ខណៈដែលសហភាពអឺរ៉ុបបានប្រកាសចាប់ផ្តើមដំណើរការជាផ្លូវការនីតិវិធីនៃការព្យួរប្រព័ន្ធអនុគ្រោះពន្ធដល់កម្ពុជា(EBA) ដោយសារការរំលោភសិទ្ធិមនុស្ស និងការធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា កម្មកររោងចក្រកាត់ដេរបានបង្ហាញក្តីបារម្ភថា ពួកគេនឹងលែងមានការងារធ្វើ ហើយមិនអាចរកចំណូលចិញ្ចឹមគ្រួសារបាន។
ស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុបគឺលោកស្រី Cecilia Malmström បានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយកាលពីថ្ងៃច័ន្ទថា៖
«វាច្បាស់ហើយថា ចំណាត់ការនៅថ្ងៃនេះមិនមែនជាការសម្រេចចិត្តចុងក្រោយ ហើយក៏មិនមែនជាទីបញ្ចប់នៃដំណើរនីតិវិធីដែរ។ តែនាឡិកាកំពុងតែដើរទៅមុខជាផ្លូវការហើយ ហើយយើងត្រូវការឃើញវិធានការពិតប្រាកដក្នុងពេលឆាប់ៗនេះ»។
ទោះជាយ៉ាងណា សហភាពអឺរ៉ុបមិនបានបញ្ជាក់ថា ខ្លួនចង់បានអ្វីឲ្យពិតប្រាកដនោះទេ តែថា កម្ពុជាមានការរឹតត្បិតសិទ្ធិនយោបាយ សិទ្ធិការប្រមូលផ្តុំ និងសិទ្ធិបញ្ចេញមតិ។ មន្រ្តីជាន់ខ្ពស់គណបក្សប្រឆាំងគឺគណបក្សសង្រ្គោះជាតិត្រូវបានកាត់សិទ្ធិនយោបាយរយៈពេល៥ឆ្នាំ ក្រោយគណបក្សមួយនេះត្រូវបានរំលាយចោល។
អ្នកស្រីអោង ចាន់ណាវី កម្មការិនីម្នាក់នៅរោងចក្រកាត់ដេរមួយតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានថ្លែងប្រាប់ VOA ថា អ្នកស្រីមិនទាន់ដឹងព័ត៌មានចុងក្រោយនៃដំណើរការនីតិវិធីជាផ្លូវការនៃការដាក់គំនាបលើពន្ធនេះទេ។ ប៉ុន្តែអ្នកស្រីធ្លាប់បានដឹងអំពីការព្រមានដាក់គំនាបលើកម្ពុជា ទាក់ទងនឹងការនាំចេញសម្លៀកបំពាក់ទៅសហភាពអឺរ៉ុប។
អ្នកស្រីមានប្រសាសន៍ថា៖
«ខាងខ្ញុំ ដូចអត់ទាន់បានទទួលព័ត៌មានអីច្បាស់លាស់អ៊ីចឹងទេ គ្រាន់តែមានពាក្យចចាមអារ៉ាមអាចនឹងថា ទូទាត់ទៅ វានឹងអត់ចំណេញ។ រោងចក្រគាត់នឹងអាចថា បង្កើនចំនួនផលិតផលនៅតាមខ្សែដើម្បីបង្កើននឹងបានប្រាក់ចំណូលឲ្យច្រើន»។
ទោះជាយ៉ាងណា អ្នកស្រីបានបង្ហាញក្តីបារម្ភអំពីការបាត់បង់ការងារ នៅពេលខាងមុខ ខណៈអ្នកស្រីបានរកចំណូលពីការងារមួយនេះ រយៈពេលជិត៥ឆ្នាំមកហើយ។
អ្នកស្រីមានប្រសាសន៍ថា៖
