សភាបារាំងកាលពីថ្ងៃចន្ទបានអនុម័តសេចក្តីព្រាងច្បាប់ដែលនឹងតម្រូវឲ្យបុគ្គលិកសុ ខាភិបាលពាក់ម៉ាស់បង្ការជំងឺកូវីដ១៩ និងតម្រូវឲ្យមានបណ្ណសុខភាពនៅតាមទីកន្លែងធំៗនៅពេលដែលបារាំងប្រយុទ្ធប្រឆាំងរលកទី៤នៃការឆ្លងវីរុសកូរ៉ូណា។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
ពួកភ្ញៀវដែលទៅសារមន្ទីរ រោងភាពយន្ត ឬអាងហែលទឹកនៅក្នុងប្រទេសបារាំងនឹងត្រូវគេបដិសេធមិនឲ្យចូល ប្រសិនបើពួកគេ មិនអាចបង្ហាញបណ្ណដែលបានបង្ហាញថា ពួកគេបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឬបានធ្វើតេស្តកូវីដ១៩អវិជ្ជមាននៅពេលថ្មីៗនេះទេ។ បណ្ណសុខភាពតម្រូវឲ្យមាន នៅពេលទៅចូលរួមពិធីធំៗឬទៅក្លឹប។
ចាប់ផ្តើមពីខែសីហាតទៅ បណ្ណសុខភាពនឹងតម្រូវឲ្យមានដើម្បីចូលភោជនីយដ្ឋាន រង្គសាល ការធ្វើដំណើរតាមរថភ្លើងឆ្ងាយៗ និងការជិះយន្តហោះ។
វិធានការនានាដែលមាននៅក្នុងសេចក្តីព្រាងច្បាប់ត្រូវគេរំពឹងថា នឹងផុតកំណត់នៅថ្ងៃទី១៥ ខែវិច្ឆិកាខាងមុខនេះ។ សេចក្តីព្រាងច្បាប់នេះត្រូវការទទួលការយល់ព្រមពីតុលាការធម្មនុញ្ញ មុនពេលច្បាប់នេះចូលជាធរមាន។
ចាប់តាំងពីដើមខែកក្កដាមក ការឆ្លងថ្មីមានប្រហែល៤ពាន់ករណីក្នុងមួយថ្ងៃ ប៉ុន្តែការឆ្លងបានកើនឡើងជាបណ្ដើរៗរហូតដល់២ម៉ឺន២ពាន់ករណីកាលពីសប្តាហ៍មុន ហើយករណីឆ្លងធ្ងន់ធ្ងរដែលតម្រូវឲ្យទទួលការព្យាបាលនៅមន្ទីរពេទ្យក៏បានកើនឡើងផងដែរ។
ដូចជាប្រទេសផ្សេងៗទៀតនៅទូទាំងតំបន់អឺរ៉ុបដែរ ប្រទេសបារាំងកំពុងប្រឈមនឹងវីរុសបំប្លែងថ្មីដែលតាដែលឆ្លងលឿន ដែលត្រូវបានគេរកឃើញមុនដំបូងនៅក្នុងប្រ ទេសឥណ្ឌា។ វីរុសបំប្លែងថ្មីដែលតានេះកំពុងគំរាមកំហែងបង្កឲ្យមានការអូសបន្លាយការឆ្លងរាតត្បាតជំងឺកូវីដ១៩ និងធ្វើឲ្យប៉ះពាល់ដល់ការស្ដារសេដ្ឋកិច្ចឡើងវិញ។
ពួកអ្នកជំនាញនៅវិទ្យាស្ថានប៉ាស្ទ័ររបស់បារាំង បាននិយាយនៅដើមឆ្នាំនេះថា ការបន្ធូ បន្ថយការរឹតត្បិតទាំងអស់នៅក្នុងប្រទេសអាចត្រូវធ្វើទៅបានដោយគ្មានការរាតត្បាតកើតមានឡើងវិញ ប្រសិនបើមនុស្សពេញវ័យជាង៩០ភាគរយ បានទទួលការចាក់វ៉ាក់សាំង៕