ខុសពីគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដែលបានបើកយុទ្ធនាការឃោសនាបោះឆ្នោតទ្រង់ទ្រាយធំក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃសៅរ៍នេះ មន្ត្រីគណបក្សអះអាងថា គណបក្សហ៊្វុនស៊ិនប៉ិចដែលធ្លាប់ជាគណបក្សកាន់អំណាចនោះ បានសម្រេចបើកយុទ្ធនាការទ្រង់ទ្រាយធំរបស់ខ្លួននៅក្នុងខេត្តកំពង់ចាមជំនួសវិញ។
គណបក្សរាជានិយមហ៊្វុនស៊ិនប៉ិចពុំមានគម្រោងធ្វើយុទ្ធនាការឃោសនាបោះឆ្នោតទ្រង់ទ្រាយធំនៅក្នុងរាជធានីភ្នំពេញនោះទេ សម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ក្នុងឆ្នាំ២០១៧នេះ។ គណបក្សគ្រោងចំណាយពេលវេលានិងថវិកាទៅធ្វើការឃោសនានៅតាមបណ្ដាខេត្ត ជាទីដែលគណបក្សជឿថា មានអ្នកស្រឡាញ់រាជានិយមច្រើន។ នេះបើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ុនប៉ិច។
លោក ញ៉េប ប៊ុនជិន អនុប្រធាន និងជាអ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិចបានប្រាប់ VOA ថា គណបក្សលោកបានបើកយុទ្ធនាការឃោសនាបោះឆ្នោតនៅក្នុងខេត្តកំពង់ចាម ក្រោមព្រះរាជវត្តមានរបស់សម្ដេចក្រុមព្រះ ប្រធានគណបក្ស ដោយមានអ្នកចូលរួមប្រមាណ៧០០នាក់។ លោកបន្តថា នៅអំឡុងពេលយុទ្ធនាការដែលមានរយៈពេល១៤ថ្ងៃនេះ គណបក្សរាជានិយមនេះនឹងផ្ដោតការឃោសនារបស់ខ្លួននៅតាមបណ្ដាខេត្ត និងទីជនបទ។ ចំណែកនៅក្នុងរាជធានីភ្នំពេញ គណបក្សនឹងទុកលទ្ធភាពឱ្យមន្ត្រីនៅតាមសង្កាត់រៀបចំដោយខ្លួនឯង។
«យើងអត់មានគម្រោងហែក្បួនអីទេ ជាគោលការណ៍គណបក្សតែម្ដង។ ប៉ុន្តែយើងបើកភាពទូលំទូលាយជូនដល់ក្រុមប្រឹក្សាសង្កាត់ដែលនៅភ្នំពេញហ្នឹង។ បើលោកចង់ហែ យើងសុំឱ្យគាត់អនុវត្តតាមគោលការណ៍របស់គ.ជ.ប. ហើយនិងអាជ្ញាធរទៅ ហើយយើងជួយឧបត្ថម្ភគាត់ទៅតាមអ្វីដែលគាត់ចង់ហែ»។
យុទ្ធនាការឃោសនារកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងឆ្នាំ២០១៧នេះបានចាប់ផ្ដើមកាលពីថ្ងៃសៅរ៍។ គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិបានរៀបចំបើកយុទ្ធនាការនេះនៅក្នុងរាជធានីភ្នំពេញ ដោយមានអ្នកចូលរួមជាច្រើនពាន់នាក់។ ច្បាប់បោះឆ្នោតថ្មីបានកំណត់ឱ្យគណបក្សនយោបាយមួយអាចហែក្បួនឃោសនាតែពីរដងប៉ុណ្ណោះក្នុងរយៈពេលយុទ្ធនាការឃោសនាបោះឆ្នោត១៤ថ្ងៃ គឺនៅថ្ងៃបើកយុទ្ធនាការឃោសនា និងនៅថ្ងៃបិទយុទ្ធនាការឃោសនាបោះឆ្នោត។ សម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១៧នេះ យុទ្ធនាការឃោសនារកសំឡេងឆ្នោតនឹងត្រូវបញ្ចប់នៅថ្ងៃទី២ ខែមិថុនា មុនការបោះឆ្នោតធ្វើឡើងនៅថ្ងៃទី៤ ខែមិថុនា ខាងមុខ។
