ជនស៊ីវិលរាប់ពាន់នាក់នៅតែបន្តរត់ភៀសខ្លួននៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ា ស្របពេលមានការកើតឡើងការវាយប្រយុទ្ធគ្នាថ្មីៗក្នុងប៉ុន្មានសប្តាហ៍នេះ ហើយតំបន់ភាគច្រើន ជំនួយមនុស្សធម៌អាចចូលទៅដល់បានបន្តិចបន្តួចប៉ុណ្ណោះ។ ការណ៍នេះនាំឲ្យមានក្តីបារម្ភពីដំណើរការសន្តិភាពសម្រាប់ប្រទេសនេះ ដែលស្ថិតក្រោមការផ្ចុងផ្ដើមឡើងដោយរដ្ឋាភិបាលបច្ចុប្បន្ននេះ។
ការប្រយុទ្ធគ្នារវាងកងទ័ពមីយ៉ាន់ម៉ា ដែលត្រូវបានស្គាល់ថា Tatmadaw និងទាហានទាមទារឯករាជ្យតំបន់ Kachin បានបង្កឲ្យប្រជាជនរស់នៅតំបន់ទីប្រជុំជនយ៉ាងហោចណាស់ចំនួន៣ រត់ភៀសខ្លួនក្នុងរយៈប៉ុន្មានសប្តាហ៍ថ្មីៗនេះ នេះបើតាមប្រភពព័ត៌មានក្នុងស្រុកដែលបានរាយការណ៍ប្រាប់ VOA។ ប្រជាជនផ្សេងទៀតកំពុងជាប់ក្នុងតំបន់ប្រយុទ្ធគ្នានៅឡើយ។
ប្រជាជនជាង១៥០នាក់មិនអាចភៀសខ្លួនចេញពីតំបន់ដែលមានការប្រយុទ្ធគ្នាខ្លាំងនៅក្បែរតំបន់ Hpakant ដែលជាតំបន់ដាច់ស្រយាលនិងសម្បូរទៅដោយត្បូងទទឹមល្អៗទេ នេះបើតាមលោក Oo Choo អ្នកតំណាងរាស្រ្តសភាថ្នាក់តំបន់ ដែលបានប្រាប់VOA តាមរយៈទូរស័ព្ទ។
លោកបាននិយាយថា៖ «ប្រជាជននៅតំបន់នោះមិនអាចចេញទៅណាអស់រយៈពេលមួយសប្តាហ៍ហើយ»។
ជំនួយមនុស្សធម៌
លោក David Baulk អ្នកជំនាញសិទ្ធិមនុស្សនៃ Fortify Rights បាននិយាយថា ប្រជាជនរាប់ពាន់នាក់បានភៀសខ្លួនរប៉ាត់រប៉ាយដោយសារការប្រយុទ្ធគ្នាកាលពីពេលថ្មីៗនេះ។
លោក Baulk បានប្រាប់វីអូអេថា៖ «តំបន់ភាគច្រើននៃរដ្ឋKachin ជាតំបន់ដែលមានការប្រយុទ្ធគ្នានៅពេលនេះ ហើយស្ថានការណ៍បែបនេះបានធ្វើឲ្យប្រជាជនរត់គេចពីការស្លាប់។ បញ្ហាពិតប្រាកដដែលនាំឲ្យមានការរត់ភៀសខ្លួនរប៉ាត់រប៉ាយក្នុងតំបន់ Tanai និងតំបន់ផ្សេងៗទៀតនៃរដ្ឋ Kachin គឺរដ្ឋាភិបាលមីយ៉ាន់ម៉ានៅតែបន្តការទប់ស្កាត់ជាលក្ខណៈប្រព័ន្ធហាមឃាត់ក្រុមការងារផ្តល់ជំនួយមិនឲ្យចូលទៅកាន់តំបន់ទាំងនោះដើម្បីផ្តល់ជំនួយបឋមដល់ប្រជាជននោះទេ»។
លោក Knut Ostby អ្នកសម្របសម្រួលកម្មវិធីអង្គការសហប្រជាជាតិសម្រាប់ការតាំងទីលំនៅនិងមនុស្សធម៌ប្រចាំប្រទេសមីយ៉ាន់ម៉ា បានចេញសេចក្តីថ្លែងការណ៍មួយកាលពីពេលថ្មីៗនេះ ថ្កោលទោសអំពើហិង្សាដែលកើតឡើងក្នុងពេលថ្មីៗនេះក្នុងរដ្ឋ Kachin។
លោកបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍នោះថា៖ «ខ្ញុំសូមអំពាវនាវឲ្យរាល់ភាគីជម្លោះទាំងអស់អនុញ្ញាតឲ្យប្រជាជនដែលកំពុងរត់ភៀសខ្លួននិងជនស៊ីវិលផ្សេងទៀតដែលកំពុងស្ថិតនៅក្នុងតំបន់ជម្លោះអាចរត់ភៀសខ្លួនទៅតំបន់ដែលមានសុវត្ថិភាពតាមបំណងរបស់ពួកគេ និងអនុញ្ញាតឲ្យជំនួយមនុស្សធម៌អាចដឹកជញ្ជូនទៅដល់ប្រជាជនទាំងនោះជាបន្ទាន់»។
ក៏ប៉ុន្តែអ្នកនាំពាក្យរដ្ឋាភិបាល លោក Zaw Htay បានច្រានចោលទៅលើការណ៍ដែលថា ក្រុមយោធាបានបដិសេធមិនឲ្យចូលទៅផ្តល់ជំនួយដល់ជនស៊ីវិលដែលជាប់ក្នុងតំបន់ជម្លោះនោះ។
