ម្តាយរបស់លោក គឹម សុខ ជារឿយៗតែងរំឭកប្រាប់កូនរបស់អ្នកស្រីថា កុំព្យាយាមធ្វើខ្លួនឲ្យល្បីដូចលោក កែម ឡី ដែលជាអ្នកវិភាគសង្គម ត្រូវបានគេបាញ់សម្លាប់កាលពី ឆ្នាំមុន។ ទោះជាយ៉ាងណាសម្តីរបស់អ្នកស្រីបានត្រឹមតែប្រហើរចោលប៉ុណ្ណោះ។
កាលពីខែកុម្ភៈអ្នកវិភាគសង្គមរូបនេះត្រូវបានគេចាប់ខ្លួនហើយឃុំក្នុងពន្ធនាគារដោយសារការរិះគន់របស់លោកទៅលើរដ្ឋបាលលោក ហ៊ុន សែន។
ម្តាយរបស់លោក គឹម សុខ គឺអ្នកស្រី ជូ សាមិ ដែលមានអាយុ៥៥ឆ្នាំ ហើយដែលកំពុងរស់នៅក្នុងទីក្រុងភ្នំពេញ បានមានប្រសាសន៍ថា៖
«រំឭកដែរ! ខ្ញុំថាកូនឯងកុំនេះអី! មើលលោក កែម ឡី គាត់ល្បីហើយ ទោះបីជាគាត់ស្លាប់ មានអ្នកគាំទ្រច្រើននាក់។ កូនឯងក្មេងក្រោយមិនដូចគាត់ទេ។ កូនឯងកុំធ្វើដូចគាត់។ បានរំឭកដែរ! ប៉ុន្តែកូននៅតែធ្វើមិនដឹង ធ្វើយ៉ាងម៉េចទេ»។
អ្នកស្រីបានប្រាប់ VOA បន្ថែមថា៖
«ខ្ញុំគ្រាន់តែថា កូនណា! កុំធ្វើអញ្ចឹងអី! យើងរកស៊ីធ្វើអ្វីក៏ដោយឲ្យតែយើងចិញ្ចឹមខ្លួនរស់ទៅ! ម៉ែខ្លាចធ្វើអញ្ចឹងម៉ែខ្លាច មានគ្រោះថ្នាក់អីម៉ែពិបាកណាស់។ ម៉ែមិនដឹងធ្វើយ៉ាងម៉េចជួយ។ កូនបាន ឆ្លើយថា ខ្ញុំមិនអីទេម៉ែ! ខ្ញុំអត់អីទេ! ម៉ែឯងកុំព្រួយខ្ញុំ។ ខ្ញុំមិនអីទេ ឆ្លើយតែអញ្ចឹង រាល់ដងច្រើនតែអញ្ចឹង»។
លោក គឹម សុខ ត្រូវបានតុលាការសម្រេចឃុំខ្លួនកាលពីថ្ងៃទី១៧ ខែកុម្ភៈ ក្រោយពីតុលាការបានចោទប្រកាន់រូបលោកពីបទបរិហារកេរ្តិ៍ជាសាធារណៈនិងញុះញង់ឲ្យមានភាពវឹកវរចលាចលដល់សន្តិសុខសង្គម តាមមាត្រា៣០៥ មាត្រា៤៩៤ និង៤៩៥នៃក្រមព្រហ្មទណ្ឌ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្តឹងលោក ដោយចោទថា លោកបានថ្លែងចំៗថា គណបក្សប្រជាជនកម្ពុជានៅពីក្រោយការបាញ់សម្លាប់លោក កែម ឡី។ បើសិនរកឃើញកំហុស លោកអាចប្រឈមជាប់ពន្ធនាគារពី៦ខែទៅ២ឆ្នាំ។
ជីវិតរបស់ គឹម សុខ បានផ្លាស់ប្តូរពីសិស្សពូកែគណិតវិទ្យាទៅជាយុវជនសកម្មក្នុងបញ្ហាសង្គម យុវជននយោបាយ នឹងចុងក្រោយជាអ្នកវិភាគមួយរូប។ ក្រុមគ្រួសាររបស់លោកនៅតែឆ្ងល់ថា ហេតុអ្វីបានជាលោករិះគន់រដ្ឋាភិបាលធ្ងន់ៗ ក្នុងរយៈពេលចុងក្រោយនេះ។