«រឿងហ្នឹងវាអាចនឹងប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃរបស់ខ្ញុំ។ ប្រសិនបើគាត់អាចជាបិទ ពួកខ្ញុំអាចថា នឹងចំណាកស្រុក ឬក៏ទៅធ្វើរោងចក្រកន្លែងឆ្ងាយ ដែលឆ្ងាយពីផ្ទះ។ អាចទទួលផលវិបាក រឿងថា មធ្យោបាយធ្វើដំណើរអ៊ីចឹងអាចនឹងប៉ះពាល់។ តែបើសិនជាអាច ក៏អត់ចង់តម្រូវឲ្យពួកគាត់បិទរោងចក្រដែរ»។
អ្នកស្រីយ៉ុង ចាត កម្មការិនីម្នាក់ទៀត មានប្រសាសន៍ថា អ្នកស្រីមិនដឹងថា ធ្វើអ្វីក្រៅពីកម្មការិនីកាត់ដេរនោះទេ។ អ្នកស្រីបញ្ជាក់ថា ការងារប្រចាំថ្ងៃបានផ្តល់ថវិកាខ្លះ សម្រាប់ចិញ្ចឹមកូន និងម្តាយឪពុកចាស់ជរា។
អ្នកស្រីមានប្រសាសន៍ថា៖
«អត់ដឹងថា គេបិទអង្កាល ឬអង្កាល ខ្ញុំអត់ដឹងទេ ព្រោះអីខ្ញុំគិតតែពីធ្វើ។ បើរោងចក្របិទ ដឹងតែនៅផ្ទះ ធ្វើស្រែហើយ!»
អ្នកស្រីយ៉ុង ភ័ណ ជាកម្មការិនីម្នាក់ទៀត ទើបតែបានដាក់ពាក្យចូលធ្វើការនៅរោងចក្រ នៅថ្ងៃអង្គារនេះ។ ទោះជាយ៉ាងណា អ្នកស្រីមានប្រសាសន៍ថា អ្នកស្រីមិនចង់ឃើញការបិទរោងចក្រ ដែលនាំឲ្យអ្នកស្រីបាត់បង់ការងារនៅពេលខាងមុខនោះទេ។
អ្នកស្រីមានប្រសាសន៍ថា៖
«ព្រោះអីយើងអត់មានមុខរបរអីផ្សេងៗ។ យើងធ្វើរោងចក្រទៅ ព្រោះអីវាងាយស្រួលដែរ ហើយណាមួយជិតផ្ទះ ហើយយើងបាននៅជិតកូន»។
អ្នកស្រីបានបន្ថែមថា៖
«និយាយរួមទៅ ខ្ញុំអត់ចង់ឲ្យជួបអ៊ីចឹង។ ចង់ឲ្យមានធ្វើរហូត ល្អ។ ខ្ញុំអត់ចង់ឲ្យថាជួបពាក្យអាគេនិយាយអ៊ីចឹង។ ហើយខ្ញុំអត់ចង់ឲ្យ ដូចរោងចក្រគេផ្សេង ហើយរោងចក្រនេះ មានកម្មករច្រើន មិនអាចអ៊ីចឹងទេមើលទៅ»។
ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាបានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអង្គារនេះ ដោយប្រកាសគាំទ្រចំណាត់ការរបស់សហភាពអឺរ៉ុប។ សហរដ្ឋអាមេរិកក៏បានអំពាវនាវឲ្យមានការដោះលែងលោកកឹម សុខា មេដឹកនាំគណបក្សសង្រ្គោះជាតិ ដែលរងការចោទប្រកាន់ថា ចូលដៃជើងជាមួយអាមេរិកដើម្បីផ្តួលរំលំរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន។ ប៉ុន្តែមន្រ្តីសហរដ្ឋអាមេរិកបានច្រានចោលការចោទប្រកាន់នេះជាបន្តបន្ទាប់។
សេចក្តីថ្លែងការណ៍របស់ស្ថានទូតបានបញ្ជាក់ថា៖
