ប៉ូលិស​បារាំង​ចាប់​ខ្លួន​មនុស្ស​៧នាក់​ក្នុង​ការ​តាម​ប្រមាញ់​ជន​បាញ់​ប្រហារ​នៅ​Charlie Hebdo

ផ្កា​ ប៊ិច​ និង​បដា​ផ្សេងៗត្រូវបាន​ដាក់​ដើម្បី​បង្ហាញ​សាមគ្គីភាព​ជាមួយ​នឹង​អ្នក​ដែល​បាន​ស្លាប់​នៅក្នុង​ការ​វាយប្រហារ​មួយ​នៅ​ការិយាល័យ​ទស្សនាវដ្តី​​ប្រចាំ​សប្តាហ៍​ Charlie Hebdo។

មន្ត្រីបារាំង​និយាយ​ថា​ មនុស្ស​៧​នាក់​ត្រូវ​ចាប់ខ្លួននៅក្នុង​តាមរក​ជនសង្ស័យ​ដ៏សំខាន់​ពីរនាក់​ក្នុងការ​បាញ់​ប្រហារ​កាលពី​ថ្ងៃពុធ​ ដែល​បាន​សម្លាប់​មនុស្ស​១២នាក់​នៅ​ការិយាល័យ​ទស្សនាវដ្តី​ Charlie Hebdo​ នៅ​ទី​ក្រុង​ប៉ារីស។​

លោក​នាយករដ្ឋមន្ត្រី​ Manuel Valls​ បានប្រាប់​អ្នកយក​ព័ត៌មាន​នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ជនសង្ស័យ​ពីរនាក់​នោះ​ត្រូវបាន​ផ្នែកស៊ើប​ការណ៍​សម្ងាត់ស្គាល់​អត្តសញ្ញាណ​ហើយ។ ​លោក​នាយករដ្ឋមន្ត្រី​ថ្លែង​ថា​ ជន​ទាំងពីរ​នោះ​ធ្វើ​សកម្មភាព​ដូចជា​ទាហាន។​

លោក​នាយក​រដ្ឋមន្ត្រី​ក៏បាន​និយាយ​ដែរថា ​ការទប់ស្កាត់​មិន​ឲ្យ​មាន​ការ​វាយប្រហារ​បែប​នេះជា​លើកទីពីរគឺ​ជា​កង្វល់​ចម្បង​របស់​រដ្ឋាភិបាល។​ ប៉ូលិសនៅ​ទីក្រុង​ប៉ារីស​និយាយថា ​ប៉ូលិស​ស្រ្តីម្នាក់​បាន​ស្លាប់​ដោយសារ​ជនល្មើស​បាញ់​នៅថ្ងៃព្រហស្បតិ៍​នេះ​ នៅភាគខាងត្បូង​ទីក្រុងប៉ារីស។ គេនៅ​មិនទាន់​ដឹង​នៅឡើយ​ថា​ តើការ​បាញ់​ប្រហារ​នៅថ្ងៃព្រហស្បតិ៍​នេះ​ទាក់ទង​នឹង​ការតាមរកជន​សង្ស័យក្នុង​ការបាញ់​ប្រហារ​នៅ​ Charlie Hebdo ​នោះឬ​យ៉ាងណា​ទេ ។

ខណៈពេល​ដែលជន​ល្មើសម្នាក់​ឈ្មោះ ​Hamyd Mourad​ អាយុ១៨ឆ្នាំ​បានប្រគល់​ខ្លួនឲ្យអាជ្ញាធរ​ទាក់ទង​នឹង​ការបាញ់​ប្រហារ​កាលពីថ្ងៃពុធ ប៉ូលិសនៅតែ​ស្រាវជ្រាវ​រក​បងប្អូន​ប្រុសរបស់​ជននោះ​ឈ្មោះ Said និង ​Cherif Kouachi។ ​ជនទាំង​ពីរនេះ​ជា​អ្នករស់នៅ​ក្រុងប៉ារីស​ អាយុខ្ទង់​៣០​ឆ្នាំ ​ហើយ Cherif ​ធ្លាប់បានជាប់​ពន្ធនាគារ​ពីបទភេរវកម្ម។​ អាជ្ញាធរ​បារាំងនិយាយ​ថា ​ជនទាំងនោះ​ប្រដាប់​ដោយអាវុធ ​និង​ប្រកប​ទៅ​ដោយ​គ្រោះថ្នាក់​៕