នៅក្នុងជីវិតនយោបាយ លោក គឹម សុខ ធ្លាប់មានមុខងារជាទីប្រឹក្សានៅក្រសួងព័ត៌មាន។
មានស្រុកកំណើតនៅភូមិបេង ឃុំក្រពុំឈូក ស្រុកកោះអណ្តែត ខេត្តតាកែវ លោក គឹម សុខ ដែលមានអាយុ៣៧ឆ្នាំ ជាកូនច្បងក្នុងគ្រួសារមួយដែលមានបងប្អូន៥នាក់។សព្វថ្ងៃនេះឪពុកម្តាយនិងបងប្អូនរបស់លោក បានមករស់នៅក្នុងទីក្រុងភ្នំពេញ។ ឪពុករបស់លោក ជាអតីតនគរបាលម្នាក់បម្រើការក្នុងខេត្តកំពង់ស្ពឺ។ ចំណែកម្តាយរបស់លោក ធ្លាប់ជាអ្នកធ្វើស្រែចម្ការ ក៏ប៉ុន្តែបច្ចុប្បន្ននេះ ម្តាយរបស់លោក រស់នៅជាមួយកូននៅក្នុងទីក្រុងភ្នំពេញ ដោយមិនធ្វើការងារអ្វីទាំងអស់។
នៅអាយុប្រហែល១០ឆ្នាំ និងស្របពេលដែលឪពុកជាប់បំពេញការងារនៅក្នុងខេត្តកំពង់ស្ពឺ លោក គឹម សុខ បានជួយម្តាយក្នុងការធ្វើស្រែចម្ការ ភ្ជួររាស់ផ្សេងៗ។ ទោះជាយ៉ាងណាលោកមិនបោះបង់ការសិក្សារបស់លោកនោះទេ។
ម្តាយរបស់លោកបញ្ជាក់ថា៖
«លោក គឹម សុខ ហ្នឹងតាំងពីតូចមកការរៀនសូត្រព្យាយាមណាស់។ នៅតូចទៅមើលគោ។ កូនខ្ញុំក៏យកសៀវភៅទៅមើលដែរ»។
លោក គឹម សុខ ជាក្មេងម្នាក់ដែលរៀនពូកែផ្នែកគណិតវិទ្យា។ នេះបើតាមប្អូនប្រុសរបស់លោក គឺលោក គឹម សេង អាយុ៣៥ឆ្នាំ។
លោកមានប្រសាសន៍ប្រាប់ VOA ថា៖
«កាលនៅវិទ្យាល័យទន្លាប់ សិស្សថ្នាក់ទី១១ ចង់បានគាត់ជាងគ្រូទៀត ឲ្យតែគាត់ព្រម គេយកគាត់ គេអត់យកគ្រូទេ! ការពិតនៅហ្នឹង! គេចង់បានគាត់គេចង់បានគាត់ទៅបង្រៀនហ្មង»។
ម្តាយរបស់លោក គឹម សុខ មានប្រសាសន៍ថា៖
«កូនរៀនពូកែដែរ ប៉ុន្តែខ្ញុំអត់មានជីវភាពអីជួយកូនឲ្យបានរៀនសូត្រគ្រប់គ្រាន់ទេ តែកូនវាប្រឹងដោយខ្លួនឯង។ មានអ្នកជិតខាងខ្លះ ក៏គេថា ក្រប៉ុណ្ណឹងហើយ ខំឲ្យកូនរៀនទាំងអស់ ជោរ! ជោរ! គេចង់ថាយើងហ្នឹងជោរ យើងក្រហើយ យើងឲ្យកូនរៀន»។
ប្អូនប្រុសរបស់លោក គឹម សុខ បាននិយាយថា លោក គឹម សុខ មិនដែលនិយាយពីបញ្ហានយោបាយឬរឿងសង្គមអ្វីនោះទេ។ តែជីវិតរបស់លោកបានផ្លាស់ប្តូរ ពេលលោកមកទីក្រុងភ្នំពេញ។
ក្នុងឆ្នាំ១៩៩៨ លោក គឹម សុខ បានមករាជធានីភ្នំពេញ ដើម្បីបន្តការសិក្សាថ្នាក់មហាវិទ្យាល័យ ដោយបានស្នាក់អាស្រ័យនៅវត្តលង្កា តាមរយៈអ៊ំរបស់លោកដែលបានជួយសុំអ្នកគ្រប់គ្រងវត្តឲ្យបានស្នាក់នៅ។
