ក្រុមហ៊ុនម៉ាកល្បីៗដែលបញ្ជាទិញផលិតផលរោងចក្រកាត់ដេរពីប្រទេស កម្ពុជាគាំទ្រប្រាក់ខែអប្បបរិមាថ្មីចំនួន១២៨ដុល្លារនៅ ក្នុងវិស័យឧស្សាហកម្មដ៏ធំនេះហើយចាត់ទុកថា ប្រទេសកម្ពុជាជាគោលដៅដ៏សំខាន់របស់ពួកគេ។
ជំហរនេះបានធ្វើឡើងបន្ទាប់មានការដំឡើងប្រាក់ខែថ្មីដែលចូលជាធរមានចាប់ពីខែមករានេះហើយមានការអំពាវនាវពីអង្គការពលកម្មអន្តរជាតិ (ILO) ឱ្យមានការគាំទ្រពីអ្នកបញ្ជាទិញអន្តរជាតិ។
ក្រុមហ៊ុនធំៗរបស់អាមេរិកាំងបញ្ជាក់ថាការមានប្រាក់ខែគ្រប់គ្រាន់អាចរស់នៅបានសមរម្យគឺជាគោលដៅដែលពួកគេតែងតែជំរុញដល់រដ្ឋាភិបាលនិងរោងចក្រដែលផលិតទំនិញឱ្យពួកគេ។
លោកស្រី ឡូរ៉ា វីលគីនសុន អ្នកនាំពាក្យនៃក្រុមហ៊ុន Gap Inc. បញ្ជាក់ថាក្រុមហ៊ុននេះជាអ្នកគាំទ្រដ៏សកម្មឱ្យមានការបង្កើតការចរចាជាប្រចាំនៅក្នុងប្រទេសកម្ពុជាដើម្បីដោះស្រាយក្តីកង្វល់ខាងផ្នែកថវិការបស់កម្មករឱ្យពួកគេអាចរស់នៅបានសមរម្យ។
លោកស្រីបន្ថែមថា៖
«យើងនៅតែប្តេជ្ញាធ្វើការបញ្ជាទិញពីប្រទេសកម្ពុជា... យើង យកចិត្តទុកដាក់ដល់កម្មករស្រ្តីនិងបុរសដែលផលិតសម្លៀកបំពាក់របស់យើងហើយនៅបន្តប្តេជ្ញាជួយធ្វើឱ្យប្រសើរឡើងដល់ជីវភាពកម្មកររោងចក្រក្នុងប្រទេសដែលយើងបញ្ជាទិញ»។
ប្រាក់ខែថ្មីនេះគឺជាការព្រមព្រៀងគ្នាដែលកំណត់ដោយរដ្ឋាភិបាល ប៉ុន្តែកម្មកររោងចក្រនិយាយថានឹងមិនជួយធ្វើឱ្យជីវភាពរបស់ពួកគេប្រសើរឡើងប៉ុន្មានទេក្នុងពេលដែលតម្លៃទំនិញប្រើប្រាស់និងសេវាកម្មនានាក៏កើនឡើងដែរ។ ប៉ុន្តែក្រុមថៅកែរោងចក្របានសម្តែងការព្រួយបារម្ភថាអាចនឹងបាត់បង់អ្នកបញ្ជាទិញប្រសិនបើដំឡើងខ្លាំងពេក។
ក្រុមហ៊ុនលក់ទំនិញរាយរបស់អាមេរិកាំងដ៏ល្បីឈ្មោះគឺ Walmart ចាត់ទុកថាកម្ពុជាគឺជាកន្លែងដែលខ្លួនបញ្ជាទិញទំនិញដ៏សំខាន់មួយ។
លោកស្រី Marilee McInnis អ្នកនាំពាក្យក្រុមហ៊ុនទទួលបន្ទុកកិច្ចការអន្តរជាតិបានបញ្ជាក់ថា៖
