ក្រុម​ស្ត្រី​ថ្ងៃសុក្រ​ស្នើ​​ស្ថាន​ទូត​ម៉ាឡេស៊ី និង​​​ឥណ្ឌូណេស៊ី​ជួយ​អន្តរាគមន៍​ដោះ​លែង​​ស្វាមី​​​​ពួកគេ

ក្រុមស្ត្រីថ្ងៃសុក្រ លើកបដា នៅខាងមុខស្ថានទូតម៉ាឡេស៊ី ក្នុងរាជធានីភ្នំពេញ ដើម្បីសុំកិច្ចអន្តរាគមន៍ដោះលែងស្វាមីពួកគេ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣។ (លាស់ លីបលីប/ វីអូអេ)

ក្រុម​ស្ត្រី​ថ្ងៃសុក្រ​ស្នើស្ថានទូត​ម៉ាឡេស៊ី និង​ស្ថានទូត​ឥណ្ឌូណេស៊ី​ប្រចាំ​កម្ពុជា ជួយ​អន្ត​រាគមន៍​ដោះ​លែង​ស្វាមីរបស់​ពួកគេ ដែល​ជា​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ។

​សកម្ម​ជន​ទាំង​នោះ​ត្រូវ​បាន​សាលា​ដំបូង​ចោទ​ប្រកាន់​ពី​បទ​«រួម​គំនិត​ក្បត់ ​និង​ញុះញង់»ពាក់​ព័ន្ធ​ការគាំទ្រ​ការ​វិល​ត្រឡប់​មិន​បាន​ជោគ​ជ័យរបស់​អតីត​ប្រធាន​គណ​បក្ស​សង្រ្គោះ​ជាតិ​លោក ​សម រង្ស៊ី កាល​ពី​ឆ្នាំ​២០​១៩​។

​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ក្រុម​ស្រ្តី​ថ្ងៃ​សុក្រ​មាន​គ្នា​៦​នាក់​បាន​មក​ជួប​ជុំ​លើក​បដា​ ដែល​សរសេរ​ថា​«ដោះ​លែង​អ្នក​ទោស​នយោ​បាយ​នៅកម្ពុជា» និង​ស្រែក​ទាម​ទារនៅ​ខាង​មុខ​ស្ថានទូត​ម៉ាឡេស៊ី និងស្ថាន​ទូត​ឥណ្ឌូ​ណេស៊ី ប្រចាំ​កម្ពុជា។ ពួកគេ​អះអាង​ថា ​ការ​មក​សុំ​អន្ត​រាគមន៍​ពី​ស្ថាន​ទូត​ទាំង​ពីរ​នេះ ដោយ​សារ​ស្ថាន​ទូត​ទាំង​ពីរ ​ជា​ប្រទេស​សមា​ជិក​ដែល​បាន​ចុះហត្ថ​លេខី​លើ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស២៣ តុលា​ ១៩៩១។

ក្រុម​ស្រ្តី​ថ្ងៃ​សុក្រ ​ជា​រឿយ​ៗ​តែង​តែ​ចេញ​ប្រមូល​ផ្តុំតវ៉ា និង​សុំ​កិច្ច​អន្តរាគមន៍​ពី​ប​ណ្តា​ទូត​នានា​ក្នុង​ប្រទេស​កម្ពុជា ដូច​ជា​សហ​រដ្ឋអាមេរិក និង​ពី​បណ្តា​ប្រទេស​អាស៊ាន។

អ្នកស្រី ​ព្រុំ ចាន់ថា​ ជាភរិយា​របស់​លោក ​កាក់ កុម្ភារ ​អតីត​សមាជិក​ក្រុម​ប្រឹក្សា​រាជ​ធានី​ភ្នំពេញ​នៃ​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ស្ថិត​ក្នុង​មន្ទីរ​ឃុំឃាំង។ នៅ​ពេល​កំពុង​ប្រមូល​ផ្តុំគ្នា​នៅ​ខាង​មុខ​ស្ថាន​ទូត​ម៉ាឡេស៊ី អ្នកស្រី​ប្រាប់​អ្នក​សារ​ព័ត៌មាន​វីអូអេ​ថា​ស្ថានទូត​ទាំង​២ ​គឺ​ជា​ប្រទេស​ដែល​បានចុះ​ហត្ថ​លេខី​លើ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស២៣ តុលា​ ១៩៩១ ដែល​អាចជួបជាមួយ​រដ្ឋាភិបាល​កម្ពុជា លើក​ឡើង​អំពី​ការ​គោរព​សិទ្ធិមនុស្ស និង​លទ្ធិ​ប្រជាធិប​តេយ្យ ជា​ពិសេសអន្តរាគមន៍​ដោះ​លែង​ស​កម្ម​ជន​នយោ​បាយ។