ក្រោយពីរៀនត្រៀមរយៈពេលពីរឆ្នាំនៅរាជធានីភ្នំពេញ ក្នុងឆ្នាំ២០០០ លោកបានទទួលអាហារូបករណ៍សិក្សាបរិញ្ញាបត្រគណិតវិទ្យានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងបានបញ្ចប់នៅឆ្នាំ២០០៤។
ទោះជាយ៉ាងណា ក្នុងអំឡុងពេលសិក្សានៅរាជធានីភ្នំពេញ លោកបានក្លាយជាមនុស្សដែលសកម្មនឹងបញ្ហាសង្គម ដែលក្នុងនោះមានតវ៉ារឿងព្រំដែន បញ្ហាអន្តោប្រវេសន៍ និងបញ្ហាអយុត្តិធម៌ក្នុងសង្គមផ្សេងៗទៀត។
ជាយុវជនចូលរួមក្នុងចលនារណសិរ្សខ្មែរ លោក គឹម សុខ បានប្រាប់ VOA មុនពេលលោកជាប់ពន្ធនាគារថា ក្នុងឆ្នាំ១៩៩៩ លោកបានចូលរួមជាមួយគណបក្សហ៊្វុនស៊ិនប៉ិច ដែលដឹកនាំដោយសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ។ ចាប់ពីឆ្នាំ២០០២ដល់ឆ្នាំ២០០៨ លោកបានក្លាយជាមន្ត្រីខុទ្ទកាល័យរបស់សម្តេចក្រុមព្រះ។
ទោះជាយ៉ាងណា លោក គឹម សុខ បានឈប់សកម្មភាពនយោបាយចាប់តាំងពីឆ្នាំ២០០៨ ដោយមិនបានបញ្ជាក់ពីមូលហេតុ។ បន្ទាប់មក លោកបានផ្តោតទៅលើការងារសង្គម និងធ្វើការងារលើគម្រោងមួយចំនួនរបស់អង្គការក្រៅរដ្ឋាភិបាល។
ក្រុមគ្រួសាររបស់លោក គឹម សុខ បានបង្ហាញក្តីបារម្ភពីសកម្មភាពរបស់លោកនៅក្នុងសង្គម និងនយោបាយ។
ម្តាយរបស់លោក គឹម សុខ មានប្រសាសន៍ថា មុនពេលលោកត្រូវបានលោក ហ៊ុន សែនប្តឹង អ្នកស្រីមិនដឹងថាលោក គឹម សុខ ជាអ្នកវិភាគនោះទេ ដោយសារកូនរបស់អ្នកស្រីបានព្យាយាមលាក់បាំងព័ត៌មានទាំងនេះ។
អ្នកស្រីមានប្រសាសន៍ថា៖
«ខ្ញុំដឹងខ្លះៗដែរ តែខ្ញុំហាមឃាត់កូនមិនព្រម ទឹកចិត្តរបស់កូន ដឹងធ្វើយ៉ាងម៉េច។ ខ្ញុំជាម្តាយឃាត់ខ្លះៗដែរ ចេះតែខ្លាច។ មកដល់សព្វថ្ងៃ ខ្ញុំដឹងខ្ញុំឃាត់រហូតដែរ ប៉ុន្តែកូននៅតែថាខ្ញុំមិនទេម៉ែ! ខ្ញុំមិនអីទេម៉ែ! មិនឲ្យម៉ែបារម្ភរហូត»។
ចំណែកលោក គឹម សេង ប្អូនប្រុសរបស់លោក គឹម សុខ មានប្រសាសន៍ប្រាប់ VOAថា៖
«ខ្ញុំធ្លាប់ឃាត់គាត់បានម្តង នៅពេលគណបក្សហ្វ៊ុនស៊ិនប៉ិច ចេះតែធ្លាក់ទៅ ខ្ញុំសូមអង្វរគាត់ចាកចេញ ហើយរស់នៅធម្មតា អញ្ចឹងបានគាត់ចាកចេញ»។