«ក្រុមហ៊ុនយើងបានចូលរួមជាមួយនឹងក្រុមហ៊ុនដទៃទៀតនិងសហជីព បានតស៊ូឱ្យមានការប្រកាន់យកដំណើរការកំណត់ប្រាក់ខែប្រកបដោយតម្លាភាព។ ដូច្នេះយើងគោរពតារាងតម្លៃថ្មីដែលបានបង្កើតឡើងដោយរដ្ឋាភិបាលកម្ពុជានិងនៅតែសង្ឃឹមថាថាគ្រប់ភាគីទាំងអស់នឹងបន្តការពិភាក្សាប្រកបដោយស្ថាបនាដែលគាំទ្រដល់កម្មករកាត់ដេរកម្ពុជា»។
ក្រុមហ៊ុនColumbia ជាក្រុមហ៊ុនដែលបានបញ្ជាទិញទំនិញពីកម្ពុជាជាយូរហើយនិងទើបតែបន្ថែមការបញ្ជាផលិតផលស្បែកជើងរបស់ខ្លួនជាលើកទីមួយនៅដើមឆ្នាំ២០១៥។
លោករ៉ន ផាហែម អ្នកនាំពាក្យក្រុមហ៊ុនបានបញ្ជាក់ថា៖
«ការចរចាតម្លៃបញ្ជាទិញរបស់យើងនៅរដូវស្លឹកឈើជ្រុះឆ្នាំ២០១៥នេះជាមួយនឹងអ្នកផ្គត់ផ្គង់កម្ពុជារបស់យើងបានបញ្ចូលតម្លៃដែលបានស្នើឡើងនោះអស់ហើយ ដូច្នេះយើងនឹងមិនមានធ្វើការកែប្រែអ្វីទៀតទេនៅពេលដែលការអនុវត្តនេះចូលជាធរមាន»។
អង្គការពលកម្មអន្តរជាតិក៏បានធ្វើការប៉ាន់ប្រមាណឱ្យដឹងដែរថាប្រាក់ខែមធ្យមរបស់កម្មករដោយរួមបញ្ចូលប្រាក់ធ្វើការលើសម៉ោងនិងប្រាក់រង្វាន់នឹងឡើងដល់ចន្លោះពី១៨៣ដុល្លារដល់២១៧ដុល្លារ។
អង្គការពលកម្មអន្តរជាតិប៉ាន់ស្មានថាក្រុមហ៊ុនម៉ាកល្បីៗនឹងត្រូវបង្កើនតម្លៃដែលពួកគេត្រូវបង់ឱ្យរោងចក្រចន្លោះពី២,៤ ភាគរយដល់៣ភាគរយ ដើម្បីបំពេញបន្ថែមលើការដំឡើងប្រាក់ខែនេះ។ នេះមានន័យថាក្នុងអាវយឺតមួយគេត្រូវបង់បន្ថែមឱ្យរោងចក្រកាត់ដេរចំនួនពីរសេនថែមទៀតទៅលើតម្លៃអាវយឺតមួយដែលយកតម្លៃផលិត៨០សេនក្នុងពេលបច្ចុប្បន្ននេះ។
ILO ឱ្យដឹងថាការដំឡើងនេះនឹងត្រូវការប្រាក់ចំណូលបន្ថែមទៀតចំនួន១៦០លានដុល្លារសម្រាប់ឧស្សាហកម្មនាំចេញដែលមានតម្លៃ៦ពាន់លានដុល្លារនេះ។
លោក ម៉ូរីហ្ស៊ីយូ ប៊ូសស៊ី នាយកប្រចាំប្រទេសកម្ពុជា ថៃ និងឡាវបានបញ្ជាក់ថា៖
«ជាការសំខាន់ដែលគ្រប់ភាគីទាំងអស់ធ្វើការជាមួយគ្នាដើម្បីធានាថាឧស្សាហកម្មកាត់ដេរកម្ពុជានៅតែរស់រវើកខាងផ្នែកសេដ្ឋកិច្ច។ យើងអំពាវនាវដល់ក្រុមហ៊ុនដែលមានម៉ាកល្បីៗចូលរួមចំណែកផងដែរ»។