​អ្នក​ស្រី​បញ្ជាក់​ថា​៖ «ដូច​គ្រួសារ​របស់ខ្ញុំ​ផ្ទាល់[ជាប់ឃុំ​]​៨​ឆ្នាំ អ្នក​ខ្លះ​៦ឆ្នាំ ៧​ឆ្នាំ​ អ្នក​ខ្លះ​១០ឆ្នាំ​ទៀត​ អ៊ីចឹង​អត់​ដឹ​ង​ថា​ទោ​ស​អី​ទេ។ អ៊ីចឹង​ខ្ញុំ​សូម​រដ្ឋាភិបាល ក៏ដូច​ជាស្ថាន​ទូត​ ជំរុញ​យ៉ាង​ណា ​ធ្វើ​ការ​ដោះលែង​គ្រួសា​រ​របស់​ខ្ញុំ​មកវិ​ញ​»។

អ្នកស្រី ព្រុំ ចាន់ថា ស្រែកទាមទារឱ្យដោះលែងស្វាមីអ្នកស្រី និងសកម្មជនជាប់ឃុំផ្សេងទៀត នៅខាងមុខស្ថានទូតម៉ាឡេស៊ី ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣។ (លាស់ លីបលីប/ វីអូអេ)

​បើ​តាម​អ្នកស្រី ព្រុំ ចាន់ថា មូល​ហេតុ​ដែល​ស្វា​មី​របស់​អ្នកស្រី​ គឺ​លោក កាក់ កុម្ភារ​ មិន​ធ្វើ​លិខិត​សុំ​ទោស​ទៅ​កាន់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ​ដូចអ្វី​ដែល​សកម្មជន​គណ​បក្ស​សង្គ្រោះ​ជាតិ​ផ្សេង​ទៀត​ធ្វើដើម្បី​អាចចេញពី​ពន្ធនាគារ គឺ​ដោយ​សារស្វាមី​អ្នក​ស្រីនៅ​មាន​ឆន្ទៈ​តស៊ូ​ទាម​ទារ​នូវ​លទ្ធិ​ប្រជា​ធិប​តេយ្យ​សម្រាប់ប្រទេស​ជាតិ។

​អ្នកស្រី​បន្ថែម​ថា៖ «ជាប់​ពន្ធនាគារ​មិន​មែ​ន​ជា​ឋាន​សួគ៌ ហើយ​ក៏​មិន​មែន​ជា​កន្លែង​សុខ​សប្បាយ​ដែរ ​[ហើយ​ការ​ជាប់​ឃុំ​]​ដើម្បី​សេរីភាព​ប្រជា​ធិប​តេយ្យ ដើម្បី​សង្គម ​ដើម្បី​ឱ្យ​ក្មេងៗ​ជំនាន់​ក្រោយ​ថា​គាត់​លះ​បង់​តស៊ូ​ ដើម្បី​ប្រទេស​ជាតិ»។

​អ្នកស្រី ព្រុំ ចាន់ថា នៅ​តែ​អះអាង​ថាស្វាមី​របស់​អ្នកស្រី​មិនបាន​ប្រព្រឹត្ត​កំហុស​អ្វី​នោះ​ទេ ហើយ​ការ​ចាប់​ដាក់​ពន្ធនាគារ​បែប​នេះ​ គឺ​ជា​រឿង​អយុត្តិធម៌ សម្រាប់​ក្រុម​អ្នក​នយោ​បាយ​ ដែលនិន្នាការ​ផ្ទុយពី​រដ្ឋា​ភិ​បាល​។

​ចំណែកស្ត្រី​ម្នាក់​ទៀត​ដែល​ចូល​រួម​សុំ​អន្តរាគមន៍​ពី​ស្ថានទូត​ទាំង​ពីរ អ្នកស្រី ​ទៀង ចិន្តា ​អាយុ​៣៥ឆ្នាំ​ ជា​ភរិយា​របស់​លោក ​វឿង សំណាង សកម្ម​ជន​របស់​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ។ អ្នកស្រីឱ្យដឹង​ថា​ស្វាមីអ្នកស្រី​ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនា​គារ​៥​ឆ្នាំ ដោយ​ភាព​អយុត្តិ​ធម៌ និង​មិន​មាន​កំហុស​អ្វីនោះ​ទេ។ អ្នកស្រី​រំពឹង​ថា​ស្ថាន​ទូត​ទាំង​នោះ ​នឹង​ជួយអន្ត​រាគមន៍ទៅ​តាម​ការ​ស្នើ​របស់​ក្រុម​ស្ត្រី​ថ្ងៃសុក្រ។