លោក គឹម សុខ បានរៀបអាពាហ៍ពិពាហ៍ក្នុងឆ្នាំ២០១១ជាមួយនារីម្នាក់រស់នៅក្នុងខេត្តតាកែវដូចគ្នា។ លោកមានកូនស្រីម្នាក់ដែលមានអាយុ៥ឆ្នាំ។ ទោះជាយ៉ាងណាក៏ដោយ លោកនិងភរិយារបស់លោកបានរស់នៅផ្សេងពីគ្នាមកដល់ពេលនេះ បើទោះជាមិនមានការលែងលះគ្នាក៏ដោយ។ ក្រុមគ្រួសារលោកបានអះអាងថា ពេលរស់នៅជាមួយភរិយា លោកនិងភរិយារបស់លោកបានប្រកបរបរលក់មាសខ្នាតតូចក្នុងផ្សារតាកែវ។
ក្រោយពីរៀបការបានប៉ុន្មានខែ ក្នុងឆ្នាំ២០១២ លោក គឹម សុខ បានទទួលអាហារូបករណ៍ទៅសិក្សាថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងហិរញ្ញវត្ថុនៅសាកលវិទ្យាល័យBeijing Jiaotong ក្នុងប្រទេសចិន។
លោក គឹម សេង មានប្រសាសន៍ថា៖
«ក្តីបំណងរបស់គាត់ពេលដំបូងគឺគាត់ចង់ទៅរៀននៅក្រៅប្រទេស។ អញ្ចឹងគាត់ព្យាយាមប្រឡងទៅប្រទេសផ្សេងៗ ប៉ុន្តែដោយសារគាត់ជាប់នៅចិនមុន គាត់សម្រេចចិត្តទៅតែម្តង។ អត់រារែកទេ! គាត់ជាប់គាត់សប្បាយចិត្តគាត់ទេ»។
លោកបញ្ជាក់ថា បងប្រុសមិនប្រកាន់ថា ប្រទេសចិនជាប្រទេសកុម្មុយនីស្តនោះទេ។
នៅពេលត្រឡប់ពីប្រទេសចិនវិញក្នុងឆ្នាំ ២០១៥ លោកបានប្រកបរបរលក់ថ្នាំលាបជញ្ជាំងលក្ខណៈតូចល្មម។ បន្ទាប់ពីការរស់នៅបែកគ្នាជាមួយភរិយា លោកបានចាប់ផ្តើមជីវិតជាអ្នកសកម្មក្នុងសង្គមឡើងវិញ។
លោក គឹម សុខ បានចូលរួមជាមួយក្រុមយុវជន Politikoffee ដែលជាក្រុមតែងតែពិភាក្សាបញ្ហាសង្គមនិងនយោបាយ។ ដោយសារភាពសកម្មក្នុងការចែករំលែកគំនិត លោកត្រូវបានអ្នកកាសែតវិទ្យុអាស៊ីសេរីទាក់ទងផ្តល់បទសម្ភាសន៍អំពីព្រឹត្តិការណ៍រដ្ឋប្រហារថ្ងៃទី៥-៦ កក្កដា។ បន្ទាប់មកឈ្មោះរបស់លោកត្រូវបានសាធារណជននិងអ្នកសារព័ត៌មានស្គាល់និងទាក់ទងធ្វើបទសម្ភាសន៍ជាបន្តបន្ទាប់។
ម្តាយរបស់លោក គឹម សុខ បាននិយាយប្រាប់ VOA ថា៖
«ខ្ញុំមិនដឹងអ្នកវិភាគ! អ្នកអី! ខ្ញុំអត់ដឹងផង! កូនខ្ញុំអាមួយទីបួនប្រាប់ថាម៉ែ! បង សុខ ឥឡូវចាប់ផ្តើមល្បី! ម៉ែឥឡូវ ឡើងប៉ុស្តិ៍អាស៊ីសេរីញឹកណាស់»។
លោក គឹម សុខ មិនចង់ឲ្យអ្នកសារព័ត៌មានហៅលោកជាអ្នកវិភាគនយោបាយនោះទេ គឺត្រឹមតែអ្នកសង្កេតពីការអភិវឌ្ឍសង្គមនិងអ្នកនយោបាយកម្ពុជា។
