ក្រុម​ប្រទេស G20 សន្យា​ឲ្យ​ពិភពលោក​ទទួល​បាន​វ៉ាក់សាំង​កូវីដ១៩ ដោយ​ស្មើ​ភាព

ព្រះមហាក្សត្រ Salman នៃ​ប្រទេស​អារ៉ាប៊ីសាអូឌីត ថ្លែង​សុន្ទរកថា​​បើក​កិច្ច​ប្រជុំ​វេទិកា​កិច្ច​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​អន្តរជាតិ G20 ប្រចាំ​ឆ្នាំ​លើក​ទី១៥ កាល​ពី​ថ្ងៃ​សៅរ៍។

ព្រះមហាក្សត្រ Salman នៃ​ប្រទេស​អារ៉ាប៊ីសាអូឌីត បាន​បើក​កិច្ច​ប្រជុំ​វេទិកា​កិច្ច​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​អន្តរជាតិ G20 កាល​ពី​ថ្ងៃ​សៅរ៍ ដោយ​អំពាវនាវ​ឲ្យ​បណ្ដា​ប្រទេស​ជា​សមាជិក​ធានា​ចំពោះ​សហគមន៍​អន្តរជាតិ​ថា​នឹង​ទទួល​បាន​វ៉ាក់សាំង​ជំងឺ​កូវីដ១៩ ដោយ​ស្មើ​ភាព និង​មាន​តម្លៃ​សមរម្យ។

បណ្ដា​មេដឹកនាំ​នៃ​ក្រុម​ប្រទេស G20 បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ព្រាង​នៃ​សេចក្ដី​ថ្លែងការណ៍​ផ្លូវការ​របស់​កិច្ច​ប្រជុំ G20 ដែល​ទីភ្នាក់ងារ​ព័ត៌មាន Reuters ទទួល​បាន ថា៖ «យើង​នឹង​ប្រើ​គ្រប់​មធ្យោបាយ​ទាំង​អស់​ដែល​អាច​ទៅ​រួច​ដើម្បី​ធានា​ថា មនុស្ស​គ្រប់​រូប​ទទួល​បាន​វ៉ាក់សាំង​កូវីដ១៩ ដោយ​ស្មើភាព និង​មាន​តម្លៃ​សមរម្យ ស្រប​តាម​ការ​ប្ដេជ្ញា​របស់​សមាជិក​នៃ​ក្រុម​ប្រទេស G20 នៅ​ក្នុង​ការ​លើក​ទឹកចិត្ត​ឲ្យ​មាន​ការ​ច្នៃ​ប្រឌិត​ថ្មី។ យើង​ទទួល​ស្គាល់​ថា ការ​ចាក់​វ៉ាក់សាំង​ដ៏​ទូលំទូលាយ​គឺ​ជា​ឆន្ទៈ​ល្អ​សម្រាប់​សាធារណជន​ទូទៅ​នៅ​លើ​ពិភពលោក»។

វិបត្តិ​ជំងឺ​កូវីដ១៩ និង​វិបត្តិ​សេដ្ឋកិច្ច​បាន​គ្រប​ដណ្ដប់​ប្រធានបទ​ថ្ងៃ​ដំបូង​នៃ​កិច្ច​ប្រជុំ​តាម​អនឡាញ​រយៈពេល ២ ថ្ងៃ របស់​ក្រុម​ប្រទេស G20 ដែល​មាន​ប្រទេស​ចំនួន ១៩ និង​សហភាព​អឺរ៉ុប​ជា​សមាជិក។ កិច្ច​ប្រជុំ​នេះ​នឹង​បញ្ចប់​នៅ​ថ្ងៃ​អាទិត្យ​នេះ​ក្រោម​អធិបតីភាព​របស់​ប្រទេស​អារ៉ាប៊ីសាអូឌីត។

ព្រះ​មហាក្សត្រ Salman បាន​មាន​ព្រះ​រាជ​បន្ទូល​នៅ​ពេល​បើក​កិច្ច​ប្រជុំ​នេះ​ថា៖ «យើង​មាន​ករណីយកិច្ច​ទាំង​អស់​គ្នា​នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ​ដើម្បី​ទប់ទល់​នឹង​ការ​ប្រឈម និង​ផ្ញើ​សារ​ដ៏​ខ្លាំងក្លា​នៃ​ក្ដី​សង្ឃឹម និង​ការ​ជឿ​ទុកចិត្ត»។

ព្រះ​រាជ​បន្ទូល​របស់​ព្រះ​មហាក្សត្រ Salman ត្រូវ​បាន​ធ្វើ​ឡើង ស្រប​ពេល​ដែល​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ នៅ​លើ​ពិភពលោក បាន​កើន​ដល់​ជាង ៥៨ លាន​នាក់ និង​ករណី​ស្លាប់​ដោយសារ​ជំងឺ​នេះ​កើន​ជិត ១ លាន ៤ សែន​នាក់។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​សាកល​វិទ្យាល័យ Johns Hopkins នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ។

បណ្ដា​មេដឹកនាំ​នៃ​ក្រុម​ប្រទេស G20 ព្រួយ​បារម្ភ​ថា ជំងឺ​កូវីដ១៩ នឹង​ធ្វើ​ឲ្យ​គម្លាត​រវាង​អ្នក​មាន​និង​អ្នក​ក្រ​កាន់តែ​ធំ​ជាង​មុន។ ដើម្បី​ទប់ទល់​នឹង​បញ្ហា​នេះ សហភាព​អឺរ៉ុប​បាន​ជំរុញ​ឲ្យ​មាន​ការ​រួម​ចំណែក​ជា​ថវិកា​សរុប​ចំនួន ៤ ពាន់ ៥ រយ​លាន​ដុល្លារ ចំពោះ​គម្រោង Access to COVID-19 Tools Accelerator ដែល​ជា​គម្រោង​សាកល​មួយ​សម្រាប់​បង្កើន​ល្បឿន​ផលិត​និង​ចែកចាយ​វ៉ាក់សាំង ការ​ធ្វើ​តេស្ត និង​ការ​ព្យាបាល [ជំងឺ​កូវីដ១៩]។ នេះ​បើ​យោង​តាម​អង្គការ​សុខភាព​ពិភពលោក៕