«យើងមានកង្វល់ដូចគ្នានឹងសហភាពអឺរ៉ុបដែរ ទាក់ទងនឹងការរំលោភយ៉ាងធ្ងន់ធ្ងរលើសេរីភាពក្នុងការបញ្ចេញមតិ សិទ្ធិការងារដែលមានការទទួលស្គាល់ជាអន្តរជាតិ និងសេរីភាពទាក់ទងនឹងអង្គការសមាគម។ សហរដ្ឋអាមេរិក សូមអំពាវនាវឲ្យថ្នាក់ដឹកនាំកម្ពុជាស្តារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យ ពហុបក្សពិតប្រាកដ ដូចមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា។ យើងក៏សូមអំពាវនាវផងដែរឲ្យប្រទេសកម្ពុជាទម្លាក់ចោលនូវបទចោទប្រកាន់លើលោកកឹម សុខានិងការចោទប្រកាន់តាមទំនើងចិត្តទាំងអស់ប្រឆាំងនឹងអ្នកទោសនយោបាយដទៃទៀត ហើយអនុញ្ញាតឲ្យសហជីព អង្គការសារព័ត៌មានឯករាជ្យ និងក្រុមដទៃទៀតនៃសង្គមស៊ីវិល ដំណើរការដោយគ្មានការរឹតត្បិត ដែលមិនត្រឹមត្រូវ»។
ស្ថានទូតអាមេរិកបានបញ្ជាក់បន្ថែមថា ថ្នាក់ដឹកនាំកម្ពុជានៅមានឱកាសនៅឡើយនៅក្នុងការចៀសផុតពីផលវិបាកអវិជ្ជមានផ្នែកសេដ្ឋកិច្ចនៃការដកការអនុគ្រោះពន្ធ EBA។
ប៉ុន្តែរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីថ្លែងការណ៍មួយ ដោយចាត់ទុកថា ចំណាត់ការរបស់សហភាពអឺរ៉ុបមាន«ភាពអយុត្តិធម៌បំផុត» ហើយប្រឆាំងនឹងការអនុវត្តផ្លូវច្បាប់នៅកម្ពុជា។
សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា៖
«ប្រសិនបើស្ថាប័នអឺរ៉ុបសម្រេចដាក់គំនាបទណ្ឌកម្មមកលើកម្ពុជាផ្អែកលើជំហរបែបនេះ វានឹងធ្វើឲ្យរាជរដ្ឋាភិបាលកម្ពុជាតាំងចិត្តកាន់តែមុតមាំថែមទៀតក្នុងការការពារ និងរក្សាសកម្មភាពត្រឹមត្រូវ និងស្របច្បាប់របស់ខ្លួន»។
នីតិវិធីនៃការដាក់គំនាបលើពន្ធនេះធ្វើឡើង បន្ទាប់សហភាពអឺរ៉ុបពីទទួលបានការយល់ព្រមពីរដ្ឋសមាជិកសហភាពអឺរ៉ុប ប៉ុន្តែការដកហូតពិតប្រាកដអាចនឹងធ្វើឡើងនៅខែសីហាឆ្នាំ២០២០ ប្រសិនបើមិនមានការធ្វើឲ្យប្រសើរផ្នែកសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ នេះបើតាមការបញ្ជាក់របស់សហភាពអឺរ៉ុប។
សហភាពអឺរ៉ុបទុកពេលដើម្បីតាមដានពិនិត្យមើលយ៉ាងយកចិត្តទុកដាក់ និងជួបពិភាក្សាជាមួយរដ្ឋាភិបាលកម្ពុជា និងសរសេររបាយការណ៍។
គួរបញ្ជាក់ថា សហភាពអឺរ៉ុបគឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់កម្ពុជា ដោយកម្ពុជាបាននាំផលិតផលចូលទៅក្នុងទីផ្សារអឺរ៉ុបមួយឆ្នាំៗគិតជាទឹកប្រាក់ជាង៥,៥ពាន់លានដុល្លារសហរដ្ឋអាមេរិកដោយមិនបង់ពន្ធ។ ការមិនបង់ពន្ធនេះធ្វើឲ្យកម្ពុជាចំណេញប្រាក់ជាង៦០០លានដុល្លារក្នុងមួយឆ្នាំៗ។ ភាគច្រើននៃទំនិញដែលកម្ពុជានាំចូលសហភាពអឺរ៉ុបគឺមានសម្លៀកបំពាក់ ស្បែកជើង ផលិតផលកសិកម្ម និងកង់ជាដើម៕