លោក គឹម សុខ ធ្លាប់មានតួនាទីជាទីប្រឹក្សារបស់ក្រសួងព័ត៌មានចាប់ពីឆ្នាំ២០០៨ដល់ឆ្នាំ២០១៣ ជាតួនាទីមួយ ដែលលោកទទួលបានក្រោយពីសមាជិកគណបក្សហ៊្វុនស៊ិនប៉ិច បានចុះចូលជាមួយគណបក្សប្រជាជនកម្ពុជាខណៈលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសន្យាថានឹងរក្សាតំណែងរដ្ឋាភិបាលសម្រាប់ពួកគេ។
ប្អូនប្រុសរបស់លោក គឹម សុខ បានបញ្ជាក់ថា លោកបានដឹងថាលោក គឹម សុខ ធ្លាប់ធ្វើជាទីប្រឹក្សាក្រសួងព័ត៌មាន ប៉ុន្តែមិនបានដឹងពីមូលហេតុដែលលោកឈប់បំពេញការងារនោះទេ។
នៅពេលលោកចាប់ផ្តើមនិយាយជាមួយប្រព័ន្ធផ្សព្វផ្សាយ លោកត្រូវបានណែនាំឲ្យចូលរួមក្នុងមូលនិធិអ្នកវិភាគខ្មែរ។ ប៉ុន្តែបន្ទាប់មកលោកបានចាកចេញពីមូលនិធិនោះ ក្រោយ លោក កែម ឡី ត្រូវបានគេបាញ់សម្លាប់។
ដោយសារការរិះគន់ខ្លាំងៗទៅលើរដ្ឋាភិបាល គួបផ្សំនឹងប្រវត្តិនយោបាយរបស់លោក លោក គឹម សុខ ត្រូវបានសង្ស័យថា ជាចារកម្មបង្កប់។
សមាជិកម្នាក់ដែលបានចូលរួមបង្កើតមូលនិធិអ្នកវិភាគខ្មែរ លោក ហ៊ីង សុខសាន្ត មានប្រសាសន៍ប្រាប់ VOA ថា លោក គឹម សុខ បានចូលរួមក្នុងការពិភាក្សាបង្កើតមូលនិធិនេះបានចំនួនពីរដង ហើយបន្ទាប់មកលោកក៏បានឈប់ ដោយពុំមានមូលហេតុ ក្រោយពីលោក កែម ឡី ត្រូវបានបាញ់សម្លាប់។
លោកមានប្រសាសន៍ថា៖
«អញ្ចឹងមានន័យថា គាត់ចេញពីក្រុម ដោយអត់មានដំណឹងទាំងអស់ តាំងពីហ្នឹងមក។ អញ្ចឹងហើយយើងគិតថាគាត់លែងចូលរួមការបង្កើតមូលនិធិរបស់កែម ឡី ហ្នឹងហើយ! ប៉ុន្តែយើងនៅតែគិតថា អ្នកវិភាគទាំងអស់នៅស្រុកខ្មែរគឺជាបងប្អូនយើង ដើម្បីយើងជជែកគ្នាផ្តល់គំនិតក្នុងនាមយើងជាបញ្ញវន្ត»។
លោកបន្តថា មូលនិធិបានព្យាយាមទាក់ទងលោក គឹម សុខ ដោយសារបារម្ភពីសុវត្ថិភាពរបស់លោក និងចង់ណែនាំឲ្យលោកមានការប្រុងប្រយ័ត្ននៅពេលវិភាគម្តងៗ។ ប៉ុន្តែមិនអាចទាក់ទងបាននោះទេ។
បន្ទាប់ពីលោក កែម ឡី ត្រូវបានបាញ់សម្លាប់ មូលនិធិដែលធ្លាប់មានលោក កែម ឡី ជាសមាជិក ក៏ត្រូវបានដូរឈ្មោះជាមូលនិធិ កែមឡី។
