ក្រុម​សហជីព​គ្រោង​ជួបជុំ​គ្នា​នៅ​មុខ​រូប​សំណាក​​របស់​​លោក​ ​ជា វិជ្ជា ​​​ក្នុង​ថ្ងៃ​​ខួប​១៤ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោក

  • នៅ វណ្ណារិន

រូបឯកសារ៖ កម្មករម្នាក់ចុះហត្ថលេខារបស់ខ្លួននៅលើផ្ទាំងបដារូបលោក ជា វិជ្ជា ក្នុងអំឡុងពិធីគម្រប់ខួប១១ឆ្នាំនៃការបាញ់សម្លាប់រូបលោក នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៥។ (AP Photo/Heng Sinith)

ក្រុម​សហជីព​កម្មករ​ ​និង​សាច់ញ្ញាតិ​របស់​លោក​ ​ជា​ វិជ្ជា​ អតីត​ប្រធាន​សហជីព​សេរីកម្មករ​ ​គ្រោង​នឹង​ជួប​ជុំ​គ្នា​នៅ​មុខ​រូប​សំណាក​របស់​លោកនៅ​ចុង​ខែ​មករា​ខាង​មុខ​ ​ដើម្បី​ធ្វើ​គោរព​វិញ្ញាណ​ក្ខន្ធ​និង​រំឭក​ដល់​វីរភាពរបស់​ប្រធាន​សហជីព​ដែល​ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​កាល​ពី​១៤​ឆ្នាំ​មុន។ នេះ​បើ​យោង​តាម​ការ​ឱ្យ​ដឹង​របស់​តំណាង​សហជីព។​

​គេ​រំពឹង​ថា​ យ៉ាងហោច​ណាស់​មាន​ក្រុម​សហជីព​ អ្នកគាំទ្រ​និង​ញាតិ​មិត្ត​របស់​លោក​ ​ជា វិជ្ជា​ ជាង​១៥០​នាក់​ចូលរួម​ក្នុង​កម្មវិធី​នៅ​មុខ​រូប​សំណាករបស់​លោក​ ​ក្បែរ​វិមាន​ឯករាជ្យ នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​ ទី​២២​ ខែ​មករា​ខាង​មុខ។​ ​នេះបើ​តាម​ការ​អះអាង​របស់​ ​លោក​ ​ម៉ាន់ សេងហាក់​ ​អនុ​ប្រធាន​សហជីព​សេរី​កម្មករ។​

លោក​ ​ម៉ាន់ សេងហាក់​ ​បញ្ជាក់​ប្រាប់​ ​VOA ​នៅថ្ងៃ​អង្គារ​នេះ​ផង​ដែរ​ថា​ ក្រៅ​ពី​ការ​ដាក់​កម្រង​ផ្កា​គោរព​វិញ្ញាណ​ក្ខន្ធ​លោក​ ​ជា វិជ្ជា ក៏​មាន​ការ​អំពាវនាវ​ឱ្យ​មាន​ការ​ពន្លឿន​ការ​ស៊ើប​អង្កេត​នឹង​ចាប់​ខ្លួន​ជន​ដៃ​ដល់​ដែល​សម្លាប់​ប្រធាន​សហជីព​ដ៏​ល្បីល្បាញ​នេះ​ផង​ដែរ។​

«យើង​ទៅ​គោរព​ជា​ធម្មតា​នោះ​ទេ។​ ក៏ប៉ុន្តែ​យើង​នឹង​មាន​ការ​ថ្លែង​អំពាវនាវ​ ​ដល់​រដ្ឋាភិបាល​ដើម្បី​ពន្លឿន​នូវ​ការ​ស៊ើប​អង្កេត​ឱ្យ​បាន​ឆាប់​ ​ពីព្រោះ​យើង​ឃើញ​ហើយ​១៤​ឆ្នាំ!​ ​មក​ដល់​ពេល​នេះ​គឺ​១៤​ឆ្នាំ​ហើយ​ ឃាតករ​មិន​ត្រូវ​បាន​រក​ឃើញ​នៅ​ឡើយ​នោះ​ទេ។​ ​អីចឹង​យើង​គ្រាន់​តែ​ថ្លែង​បន្តិច​បន្តួច​ទេ​ ពីព្រោះ​ថា ​យើង​ចង់​បង្ហាញ​ពី​ការ​ទាមទារឱ្យ​រដ្ឋាភិបាល​វែកមុខ​ ​រកជន​ដៃ​ដល់​ដែល​នៅ​ពី​ក្រោយ»។​

លោក ជា វិជ្ជា​ ​អតីត​ប្រធាន​សហជីព​សេរី​កម្មករ​ដ៏​ល្បីល្បាញ​ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មករា ​ឆ្នាំ​២០០៤​ ​ខណៈ​លោក​ចូល​ទិញ​កាសែត​នៅ​ក្បែរ​វត្ត​ល័ង្កា​ក្នុង​ក្រុង​ភ្នំពេញ។​ ​មួយ​សប្តាហ៍​ក្រោយ​មក​ ​ជន​សង្ស័យ​ពីរ​រូប​ដែល​ក្រុម​សង្គម​ស៊ីវិល​ហៅ​ថា​ ជា​ឃាតករ​សប្បនិមិ្មត​គឺ​ ​លោក​ ប៊ន សំណាង​ និង​ លោកសុខ សំអឿន​ ​ត្រូវ​បាន​ចាប់​ខ្លួន។ ក្រោយ​ការ​ឃុំ​ខ្លួន​ជា​ច្រើន​ឆ្នាំ​ ​លោក​ ប៊ន សំណាង​ និង​លោក​ សុខ សំអឿន​ ​ដែល​គេ​ជឿ​ថា​ គ្មាន​ទោស​កំហុស​នោះ​ ត្រូវបាន​ដោះលែង​ឱ្យ​មាន​សេរី​ភាព​ឡើង​វិញ​ ​ដោយ​ដីកា​សម្រេច​របស់​តុលាការ​កំពូល​នៅ​ចុង​ឆ្នាំ​២០១៣។​

