសំណាក់ក្រុមបាតុករ ដែលមាននំនោរទៅកាន់បក្សកាន់អំណាចនេះ មានលក្ខណៈផ្ទុយគ្នាស្រឡះពីការធ្វើបាតុកម្ម តវ៉ាដូចសព្វមួយដង។
«ប៉ុន្តែ បើអំពើហិង្សា ដែលបាតុកររៀបចំឡើងដោយក្រុមអ្នកគាំទ្រគណបក្សកាន់អំណាច អាហ្នឹងធ្វើអី ធ្វើទៅ! យើងឃើញថា អាជ្ញាធរកំពុងរើសអើងខាងនយោបាយ។ យើងឃើញហើយ អត់មានដាក់កម្លាំងដើម្បីបង្កា ការពារកុំឲ្យមានអំពើហិង្សាអញ្ចឹងទេ គឺថា បណ្តោយឲ្យធ្វើម៉ាសេរី ដែលខុសប្លែកពីបាតុកម្មដទៃទៀត។ ឧទាហរណ៍ជាក់ស្តែង ព្រឹកនេះសហគមន៍បឹងកក់ដាក់ញ្ញតិនៅស្ថានទូតអាមេរិកក៏ទៅតាមបង្រ្កាបដល់ស្ថានទូតអាមេរិកដែរ»។
លោកនី ចរិយាយល់ថា ព្រឹត្តិការណ៍នេះគឺជាសារនយោបាយថ្មីមួយរបស់គណបក្សកាន់អំណាច ដែលនឹងប្រើប្រាស់យន្តការហិង្សាគំរាមកំហែងជនណាដែលមិនគាំទ្រគណបក្សខ្លួន។
«ព្រឹត្តិការណ៍ម្សិលមិញអាចធ្វើឲ្យប្រជាជនឈានទៅរកការសម្រេចចិត្ត នៅពេលដែលគាត់ទៅបោះឆ្នោតថា គាត់ចង់បានស្ថានភាពបែបហ្នឹង ឬក៏ចង់បានមេដឹកនាំដែលគ្មាន អំពើហិង្សា»។
លោកស្រីធីតា ឃឹះ នាយិកាអង្គការសីលកា ដែលតាមដានការវិវត្តនៃសង្គមនយោបាយកម្ពុជា បានបង្ហាញការសោកស្តាយចំពោះស្ថានភាពនេះ ដែលរាជរដ្ឋាភិបាល ឬអាជ្ញាធរមានសមត្ថកិច្ចមិនមានឆន្ទៈក្នុងការការពារតំណាងរាស្ត្រ ដែលជាតំណាងរបស់ប្រជាពលរដ្ឋ។
«ខ្ញុំមានអារម្មណ៍ថា សុវត្ថិភាពអត់មានទេ។ យើងព្រួយបារម្ភថា ច្បាប់ទម្លាប់ក៏អត់មានដែរ។ ដូច្នេះ បើចង់មានសេចក្តីសុខ ត្រូវតែមាននរណាម្នាក់នៅក្នុងគណបក្សកាន់អំណាចដើម្បីការពារយើង»។
មន្ត្រីរាជរដ្ឋាភិបាលបានឲ្យដឹងថា រដ្ឋាភិបាលកម្ពុជាបានបង្កើតគណៈកម្មការថ្មីមួយដើម្បីស៊ើបអង្កេតទៅលើករណីវាយប្រហារតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ហើយគណៈកម្មការនេះនឹងចាប់ផ្តើមបេសកកម្មចាប់ពីថ្ងៃពុធនេះទៅ ខណៈពេលដែលតំណាងរាស្ត្រដែលមានរបួសពីររូបបានចាកចេញទៅព្យាបាលនៅប្រទេសថៃ៕