លោក ហង្ស វិទូ សមាជិកមូលនិធិលោក កែម ឡី មានប្រសាសន៍ថា លោក គឹម សុខ បានចូលរួមក្នុងមូលនិធិនេះ តាមការណែនាំពីមិត្តភក្តិជិតស្និទ្ធរបស់លោក។ លោកបន្តថាមានមតិមួយចំនួនលើកឡើងថា លោក គឹម សុខ ជាចារកម្មនិងជាជនបង្កប់ ប៉ុន្តែលោកយល់ថា លោក គឹម សុខ មិនមែនជាជនបង្កប់នោះ ដោយសារការវិភាគរបស់លោកមានភាពឯករាជ្យនិងរិះគន់ចំៗលើរដ្ឋាភិបាល។
លោកមានប្រសាសន៍ប្រាប់ VOA ថា៖
«ជាសរុបគឺខ្ញុំយល់ឃើញថា លោក គឹម សុខ មិនមែនជា Spyអីទេ! អានេះគឺជាការចោទប្រកាន់មួយដែលគ្មានភស្តុតាងច្បាស់លាស់។ ខ្ញុំយល់ថាគាត់ជាមនុស្សដែលស្មោះត្រង់ជាមនុស្សដែលក្លាហាន ហ៊ាននិយាយនូវការពិត គាត់ជាមនុស្សដែលសកម្មនិយម គាត់តែងតែនិយាយសកម្មភាពហើយទើបគាត់និយាយតាមក្រោយ»។
ទោះជាយ៉ាងណា លោកមានប្រសាសន៍ថា លោក គឹម សុខ ជាមនុស្សមានភាពរឹងរូសបន្តិច ហើយអ្វីដែលគាត់គិតថាល្អ ហើយត្រឹមត្រូវ គាត់នឹងនិយាយ ទោះជាមានការហាមឃាត់ឬណែនាំពីអ្នកណាក៏ដោយ។
មិត្តភក្តិស្និទ្ធស្នាលរបស់លោក គឹម សុខ ដែលស្គាល់លោក ជាង២០ឆ្នាំ បាននិយាយដោយសុំមិនបញ្ចេញឈ្មោះថា ដោយសារលោកកំពុងធ្វើការជាមន្ត្រីរាជការរបស់រដ្ឋាភិបាលថា លោក គឹម សុខ មិនមែនទើបតែរិះគន់រដ្ឋាភិបាលខ្លាំងៗនាពេលចុងក្រោយនេះទេ គឺលោកបានរិះគន់ខ្លាំងៗកាលពីអតីតកាល តែមិនសូវមានអ្នកណាស្គាល់ឈ្មោះរបស់លោកនោះទេ។
លោកបន្តថា លោក គឹម សុខ បានចាកចេញពីក្រុមអ្នកវិភាគ ដោយសារលោកយល់ឃើញថាក្រុមនេះនឹងមិនផ្តល់ផលប្រយោជន៍ដល់រូបលោក ដោយសារតែក្រុមអ្នកវិភាគនេះ មិនហ៊ាននិយាយ វិភាគ និង រិះគន់ចំៗលើរដ្ឋាភិបាល។
ទោះជាយ៉ាងណា លោកជឿថា លោក គឹម សុខ ជាជនរងគ្រោះពិតប្រាកដ មិនមែនជាចារកម្ម ដូចមតិមួយចំនួនលើកឡើងនោះទេ។
ចំណែកប្អូនប្រុសរបស់លោក គឹម សុខ ក៏បានបដិសេធផងដែរថា បងប្រុសរបស់លោកមិនមែនជាចារកម្មនោះទេ។
លោកមានប្រសាសន៍ថា៖
«បើសិនជាអញ្ចឹង! គាត់មិនទុកគ្រួសារឲ្យនៅពិបាកជីវភាព ការរស់នៅ។ ជ្រុលធ្វើអញ្ចឹងដែរ! ការរស់នៅស្រួលបាត់ហើយ។ បើជាមនុស្សគេ ចាំបាច់ទៅជាប់ឃុំឃាំង ចាំបាច់ឲ្យគ្រួសារពិបាកធ្វើអី។ គាត់ខ្លួនឯង ក៏វេទនា ចាំបាច់ទៅធ្វើអញ្ចឹងធ្វើអី »។
