រដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេស G-7 នឹងជួបពិភាក្សាគ្នានៅថ្ងៃអង្គារនេះ នៅក្នុងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស អំពីបញ្ហានានានៅលើពិភពលោកដូចជា ទំនាក់ទំនងជាមួយប្រទេសចិន និងរុស្ស៊ី រដ្ឋប្រហារនៅក្នុងប្រទេសមីយ៉ាន់ម៉ា ជម្លោះនៅក្នុងប្រទេសស៊ីរី និងស្ថានភាពនៅក្នុងប្រទេសអាហ្វហ្គានីស្ថានជាដើម។
ក្រសួងការបរទេសចក្រភពអង់គ្លេសបានបញ្ជាក់ថា នៅក្នុងសម័យប្រជុំនៅថ្ងៃអង្គារនេះ រដ្ឋមន្ត្រីការបរទេសចក្រភពអង់គ្លេសលោក Dominic Raab «នឹងដឹកនាំការពិភាក្សាអំពីបញ្ហាភូមិសាស្ត្រនយោបាយបន្ទាន់ដែលគំរាមប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យ សេរីភាព និងសិទ្ធិមនុស្ស»។
លោក Raab បាននិយាយថា ការពិភាក្សាគ្នានេះគឺជា «ឱកាសដើម្បីប្រមូលផ្ដុំរួមគ្នានូវសង្គមប្រជាធិបតេយ្យបើកចំហនានា និងដើម្បីបង្ហាញនូវសាមគ្គីភាពនៅចំពេលដ៏សំខាន់ ដើម្បីដោះស្រាយបញ្ហាប្រឈមរួមនិងការគំរាមកំហែងកើនឡើង»។
លោក Raab ត្រូវគេរំពឹងថានឹងជំរុញសមាជិកនានានៃក្រុមប្រទេស G-7 ឲ្យដាក់ទណ្ឌកម្មលើបុគ្គលនិងអង្គភាពណា ដែលជាប់ពាក់ព័ន្ធនឹងរបបយោធាមីយ៉ាន់ម៉ា គាំទ្រការដាក់ទណ្ឌកម្មអាវុធ និងបង្កើនជំនួយមនុស្សធម៌ដល់ប្រជាពលរដ្ឋមីយ៉ាន់ម៉ា។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានជួបជាមួយលោក Raab កាលពីថ្ងៃចន្ទម្សិលមិញ និងបាននិយាយទាក់ទិននឹងប្រទេសចិនថា គោលដៅគឺមិនមែន «ព្យាយាមរាំងខ្ទប់ប្រទេសចិននោះទេ»។
លោក Blinken បានប្រាប់ក្រុមអ្នកកាសែតថា៖ «អ្វីដែលយើងកំពុងព្យាយាមធ្វើគឺប្រកាន់ខ្ជាប់តាមរបៀបរៀបរយដែលផ្អែកលើច្បាប់អន្តរជាតិ ដែលប្រទេសរបស់យើងបានប្រឹងប្រែងធ្វើយ៉ាងខ្លាំងអស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ ដើម្បីប្រយោជន៍ដល់ពលរដ្ឋរបស់យើង និងប្រជាពលរដ្ឋនៅជុំវិញពិភពលោក រួមទាំងប្រទេសចិនផងដែរ»៕