ក្រុមហ៊ុនអាឌីដាស បានបញ្ជាក់ថាប្រទេសកម្ពុជាគឺជាប្រទេសដ៏សំខាន់ដែលក្រុមហ៊ុននេះបញ្ជាទិញទំនិញ។
លោកស្រីស៊ីលវៀ រាក់ខាន់នី អ្នកនាំពាក្យក្រុមហ៊ុន អាឌីដាសបានបញ្ជាក់តាមសារអេឡិកត្រូនិកថានៅពេលណាដែលមានការកំណត់ប្រាក់ខែខ្ពស់ជាងមុនថ្មីគឺក្រុមហ៊ុនអាឌីដាសតម្រូវឱ្យអ្នកផ្គត់ផ្គង់ទំនិញធ្វើតាមការកំណត់ថ្មីនោះដោយគោរពតាមកម្រិតប្រាក់ឧបត្ថម្ភនិងផលប្រយោជន៍នានាដែលច្បាប់តម្រូវ។
លោកស្រីបន្ថែមទៀតថា៖
«យើងនឹងធ្វើតាមការដំឡើងប្រាក់ដែលបានកំណត់ក្នុងពេលថ្មីៗនេះទៅតាមសកម្មភាពបញ្ជាទិញធម្មតារបស់យើងដើម្បីគាំទ្ររោងចក្រផលិតទំនិញឱ្យយើងបំពេញតាមតម្រូវការប្រាក់ខែថ្មីនេះ»។
ក្រុមហ៊ុនអាឌីដាសក៏ឱ្យដឹងដែរថាប្រាក់ខែមធ្យមរបស់កម្មករនៅ ក្នុងរោងចក្រដែលផ្គត់ផ្គង់ផលិតផលរបស់ខ្លួនមានចំនួនខ្ពស់ជាងនេះស្រាប់ហើយ។
លោកស្រី អែមប៊ឺ រេនសឹនអ្នកនាំពាក្យក្រុមហ៊ុនLevi Strauss បានបញ្ជាក់នៅក្នុងសារអេឡិកត្រូនិកដោយស្វាគមន៍ចំពោះតារាងប្រាក់ខែថ្មី។ លោកស្រីបន្ថែមថាចង់ឱ្យមានការខិតខំបន្តឱ្យមានប្រាក់ខែសមរម្យនិងការចរចាទៅមុខទៀតសម្រាប់កម្មកររោងចក្រ៖
«ក្នុងខណៈពេលដែលយើងស្វាគមន៍ការបង្កើតឡើងនូវប្រាក់អប្បបរមាថ្មីក្នុងឆ្នាំ២០១៥ ក្រុមហ៊ុន Levi Strauss នឹងបន្តលើកទឹកចិត្តរដ្ឋាភិបាលកម្ពុជាឱ្យបង្កើតនូវដំណើរការដែលមានគ្រប់ភាគីចូលរួមនិងមានតម្លាភាពសម្រាប់ការរៀបចំប្រាក់បៀវត្សរ៍អប្បបរិមាជាប្រចាំ»។
កាលពីខែកញ្ញាឆ្នាំមុន ក្រុមហ៊ុនដែលមានម៉ាកល្បីៗបានផ្ញើលិខិតរួមគ្នាមួយទៅរដ្ឋាភិបាលកម្ពុជានិងសមាគមរោងចក្រកាត់ដេរកម្ពុជា GMACដើម្បីសម្តែងជំហរនិងចេតនារួមគាំទ្រការចរចាប្រាក់បៀវត្សរ៍នេះ។
នៅពេលនេះក្រុមហ៊ុន H&Mក៏បានទទូចឱ្យរដ្ឋាភិបាលកម្ពុជានិង GMAC បង្កើតនូវដំណើរការតាមដានការអនុវត្តប្រាក់ខែថ្មី នេះនិងឃ្លាំមើល«រោងចក្រកាត់ដេរណាដែលមិនគោរពតាមកម្រិតស្តង់ដាប្រាក់ខែអប្បបរមាថ្មីនេះ»។
