បារាំងសរសើរភាពក្លាហានរបស់កម្ពុជាក្នុងការថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន

ប្រធានាធិបតីបារាំងលោក Emmanuel Macron និងនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ធ្វើ​សន្និសីទ​សារព័ត៌មាន​រួមគ្នា​មួយ ​នៅវិមាន​ប្រធានាធិបតី Elysee ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤។

នៅ​មុន​ជំនួប​ផ្លូវ​ការ​ក្នុង​ទីក្រុង​ប៉ារីស ប្រធានាធិបតី​បារាំង លោក Emmanuel Macron បាន​សរសើរ​កម្ពុជា​ដែល​បាន​បង្ហាញ​ភាព​ក្លាហាន​ក្នុង​ការ​បោះ​ឆ្នោត​សម្រេច​ថ្កោល​ទោស​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី​លើ​ប្រទេស​អ៊ុយ​ក្រែន នៅ​ក្នុង​មហា​សន្និបាត​របស់​អង្គការ​សហប្រជាជាតិ​កាល​ពី​ឆ្នាំ​ ២០២២។

លោក ហ៊ុន ម៉ាណែត ដែល​កាន់​អំណាច​ជា​នាយករដ្ឋមន្រ្តី បាន​ជិត​ ៥​ខែ ​កំពុង​បំពេញ​ទស្សន​កិច្ច​ផ្លូវ​ការ​របស់​លោក​នៅ​ប្រទេស​បារាំង។ លោក​បាន​ជួប​ប្រធានាធិបតី​បារាំង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ នៅ​វិមាន​ប្រធានាធិបតី​អេលីហ្សេ ក្នុងទីក្រុង​ប៉ារីស។ លោក​ក៏​បាន​ជួប​ជាមួយ​ប្រធាន​រដ្ឋសភា និង​ប្រធាន​ព្រឹទ្ធសភា​បារាំង​ផង​ដែរ។

នៅ​មុន​ជំនួប​ផ្លូវ​ការ ប្រធានាធិបតី​បារាំង​បាន​ថ្លែង​ក្នុង​សន្និសីទ​មួយ​ថា ​បារាំង​អរគុណ​កម្ពុជា​ដែល​បាន​ថ្កោល​ទោស​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​ដែល​លោក​បញ្ជាក់​ថា​ នេះ​ជា​«ជំហរ​ដ៏​ក្លាហាន»មួយ​របស់​កម្ពុជា។

កាល​ពី​ខែតុលា ឆ្នាំ​ ២០២២ កម្ពុជា​ដែល​ជា​ប្រធាន​សមាគម​អាស៊ាន​ប្តូរ​វេន​កាល​នោះ បាន​បោះ​ឆ្នោត​គាំទ្រ និង​បាន​ចូល​ជា​សហ​ស្ថាបនិក​នៃ​សេចក្តី​សម្រេច​ត​របស់​មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ។

នៅ​ក្នុង​សន្និសីទ​ក្នុង​ទីក្រុង​ប៉ារីស លោក Emmanuel Macron ប្រធានាធិបតី​បារាំង ក៏​បាន​ប្រកាស​ថា ​បារាំង​នឹង​ផ្តល់​កញ្ចប់​ថវិកា ​២០០​លាន​អឺរ៉ូ​ ដល់​ប្រទេស​កម្ពុជា​សម្រាប់​ឆ្នាំ​ ២០២៤ ដើម្បី​ជួយវិស័យ​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ថាមពល និង​ប្រព្រឹត្តកម្ម​ទឹក​ស្អាត​ក្នុង​ប្រទេស​កម្ពុជា។

កាល​ពី​ឆ្នាំ​ ២០២៣ រដ្ឋាភិបាល​បារាំង តាម​រយៈ​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការ​អភិវឌ្ឍ​(AFD)​ បាន​ផ្តល់​ហិរញ្ញប្បទាន​ជាង ​២០០​លាន​អឺរ៉ូ​ សម្រា​ប់គម្រោង​នានា​នៅ​កម្ពុជា ជាពិសេស​ការ​កសាង​ហេដ្ឋារចនា​សម្ព័ន្ធ​ទឹក​ស្អាត ការ​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ និង​ថាមពល។

នៅ​ក្នុង​សន្និសីទ​នោះ លោក ហ៊ុន ម៉ាណែត បាន​ថ្លែង​ថា​ កម្ពុជា​ចងចាំ​ជានិច្ច​នូវ​តួនាទី​របស់​បារាំង​នៅ​ក្នុង​នាម​ជា​ស្ថាបនិក និងសហប្រធាន​សន្និសីទ​ទីក្រុង​ប៉ារីស​ ដែល​នាំ ទៅ​សម្រេច​បាន​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​ឆ្នាំ​ ១៩៩១ ហើយ​បារាំង​បាន​ចូលរួម​អភិវឌ្ឍ​កម្ពុជា​តាំង​ពី​ពេល​នោះ​មក។

លោក ហ៊ុន ម៉ាណែត បញ្ជាក់​ថា​កម្ពុជា​នឹង​បន្ត​ពង្រឹង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ជាមួយ​បារាំង ហើយ​លោក​ស្នើ​ឱ្យ​ភាគី​ទាំង​ពីរ​ពិនិត្យ​លទ្ធភាព​នៅ​ក្នុង​ការ​លើក​តម្កើង​នៃ​កម្រិត​កិច្ច​សហប្រតិបត្តិ​ការ​របស់​ប្រទេស​ទាំង​ពីរ។ លោក ហ៊ុន ម៉ាណែត ក៏​សង្ឃឹម​ថា​ ទំហំ​វិនិយោគ​និង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ​នឹង​កើន​ឡើង​នៅ​ឆ្នាំ​បន្ត​បន្ទាប់​ផង​ដែរ៕