ការសម្រេចចិត្តរបស់លោក Jammeh ត្រូវបានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីហ្គីណេ លោក Alpha Conde និងប្រធានាធិបតីម៉ូរីតានី លោក Mohamed Ould Abdel Aziz បានទៅដល់រដ្ឋធានីបង់ហ្សុល កាលពីព្រឹកថ្ងៃសុក្រ ដើម្បីបញ្ចុះបញ្ចូលលោក Jammehឲ្យផ្ទេរអំណាចនិងចាកចេញពីប្រទេស បើមិនដូច្នោះទេលោកនឹងត្រូវប្រឈមនឹងចំណាត់ការផ្លូវយោធា។
លោក Adama Barrow បានស្បថចូលកាន់តំណែងកាលពីថ្ងៃព្រហស្បតិ៍នៅក្នុងស្ថានទូតហ្គំប៊ី ក្នុងប្រទេសសេណេហ្កាល់ បន្ទាប់ពីលោកមិនអាចស្បថចូលកាន់តំណែងនៅក្នុងរដ្ឋធានីនៃប្រទេសហ្គំប៊ីបាន។
មានសេចក្តីរាយការណ៍ថា កម្រាលព្រំក្រហមត្រូវបានក្រាលនៅអាកាសយានដ្ឋានក្នុងរដ្ឋធានីបង់ហ្សុល ដែលរៀបចំសម្រាប់ដំណើរចាកចេញរបស់លោក Jammeh។
កាលពីថ្ងៃសុក្រ លោកឧត្ដមសេនីយ៍ឯក Ousmane Badjie នៃប្រទេសហ្គំប៊ី បានប្តេជ្ញាស្មោះស្ម័គ្រចំពោះប្រធានាធិបតីថ្មីរបស់ខ្លួន។
មេដឹកនាំនៃបណ្តាប្រទេសអាហ្វ្រិកខាងលិចបានទុកពេលវេលាឲ្យលោក Jammeh ដល់ពាក់កណ្តាលអាធ្រាត្រម៉ោងក្នុងស្រុកដើម្បីផ្ទេរអំណាច។ នេះបើយោងតាមសហគមន៍សេដ្ឋកិច្ចនៃប្រទេសនៅអាហ្វ្រិកខាងលិចដែលមានសមាជិក១៥ប្រទេស ដែលហៅកាត់ថា ECOWAS។
បន្ទាប់ពីកាលបរិច្ឆេទត្រូវបានកំណត់រួចហើយ លោក Jammeh បានស្នើសុំ៤ម៉ោងបន្ថែមទៀតដើម្បីផ្ទេរអំណាច។
លោក Marcel Alain de Souza ប្រធាន ECOWAS បាននិយាយថាប្រធានាធិបតីហ្គីណេ លោក Conde អាចផ្តល់ឱកាសដល់លោក Jammeh ដើម្បីផ្ទេរអំណាចដោយសន្តិវិធី។ លោកបាននិយាយថា៖ «ប្រសិនបើដំណើរការនេះបរាជ័យ យើងនឹងទម្លាក់លោកពីតំណែងដោយប្រើប្រាស់កម្លាំងឬដោយឆន្ទៈ»៕