រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកអ្នកស្រី Jenet Yellen និងក្រុមការងាររបស់អ្នកស្រីទើបនឹង បញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសចិននៅថ្ងៃអង្គារនេះ ដែលនៅទីនោះ ពួកគេបានព្យាយាមដោះស្រាយបញ្ហាសេដ្ឋកិច្ចដ៏ធំបំផុតរវាងប្រទេសទាំងពីរ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
បន្ទាប់ពីសហរដ្ឋអាមេរិកបានលើកឡើងថាការផ្ដល់ប្រាក់របស់រដ្ឋាភិបាលចិនសម្រាប់បច្ចេកវិទ្យាថាមពលដែលល្អចំពោះបរិស្ថានបានប៉ះពាល់ដល់ស្ថិរភាពហិរញ្ញវត្ថុសាកលលោកមក ភាគីទាំងពីរបានព្រមព្រៀងគ្នាដើម្បីធ្វើ «ការផ្លាស់ប្តូរទៅវិញទៅមកដ៏ទូលំទូលាយ» លើការធ្វើឱ្យការរីកចម្រើនសេដ្ឋកិច្ចមានតុល្យភាពប្រសើរជាងមុន។
អ្នកស្រី Yellenនិងថ្នាក់ដឹកនាំចិនក៏បានពិភាក្សាគ្នាអំពីបញ្ហាផ្សេងៗទាក់ទិនទៅនឹងការលាងលុយកខ្វក់និងបណ្តាញសង្គមអនឡាញទិកតុក (TikTok) ផងដែរ។
ពាក់ព័ន្ធនឹងបញ្ហាលាងលុយកខ្វក់ ក្រោយពីបានពិភាក្សាជាច្រើនដងមក ក្រសួងហិរញ្ញវត្ថុអាមេរិកនិងធនាគារកណ្តាលចិនបានព្រមព្រៀងធ្វើការជាមួយគ្នាដើម្បីធ្វើយ៉ាងណាកុំឱ្យមានករណីលាងលុយកខ្វក់កើតឡើងនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុរបស់ខ្លួន។
ចំពោះបញ្ហាទិកតុកវិញ អ្នកស្រី Yellenបានបញ្ជាក់នៅក្នុងសន្និសីទកាសែតកាលពីថ្ងៃចន្ទថា អ្នកស្រីគាំទ្រកិច្ចប្រឹងប្រែងរបស់រដ្ឋបាលប្រធានាធិបតីអាមេរិកលោក Joe Biden នៅក្នុងការដោះស្រាយបញ្ហាសន្តិសុខជាតិពាក់ព័ន្ធនឹងទិន្នន័យផ្ទាល់ខ្លួនតាមរយៈការហាមឃាត់បណ្តាញសង្គមអនឡាញទិកតុកដែលគ្រប់គ្រងដោយក្រុមហ៊ុន ByteDance របស់ចិន៕