ក្រុមគ្រួសាររបស់លោក គឹម សុខ បានឲ្យដឹងថា លោក គឹម សុខ មិនចង់ឲ្យក្រុមគ្រួសារទៅសួរសុខទុក្ខលោកនៅពន្ធនាគារនោះទេ ដោយសារលោកមិនចង់ឲ្យក្រុមគ្រួសារពាក់ព័ន្ធរឿងនេះ។
ប្អូនប្រុសរបស់លោកនិយាយថា៖
«អត់ឲ្យមកមើលញឹកញាប់ហ្នឹង! ព្រោះគាត់បារម្ភពីសុវត្ថិភាពពួកខ្ញុំទាំងអស់គ្នា។ មែនទែនទៅ តាំងពីដំបូងមុនថ្ងៃចាប់តែម្តង គឺអត់ឲ្យបងប្អូនហ្នឹងទាក់ទងគាត់ទេ ទាក់ទងតាមវិធីណាក៏អត់បានទាំងអស់។ គាត់បារម្ភពីសុវត្ថិភាពរបស់គ្រួសារ»។
ម្តាយរបស់លោក គឹម សុខ មានប្រសាសន៍ថា៖
«ខ្ញុំយល់ថាវាមិនយុត្តិធម៌ចំពោះកូនខ្ញុំ ព្រោះកូនខ្ញុំមានធ្វើអីបានខុសផង ព្រោះអ្នកវិភាគទាល់តែនិយាយអញ្ចឹង»។
ទោះជាយ៉ាងណា ក្រុមគ្រួសារមិនចង់ឲ្យលោក គឹម សុខ រិះគន់ខ្លាំងៗទៅលើរដ្ឋាភិបាលនិងសកម្មពីបញ្ហាសង្គមនោះទេ។ ក្រុមគ្រួសារចង់ឲ្យលោក គឹម សុខ ងាកមកប្រកបរបរពិតប្រាកដណាមួយដើម្បីជួយក្រុមគ្រួសារ ខណៈក្រុមគ្រួសាររបស់លោកមានការលំបាកក្នុងជីវភាព។
លោក គឹម សេង មានប្រសាសន៍ថា៖
«ធ្លាប់និយាយគ្នាតែម្តង ជួនកាលខ្ញុំនិយាយផ្ទាល់ជាមួយគាត់ ហើយមិនមែនតែម្តងទេ! ពីព្រោះក្នុងស្ថានភាពជីវភាពរបស់ពួកខ្ញុំរាល់ថ្ងៃ ខ្ញុំចង់ឲ្យគាត់ងាកមកជួយគ្រួសារឲ្យបានច្រើន ប៉ុន្តែមិនដឹងអាម៉េច ជាចំណូលចិត្តរបស់គាត់។ គាត់ស្រឡាញ់តែម្តង»។
លោកបានបន្ថែមថា៖
«សម្រាប់ខ្ញុំ ខ្ញុំគាំទ្រគាត់។ ខ្ញុំមានមោទនភាពចំពោះគាត់ ក្នុងសង្គមមួយយើងត្រូវការអ្នកវិភាគដែលនិយាយបញ្ហាចំ។ បើយើងគិតថានៅស្រុកគេនិយាយប៉ុណ្ណឹង គាត់គ្មានបញ្ហាទេ។ ខ្ញុំគិតថា តុលាការគួរតែរិះរកនីតិវិធីក្នុងការអនុវត្តច្បាប់ ខ្ញុំចង់បានយុត្តិធម៌ជូនចំពោះបងខ្ញុំ»។
មុនពេលត្រូវបានតុលាការឃាត់ខ្លួន លោក គឹម សុខ បានប្រាប់ VOA ថា៖
«ខ្ញុំមិនភ័យខ្លាចចំពោះការបន្តនិយាយទៀតទេ ហើយអ្វីដែលខ្ញុំភ័យខ្លាចគឺមានតែមួយចំណុចទេ គឺភ័យខ្លាច ប្រជាពលរដ្ឋទោះជាបាត់មួយនាក់ទៅ ពីរនាក់ទៅ បីនាក់ទៅ គាត់មិនទាន់យល់អំពីតម្លៃនៃការងើបឡើងតស៊ូមតិក្នុងសង្គមប្រជាធិបតេយ្យ។ គឺសង្គមនីតិរដ្ឋ ប្រជាធិបតេយ្យនិងមិនបំភ្លៃច្បាប់»៕