លោក ញ៉េប ប៊ុនជិនឱ្យដឹងទៀតថា មូលហេតុដែលគណបក្សពុំមានរៀបចំការឃោសនាទ្រង់ទ្រាយធំនៅក្នុងរាជធានីភ្នំពេញ គឺដោយសារតែគណបក្សពុំមានបេក្ខជនគ្រប់គ្រាន់សម្រាប់ប្រកួតប្រជែងនៅគ្រប់ឃុំ-សង្កាត់ និងមិនមានថវិកាគ្រប់គ្រាន់។ លោកថ្លែងថា គណបក្សចង់ប្រើប្រាស់ថវិកានិងពេលវេលាសម្រាប់ការឃោសនានៅតាមបណ្ដាខេត្តដែលគណបក្សសង្ឃឹមថា មានអ្នកគាំទ្រច្រើន។
«ខេត្តមួយចំនួន ដូចជាព្រៃវែង កំពង់ចាម ត្បូងឃ្មុំ បាត់ដំបង បន្ទាយមានជ័យ សៀមរាបអីនេះ សុទ្ធតែជាអ្នករាជានិយមទាំងអស់។ បើប្រៀបធៀបទៅនឹងរាជធានីភ្នំពេញ មិនចាញ់រាជធានីភ្នំពេញទេ មានតែលើ ពីព្រោះរាជធានីភ្នំពេញ គាត់មានការយល់ដឹងច្រើន គាត់ទៅតាមនេះ គាត់ទៅតាមនោះ តាមមនោសញ្ចេតនារបស់គាត់។ ប៉ុន្តែនៅតាមជនបទ ប្រជាពលរដ្ឋដែលធ្លាប់រស់នៅក្នុងសុខដុមរមនាក្នុងរជ្ជកាលរាជាណាចក្រ ក្នុងជំនាន់ព្រះកូណាមក ឥឡូវហ្នឹងក៏ពួកគេនៅតែថា គណបក្សហ៊្វុនស៊ិនប៉ិចដែលដឹកនាំដោយសម្ដេចក្រុមព្រះហ្នឹងគឺអាចនឹងរកមធ្យោបាយជូនប្រជាពលរដ្ឋ ឱ្យរស់មានបានដូចក្នុងសម័យសង្គមរាស្ត្រនិយមអីចឹង»។
លោក មាស នី អ្នកស្រាវជ្រាវ និងជាអ្នកវិភាគនយោបាយនៅកម្ពុជា មានប្រសាសន៍ថា ការណ៍ដែលគណបក្សហ៊្វុនស៊ិនប៉ិចមិនឃោសនានៅក្នុងរាជធានីភ្នំពេញអាចមកពីគណបក្សដឹងថា ខ្លួនបាត់បង់ការគាំទ្រពីប្រជាពលរដ្ឋនៅក្នុងទីក្រុង។ លោកបន្តថា ដោយសារតែមានការបែកបាក់នៅក្នុងចំណោមថ្នាក់ដឹកនាំរបស់ខ្លួននោះ គណបក្សហ៊្វុនស៊ិនប៉ិចក៏អាចនឹងពិបាកក្នុងការរកការគាំទ្រពីប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តផងដែរ។
«ហើយទី២ទៀត ការគ្រាន់តែយកគោលនយោបាយទៅនិយាយ ហើយប្រៀបធៀបឱ្យមើលទៅរករាជានិយមនោះ ខ្ញុំគិតថា មិនខុសអីពីគណបក្សប្រជាជនកម្ពុជាដែលឱ្យមនុស្សមើលទៅ៧មករា ដែលមនុស្សភាគច្រើនកើតមិនទាន់៧មករាផងក៏មាន ហើយក៏មិនដឹងថា ៧មករាហ្នឹងជាស្អីដែរ។ ដល់អីចឹង ប្រជាប្រិយហ្នឹងគឺពិបាកទាញយកមកវិញ»។
ក្នុងការបោះឆ្នោតឆ្នាំ១៩៩៣ គណបក្សហ៊្វុនស៊ិនប៉ិចបានឈ្នះឆ្នោតនិងបានដឹកនាំរដ្ឋាភិបាលរួមគ្នាជាមួយនឹងគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីគណបក្សប្រជាជនកម្ពុជាពុំព្រមទទួលយកលទ្ធផលបោះឆ្នោតដែលរៀបចំដោយអង្គការសហប្រជាជាតិ។ ការបោះឆ្នោតអាណត្តិទី២ក្នុងឆ្នាំ១៩៩៨ គណបក្សហ៊្វុនស៊ិនប៉ិចបានចាញ់ឆ្នោតគណបក្សប្រជាជនកម្ពុជា និងបន្តបាត់បង់សំឡេងគាំទ្ររហូតពុំទទួលបានអាសនៈទាល់តែសោះនៅក្នុងរដ្ឋសភា សម្រាប់ការបោះឆ្នោតជាតិកាលពីឆ្នាំ២០១៣៕