អ្នកចាត់ចែងរោងចក្រនុយក្លេអ៊ែរ Fukushima Daiichi ដែលបានខូចខាតដោយរលកយក្សស៊ូណាមិ និយាយថាខ្លួនបានចាប់ផ្តើមបង្ហូរទឹកវិទ្យុសកម្មដំបូងមួយចំនួនចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។
នៅក្នុងការផ្សាយវីដេអូបន្តផ្ទាល់មួយពីបន្ទប់គ្រប់គ្រងនៅរោងចក្រនៅថ្ងៃព្រហស្បតិ៍នេះ ក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូបានបង្ហាញបុគ្គលិកម្នាក់បើកម៉ាស៊ីនបូមទឹកសមុទ្រ ដែលកត់សម្គាល់ការចាប់ផ្តើមគម្រោងដែលមានរឿងចម្រូងចម្រាស ដែលគេរំពឹងថានឹងមានរយៈពេលរាប់សិបឆ្នាំ។
ក្រុមអ្នកនេសាទជប៉ុនបានប្រឆាំងជំទាស់នឹងផែនការនេះ ពីព្រោះពួកគេបារម្ភខ្លាចខូច
កេរ្តិ៍ឈ្មោះគ្រឿងសមុទ្ររបស់ពួកគេ។ ក្រុមអ្នកនេសាទនៅប្រទេសចិន និង កូរ៉េខាងត្បូង ក៏បានលើកឡើងអំពីការព្រួយបារម្ភរបស់ពួកគេដែរ ដែលនាំឱ្យរឿងនេះក្លាយទៅជារឿងនយោបាយនិងការទូត។
ប៉ុន្តែរដ្ឋាភិបាលជប៉ុន និង ក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូ និយាយថា ទឹកនោះចាំបាច់ត្រូវតែបង្ហូរចេញ ដើម្បីបិទរោងចក្រនេះ និងដើម្បីជៀសវាងកុំឱ្យមានការលេចធ្លាយដោយអចេតនានៅថ្ងៃក្រោយ។ ពួកគេនិយាយថាការបន្សាបធាតុវិទ្យុសកម្ម នឹងធ្វើឱ្យទឹកដែលលែងប្រើការនោះ មានសុវត្តិភាពខ្ពស់ជាងស្តង់ដារអន្តរជាតិ ហើយថាផលប៉ះពាល់លើបរិស្ថានមានតិចតួចតែប៉ុណ្ណោះ។
ប៉ុន្តែអ្នកវិទ្យាសាស្ត្រខ្លះ និយាយថាផលប៉ពាល់រយៈពេលយូរនៃវិទ្យុសកម្មដែលមានកម្រិតទាប ដែលមាននៅក្នុងទឹកត្រូវមានការដោះស្រាយ។
ទឹកដែលបង្ហូរចេញនេះ បានចាប់ផ្តើមជាង១២ឆ្នាំក្រោយការខូចខាតរោងចក្រនុយក្លេអ៊ែរ ដែលកើតឡើងដោយសារការរញ្ជួយដីនិងរលកយក្សស៊ូណាមិយ៉ាងធំមួយ។ ការបង្ហូរទឹកនេះជាព្រឹត្តិការណ៍យ៉ាងសំខាន់មួយសម្រាប់ការប្រឹងប្រែងរបស់រោងចក្រ ក្នុងការស្តុកទុកទឹកដែលមានធាតុវិទ្យុសកម្មកាន់តែច្រើនឡើង ដែលក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូ និងរដ្ឋាភិបាលនិយាយថា បានរារាំងដល់កិច្ចការដ៏លំបាក ក្នុងការសម្អាតសម្រាមមានធាតុពុលដែលរលាយពីម៉ាស៊ីន reactors។