មេដឹកនាំដែលចាញ់ឆ្នោតរបស់ហ្គំប៊ី លោក Yahya Jammeh បាននិរទេសខ្លួនឯងកាលពីយប់ថ្ងៃសៅរ៍។ ការនិរទេសខ្លួននេះបញ្ចប់ការកាន់អំណាចដោយប្រើកងកម្លាំងយោធាអស់រយៈពេល២២ឆ្នាំ និងបញ្ចប់ភាពជាប់គាំងនយោបាយ ដែលធ្វើឲ្យបណ្តាប្រទេសអាហ្វ្រិកខាងលិចត្រៀមប្រើយោធាដើម្បីធ្វើអន្តរាគមន៍នៅក្នុងតំបន់នេះ។
លោក Jammeh មិនបានថ្លែងសុន្ទរកថាអ្វីទាំងអស់ ខណៈដែលលោកនិងក្រុមគ្រួសារបានធ្វើដំណើរចាកចេញពីអាកាសយានដ្ឋានក្នុងរដ្ឋធានីបង់ហ្សុល តាមរយៈយន្តហោះមួយគ្រឿង។ រយៈពេលប៉ុន្មានម៉ោងក្រោយមក យន្តហោះនោះបានចុះចតនៅប្រទេសហ្គីណេអេក្វាទ័រ។ លោក Jammeh ត្រូវបានអមដំណើរដោយប្រធានាធិបតីហ្គីណេ លោក Alpha Conde ដែលបានស្វះស្វែងចរចាក្នុងរយៈពេលប៉ុន្មានថ្ងៃនេះដើម្បីរកដំណោះស្រាយនយោបាយ។
ដំណើរចាកចេញរបស់លោក Jammeh ដែលបានដណ្តើមអំណាចតាមរយៈការធ្វើរដ្ឋប្រហារកាលពីឆ្នាំ១៩៩៤ បានបញ្ចប់ភាពតានតឹងដែលមានរយៈពេលរាប់សប្តាហ៍។ ភាពតានតឹងនោះបានចាប់ផ្តើមនៅពេលដែលលោកបានបដិសេធមិនព្រមចាកចេញពីតំណែង ក្រោយពីលោកបរាជ័យនៅក្នុងការបោះឆ្នោតជាតិកាលពីថ្ងៃទី១ខែធ្នូកន្លងទៅនេះ។
ដំណើរចាកចេញនោះក៏បានបញ្ចៀសការគំរាមកំហែងប្រើចំណាត់ការយោធាដែលមានកងកម្លាំងចំនួន៧០០០ពីប្រទេសសេណេហ្គាល់ និងនីហ្សេរីយ៉ា ដែលបានមកដល់ប្រទេសហ្គំប៊ីកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីប្រឈមជាមួយនឹងយោធាដែលស្មោះស្ម័គ្រនឹងលោក Jammeh៕