លោកស្រី Lena Enocson Almroth អ្នកនាំពាក្យក្រុមហ៊ុនបានបញ្ជាក់បន្ថែមថា«ធ្វើដូចនេះនឹងធានាឱ្យមានកន្លែងប្រកួតប្រជែងស្មើភាពគ្នានិងបង្កើតនូវផលប្រយោជន៍ដែលប្រកួតប្រជែងសម្រាប់រោងចក្រដែលគោរពតាមស្តង់ដាប្រាក់ខែអប្បបរិមាថ្មី»។
លោកស្រីបានបន្ថែមថា៖
«យើងបានធ្វើការយ៉ាងសកម្មជាច្រើនឆ្នាំមកហើយដើម្បីជួយពង្រឹងស្ថានភាពកម្មកររោងចក្រកាត់ដេរហើយយើងស្វាគមន៍ការដំឡើងប្រាក់ខែនេះ។ ការបន្តវត្តមានរបស់អ្នកបញ្ជាទិញធំៗក្នុងរយៈពេលយូរនិងប្រកបដោយការទទួលខុសត្រូវមានសារៈសំខាន់ណាស់សម្រាប់ការអភិវឌ្ឍន៍ពេលអនាគតនៃប្រទេសទាំងនេះ ហើយយើងសង្ឃឹមថានឹងអាចចូលរួមបង្កើនការទទួលខុសត្រូវក្នុងទីផ្សារទាំងនេះ»។
ក្រុមសហជីពចង់បានប្រាក់ខែចំនួន១៧៧ដុល្លារដែលពួកគេយល់ថាជាចំនួនដែលអាចរស់នៅបានសមរម្យ។
ជារឿយៗការតវ៉ារបស់កម្មករតែងតែរងការបង្រ្កាបពីអាជ្ញាធរមានសមត្ថកិច្ចហើយការតវ៉ាមួយកាលពីដើមឆ្នាំ២០១៤បានដល់អំពើហិង្សានិងត្រូវកងកម្លាំងមានសមត្ថកិច្ចបាញ់សម្លាប់កម្មករយ៉ាងហោចណាស់បួននាក់និងបាញ់ឱ្យរបួសជាច្រើនណាស់ទៀត។ រហូតមកដល់ពេលនេះជនរងគ្រោះនិងក្រុមគ្រួសារអ្នកដែលបានបាត់បង់ជីវិតនៅមិនទាន់ទទួលបានយុត្តិធម៌នៅឡើយទេ។
ដោយឡែកក្រុមហ៊ុនបញ្ជាទិញនៅបរទេសរំពឹងថាដំណើរការចរចាប្រាក់ខែប្រចាំឆ្នាំសម្រាប់កម្មករនឹងធ្វើឡើងដោយត្រឹមត្រូវនិងយកតាមមតិអ្នកជំនាញដូចជាអង្គការពលកម្មអន្តរជាតិជាដើម។
ចាប់តាំងពីឆ្នាំ២០០០មកឧស្សាហកម្មរោងចក្រកាត់ដេរមានការរីកចម្រើនជាលំដាប់។ អង្គការពលកម្មអន្តរជាតិរំពឹងថានៅឆ្នាំ២០១៥នេះនឹងមានការកើនឡើងចំនួន៤ភាគរយទៀត។
សមាគមរោងចក្រកាត់ដេរក៏បានឱ្យដឹងដែរថាចំនួនកូដកម្មនិងការខាតបង់ពេលម៉ោងធ្វើការងារបានធ្លាក់ចុះជាច្រើននៅក្នុងឆ្នាំ២០១៤។ តួលេខនៃសមាគមនេះឱ្យដឹងថាកាលពីឆ្នាំមុនមានកូដកម្មតែ១០៨លើកប៉ុណ្ណោះបើប្រៀបធៀបនឹងចំនួន១៤៧លើកក្នុងឆ្នាំ២០១៣។ រីឯចំនួនខាតបង់ម៉ោងធ្វើការបានធ្លាក់ចុះប្រហែលជិតពាក់កណ្តាល៕