អ្នកស្រី​ថ្លែង​ថា៖ «ខ្ញុំ​រំពឹង​នឹង​មាន​ការ​ជួយ​អន្តរាគមន៍​ពី​ទូត​ម៉ាឡេស៊ី ក៏​ដូចទូត​ផ្សេង​ៗ​ទៀត ដើម្បី​ឱ្យ​ប្តី​របស់​ពួក​ខ្ញុំ​ទាំង​អស់​មាន​សេរីភាព​ឡើង​វិញ»។

ស្វាមី​របស់​អ្នកស្រី គឺ​លោក វឿង សំណាង ​គឺ​ជាសកម្ម​ជន​របស់​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ ដែលបាន​ភៀស​ខ្លួន​ទៅ​ប្រទេស​ថៃ​ កាល​ពី​ឆ្នាំ​២០​២០ ដោយ​បារម្ភ​អំពី​សុវត្ថិភាព និងសន្តិសុខ​ផ្ទាល់​ខ្លួន។ ប៉ុន្តែ​លោក សំណាង​ ​ត្រូវ​បា​ន​អាជ្ញា​ធរ​ថៃ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៨ ​ខែ​វិច្ឆិកា​ឆ្នាំ​២០​២១ ហើយ​បាន​បញ្ជូន​មក​កម្ពុជា​វិញ​ ខណៈ​ពួក​គេ​មានឋានៈ​ជា​ជន​ភៀស​ខ្លួន​ទទួល​ស្គាល់​ដោយ​ឧត្តម​ស្នង​ការ​អង្គ​ការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន ​ឬ​ហៅ​កាត់​ថា ​UNHCR​។

តុលាកា​រក្រុង​ភ្នំ​ពេញ​ចោទ​ប្រកាន់​លោក ​វឿង សំណាង ​ពីបទ​ «​រួម​គំនិត​ក្បត់ និង​ការ​ញុះញង់​ឱ្យប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍​»​។

មន្ត្រី​នគរ​បាលដែល​យាម​ប្រចាំ​ការ​នៅ​ទូតម៉ាឡេស៊ី និ​ង​នៅទូត​ឥណ្ឌូណេស៊ី​ បញ្ជាក់​ទៅ​កាន់​ក្រុម​ស្រ្តី​ថ្ងៃ​សុក្រ​ថា​មន្ត្រី​ទូត​ជាប់​រវល់ មិន​អាច​ចេញ​មក​ជួប​ក្រុម​ស្រ្តី​ថ្ងៃ​សុក្រ​ឡើយ​។

ចំណែកក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ចង់​ឃើញ​អ្នក​នយោបាយ​មាន​ភាព​អត់​អោន​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ និង​បញ្ឈប់នូវវប្ប​ធម៌​ចោទ​ប្រកាន់​គ្នា។

ព័ត៌មាន​ទាក់ទង៖ ក្រុម​គ្រួសារ​សកម្មជន​​ស្នើ​​ដោះ​លែង​​​សាច់​ញាតិ ដោយ​សារ​ប្រឈម​បញ្ហា​សុខ​ភាព​ធ្ងន់ធ្ងរ

លោក​ ស៊ឹង សែនករុណា​ អ្នក​នាំពាក្យ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​កោត​សសើរ​ចំពោះ​ឆន្ទៈ​របស់​ក្រុម​ស្រ្ដី​ថ្ងៃ​សុក្រ​ ដែល​នៅ​តែ​បន្ដ​ទាម​ទារ​រក​យុត្តិធម៌​ដល់​ក្រុម​គ្រួសារ​របស់​ពួក​គេ បើទោះ​បី​ជា​មាន​សមា​ជិក​មួយ​ចំនួន​ផ្លាស់​ប្ដូរ​ជំហរ​ក៏​ដោយ។ លោក​បន្ថែម​ថា​កន្លងមក​ការ​លើក​លែង​ទោស​សកម្មជន​នយោបាយ​កើត​មាន​បន្ទាប់​ពី​មាន​ការ​ថ្លែង​សុំ​ទោស​ទៅ​កាន់​គណ​បក្ស​កាន់​អំណាច ខណៈសកម្មជន​នយោបាយ​ដែលមិន​សុំទោស គឺ​នៅ​តែ​បន្ដ​ជាប់​ឃុំ​ ដែល​ការណ៍​នេះ​ធ្វើ​ឱ្យ​ពួកគេទទួល​រង​ភាព​អយុត្តិ​ធម៌។