នាយ​ឧត្តម​សេនីយ៍​ ​ខៀវ សុភ័គ​ ​អ្នក​នាំពាក្យ​នៃ​ក្រសួង​មហា​ផ្ទៃ​ ប្រាប់​ ​VOA​ ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ ការ​ស៊ើប​អង្កេត​លើ​ករណី​ឃាតកម្ម​លើ​រូប​លោក​ ​ជា វិជ្ជា​ នៅ​តែ​បន្ត ​ក៏​ប៉ុន្តែ​មន្ត្រី​ជំនាញ​មិនទាន់​បាន​ទទួល​តំរុយ​ថ្មី​អ្វី​នោះ​ទេ។​ ​បញ្ហា​គឺដោយ​សារ​តែ​សាក្សី​ក្នុង​ករណី​ឃាតកម្មនេះ​ បាន​ភៀស​ខ្លួន​ទៅ​រស់​នៅ​ឯ​បរទេស។​ ​

​នាយ​ឧត្តម​សេនីយ៍​ ​ខៀវ សុភ័គ​ ​បន្ថែម​យ៉ាង​ដូច្នេះ៖​

«ទោះ​យ៉ាង​ណា​ក៏​ដោយ​ រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​មិនទាន់​បញ្ជា​ឱ្យ​បិទ​សំណុំ​រឿង​នោះ​នៅ​ឡើយ​ទេ ​ហើយ​ក៏​សុំ​ឱ្យ​នរណា​ ​ដែល​មាន​ព័ត៌មាន​ច្បាស់! ​ច្បាស់​លាស់​ណា!​ ​មក​សហការ​ជា​មួយ​សមត្ថកិច្ច​យើង។​ ​សូម​កុំ​ឱ្យ​បញ្ហា​ហ្នឹង ​កើត​រឿងរាល់​ឆ្នាំ​ហ្នឹង​ ឱ្យ​តែ​ដល់​ឆ្នាំ​ហ្នឹង​ ​ឱ្យ​តែ​ដល់​ឆ្នាំ​ហ្នឹង​ ថ្ងៃ​ហ្នឹង​ ​ថ្ងៃ​២០​ផ្លាយ​ហ្នឹង​គឺ​ចាប់​ផ្តើម​ហើយ!​ រឿង​ពីរ​បី​ហ្នឹង​វា​ដដែលៗ​ហ្នឹង»។​

ស្រប​ពេលដែល​ក្រុម​សហជីព​ និង​អ្នក​គាំទ្រ​លោក ជា វិជ្ជា​ រៀបចំ​រំឭក​ខួប​នៃ​ការ​បាញ់​ប្រហារ​លើ​រូប​ប្រធាន​សហជីព​នេះ​ ​នៅ​ថ្ងៃ​ទី​២២ ខែ​មករា​ តុលាការ​រាជធានី​ភ្នំពេញ​បាន​ចេញ​ដីការ​កោះ​ហៅ​លោក​ ​ជា មុន្នី​ ​ប្អូន​ប្រុស​បង្កើត​របស់​លោក​ ជា វិជ្ជា​ ​ឱ្យ​ចូល​បង្ហាញ​ខ្លួន​នៅ​ថ្ងៃ​ដដែល​នោះ​ដែរ។​

លោក​ ជា មុន្នី​⁣ អតីត​ប្រធាន​សហ​ជីព​សេរី​កម្មករ​ដ៏​សកម្ម​បាន​រង​នូវ​បណ្តឹង​ទារ​សំណង​ជា​ទឹក​ប្រាក់​១លាន​ដុល្លារ​ចំពោះ​ការ​បញ្ចញ​មតិ​ផ្ទាល់​ខ្លួន​របស់​លោក​ទាក់ទង​ការ​ដាក់ទណ្ឌកម្ម​ពី​សភាព​អឺរ៉ុប​លើ​ការ​នាំទំនិញ​ចេញ​ពី​កម្ពុជា។​

VOA​ ​មិនអាច​ទាក់​ទង​លោក​ ​ជា មុន្នី​ ​ដើម្បី​សុំ​សេចក្តី​អធិប្បាយ​បាន​ទេ​នៅ​ថ្ងៃ​អង្គារ​នេះ។​ ​ទោះ​ជា​យ៉ាង​ណា​ក្តី​ ​លោក​ ​ម៉ាន់ សេងហាក់​ ​អនុ​ប្រធាន​សហជីព​សេរី​កម្មករ​ បញ្ជាក់​ថា​ នោះ​គឺ​គ្រាន់​តែ​ការ​បញ្ចេញ​មតិ​ផ្ទាល់​ខ្លួន​របស់​លោក​ ​ជា មុន្នី​ តែ​ប៉ុណ្ណោះ​ទេ​ ​ហើយ​ការ​សម្រេច​ដាក់​ទណ្ឌកម្ម​ឬ​មិន​ដាក់​គឺ​ជា​សិទ្ធ​របស់​ក្រុម​ប្រទេស​នៃ​សហភាព​អឺរ៉ុប​ឯណោះ​ទេ៕