លោក Htayបាននិយាយប្រាប់ VOA តាមរយៈទូរស័ព្ទថា៖ «រដ្ឋាភិបាលកំពុងគាំទ្ររាល់ជំនួយមនុស្សធម៌សម្រាប់ប្រជាជនកាន់សាសនាគ្រិស្តក្នុងតំបន់ជម្លោះនោះ»។ ក្រោយមកលោកបានប្រាប់ថា ចំពោះសំណួរបន្ថែមទៀត ឲ្យសួរទៅកាន់ក្រសួងសុខុមាលភាពសង្គម ជំនួយមនុស្សធម៌ និងការតាំងទីលំនៅឡើងវិញ ប៉ុន្តែ VOA មិនទាន់អាចទាក់ទងបាននៅឡើយទេ។
ឧក្រិដ្ឋកម្មសង្គ្រាម
កាលពីថ្ងៃទី ២៣ ខែ មេសា កន្លងទៅនេះ ក្រុមអង្គការសង្គមស៊ីវិលក្នុងរដ្ឋ Kachin ជាង៣០ បានចេញផ្សាយលិខិតមួយច្បាប់ដែលជំរុញឲ្យក្រុមប្រឹក្សាអង្គការសហប្រជាជាតិពិចារណានាំយកកងទ័ពមីយ៉ាន់ម៉ាឲ្យឡើងតុលាការឧក្រិដ្ឋកម្មអន្តរជាតិសម្រាប់សកម្មភាពរបស់ពួកគេក្នុងរដ្ឋមួយនេះ។
សេចក្តីថ្លែងការណ៍នោះបានសរសេរថា៖ «ថ្វីត្បិតតែស្ថិតក្នុងកាតព្វកិច្ចរបស់ខ្លួនក៏មិនពិតមែន ប៉ុន្តែសហគមន៍អន្តរជាតិ រួមទាំងសមាជិកនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបរាជ័យក្នុងការអនុវត្តច្បាប់អន្តរជាតិ»។ សេចក្តីថ្លែងការណ៍នេះបានអះអាងថា ប្រជាជនក្នុងរដ្ឋ Kachin កំពុងរង«ការរំលោភបំពានជាច្រើន» យោងតាមច្បាប់អន្តរជាតិ។
សេចក្តីថ្លែងការណ៍នេះក៏បានបញ្ជាក់ថា យ៉ាងហោចណាស់មានជនស៊ីវិល៣នាក់ក្នុងរដ្ឋ Kachin ព្រមទាំងមេដឹកនាំសហគមន៍ Karen ម្នាក់ បានបាត់បង់ជីវិតក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះ។
សេចក្តីថ្លែងការណ៍នោះក៏បានបន្ថែមថា «ទង្វើទាំងអស់នេះគឺជាឧក្រិដ្ឋកម្មសង្គ្រាម ប៉ុន្តែមិនទាន់មានប្រទេសណាមួយថ្កោលទោសការសម្លាប់រង្គាលទាំងអស់នេះនៅឡើយទេ ហើយក៏មិនមានប្រទេសណាសន្យាថានឹងចាត់វិធានការឆ្លើយតបនោះដែរ»។
ដំណើរការសន្តិភាពនៅជាប់គាំង
ចាប់តាំងពីគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យចូលកាន់អំណាចជាងពីរឆ្នាំមកនេះ ដំណើរការសន្តិភាពវិវត្តទៅមុខតិចតួចណាស់ បើទោះជាលោកស្រី អង់សាន ស៊ូជី ដែលជាទីប្រឹក្សារដ្ឋបាននិយាយថា អ្នកស្រីនឹងចាត់ទុកបញ្ហានេះជាអាទិភាពក៏ដោយ។
ក្នុងខែកុម្ភៈ ក្រុមប្រដាប់អាវុធជនជាតិដើមភាគតិចតូចៗចំនួន២បានយល់ព្រមចុះកិច្ចសន្យាលើបទឈប់បាញ់ទូទាំងប្រទេសរបស់រដ្ឋាភិបាល ប៉ុន្តែដំណើរវិវត្តនេះត្រូវបានរំខានដោយការប្រយុទ្ធគ្នាដែលកើតឡើងថ្មីៗនៅរដ្ឋ Kayin ដែលជាទីតាំងរបស់សម្ព័ន្ធជាតិ Karen ដែលអាចជាក្រុមមួយដែលមានឥទ្ធិពលខ្លាំងបំផុតក្នុងចំណោមក្រុមទាំងពីរ និងដែលបានចុះហត្ថលេខាលើបទឈប់បាញ់ទូទាំងប្រទេសកាលពីខែតុលា ឆ្នាំ២០១៥។
អស់រយៈពេលជិតពីរឆ្នាំមកហើយចាប់តាំងពីរដ្ឋាភិបាលបានរៀបចំកម្មវិធីចរចាសម្រាប់ដំណើរការសន្តិភាព ដូចជាសន្និសីទសន្តិភាពសហភាព Panglong សតវត្សរ៍ទី២១ ដែលជាកម្មវិធីលើកទីពីរ ដែលត្រូវបានរៀបចំឡើងដោយគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ។ ធ្លាប់មានពាក្យចចាមអារ៉ាមលេចឮថា កម្មវិធីបន្ទាប់ទៀតនឹងធ្វើឡើងនៅខែឧសភានេះ ប៉ុន្តែមិនទាន់មានការបញ្ជាក់ឲ្យច្បាស់នៅឡើយទេ៕
ប្រែសម្រួលដោយ កោះ សុគន្ធី