លោក​ថ្លែង​ថា៖ «អ៊ីចឹង​យើង​មិន​ចង់​ឱ្យ​ពលរដ្ឋ​រូបណា​គាត់​រង​ភាព​អយុត្តិធម៌​ ជួប​ការ​លំបាក​ទៅ​ពឹង​ពាក់​អាស្រ័យ​រដ្ឋ​បរទេស​ណា​ទេ​។ យើង​ចង់​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ដែល​ទទួល​តួនាទី​ហ្នឹង​ បំពេញ​កាតព្វ​កិច្ច​ឱ្យ​បាន​ត្រឹមត្រូវ​ទៅ ផ្ដល់​សិទ្ធិ​សេរី​ភាព​ទៅ​ អាហ្នឹង​វា​ជា​រឿង​មួយ​ចប់​ទៅ​ហើយ អត់​ប៉ះ​ពាល់​ទៅ​ដល់​មុខ​មាត់​រដ្ឋាភិបាល​ខ្លួនឯង​ផង»។

អ្នក​ស្រី ចក់ ​សុភាព នាយិកា​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​លើក​ឡើងថាជា​ញឹកញាប់ សកម្ម​ជន​គណបក្ស​ជំទាស់​ជាច្រើន​រូបរង​ការ​យាយី អំពើហិង្សា និង​ការ​ចោទ​ប្រកាន់​ផ្សេងៗ ទាំង​ដែល​គ្មាន​ការ​ចូល​រួម​វែក​ញែក​ស្វែងរក​យុត្តិធម៌​ណា​មួយ​ពី​អាជ្ញាធរ។ អ្នក​ស្រី​យល់​ថាសកម្មភាព​នយោបាយ​ទាំង​អស់​គួរ​តែ​ត្រូវ​បាន​ធានា ហើយ​មិនត្រូវ​ចាត់​ទុ​ក​ជា​បទ​ល្មើស​នោះ​ទេ ដើម្បី​ផ្ដល់​នូវ​បរិយា​កាស​អំណោយ​ផល​ដល់​គ្រប់​ភាគី​និង​តួអង្គ​នយោបាយ ឱ្យស្រប​តាម​សិទ្ធិធ្វើ​នយោបាយ​ដែល​មាន​ចែង និង​ធានា​ក្នុង​ច្បាប់​ជាតិ​ និង​អន្ដរជាតិ​ ។

អ្នកស្រី​ចង់​ឃើញ​អ្នក​នយោបាយកម្ពុជាមាន​ភាព​អត់អោន​គ្នា​ឱ្យ​បានច្រើន ជា​ពិសេស​បញ្ឈប់​វប្ប​ធម៌​ចោទ​ប្រកាន់​គ្នា​ ដើម្បីធ្វើឱ្យ​ប្រទេស​កម្ពុជា​ទទួល​បាន​សន្ដិភាព​ពេញ​លេញ​ដែល​ស្រប​តាម​លទ្ធិ​ប្រជា​ធិប​តេយ្យ។

អ្នក​ស្រី​ថ្លែង​ថា៖ «​មក​ដល់​សម័យ​ដែល​យើង​និយាយ​ថា​អរគុណ​សន្ដិភាព​នេះ មិនគួរ​យើង​នៅ​តែ​មាន​កម្អែលមួយ ​ដែល​យើង​ចោទ​គ្នា​ថាបុគ្គល​នេះជា​បុគ្គល​ក្បត់​ជាតិ​ ឬ​បុគ្គល​នេះ​រួម​គំនិត​ក្បត់​ សួរ​ថា​រួម​គំនិត​ក្បត់​ដើម្បី​អ្នកណា​ ហើយ​ធ្វើ​ឡើង​ដើម្បី​អី។ អ៊ីចឹង​មក​ដល់​កន្លែង​នេះ ​យើង​គួរ​តែ​បញ្ចប់​នូវ​វប្បធម៌​ចោទ​គ្នា​ ហើយ​គួរ​តែ​អាចមាន​នូវ​សា្មរតី​មួយ​ដែល​យើង​អាច​ រួប​រួម​ធ្វើការ​ជាមួយ​គ្នា​ហើយ​មាន​ភាព​អត់អោន​ផ្នែក​នយោ​បាយ​ឱ្យ​បាន​ខ្ពស់»។

គួរបញ្ជាក់​ថាកាល​ពីកន្លង​ទៅ ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​ចេញ​សាល​ក្រម​ដោយ​ផ្តន្ទា​ទោស​អតីត​សកម្ម​ជន​គណ​បក្ស​សង្គ្រោះ​ជាតិ​ចំនួន​៥១​នាក់​ឱ្យ​ជាប់​ពន្ធ​នាគារ ចាប់​ពី​៥​ឆ្នាំ​ទៅ​៨​ឆ្នាំ ក្រោម​បទ​ចោទ​«រួម​គំនិត​ក្បត់ ​និង​ញុះ​ញង់» ​នៅ​ក្នុង​សំណុំ​រឿង​គាំទ្រ​ការ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី ​អតីត​ប្រធាន​គណ​បក្ស​សង្រ្គោះ​ជាតិ ​កាល​ពី​ឆ្នាំ​២០១៩៕