លោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ នឹងទទួលជួបឯកអគ្គរដ្ឋទូតបស្ចឹមប្រទេសពីររូបនៅថ្ងៃចន្ទនេះ ក្រោយពេលតុលាការបានដោះលែងលោក ដោយមានភ្ជាប់លក្ខខណ្ឌ ឬបន្ធូរបន្ថយលក្ខខណ្ឌនៃការដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ។ នេះបេីតាមការបញ្ជាក់របស់លោកមុត ចន្ថា មន្ត្រីអតីតនាយកឧទ្ទកាល័យលោកកឹម សុខា។
ឯកអគ្គរដ្ឋទូតទាំងពីរនោះគឺ លោកស្រី អេវ៉ា ង្វៀន ប៊ិញ (Eva Nguyen BINH) ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា និងឯកអគ្គរដ្ឋទូតអាមេរិក Patrick Murphy ប្រចាំកម្ពុជា។
លោកមុត ចន្ថា បានអះអាងថា នេះជាការចាប់ផ្តេីមកិច្ចការងាររបស់លោក ក្រោយពេលលោកកឹម សុខា បានទទួលការបន្ធូរបន្ថយលក្ខខណ្ឌ ហេីយឯកអគ្គដ្ឋទូតនឹងចូលមកជួបសម្តែងការគួរសមជាមួយលោកកឹម សុខា។ ការបន្ធូរបន្ថយលក្ខខណ្ឌលើមេដឹកនាំគណបក្សប្រឆាំងមួយនេះបានកើតឡើង ស្របពេលដែលលោក សម រង្ស៊ី ប្រធានស្តីទីគណបក្សនិងសមាជិកបក្សផ្សេងៗទៀតដែលនិរទេសខ្លួនក្រៅប្រទេស បានព្យាយាមត្រឡប់ចូលប្រទេសកម្ពុជាវិញ ប៉ុន្តែមិនបានសម្រេចតាមការគ្រោងទុក។
លោកកឹម សុខា ត្រូវបានដោះលែងនិងបន្ធូរបន្ថយលក្ខខណ្ឌនៃការដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ក្រោយពីក្រុមមេធាវីបានស្នេីសុំឲ្យមានការដោះលែងលោកកឹម សុខា ដោយយោងថាថិរវេលានៃការឃុំខ្លួនដោយគ្មានការកាត់ទោសបានលេីសកំណត់ជាងពីរឆ្នាំ ហេីយមិនមានភស្តុតាងដាក់បន្ទុកលេីលោកកឹម សុខា។ ប៉ុន្តែតុលាការបានបន្ធូរបន្ថយលក្ខខណ្ឌដោយផ្អែកលើហេតុផលសុខភាពនិងការសហការល្អរបស់លោកកឹម សុខា ជាមួយតុលាការ។ នេះបេីតាមសេចក្តីប្រកាសព័ត៌មានរបស់តុលាការរាជធានីភ្នំពេញកាលពីម្សិលមិញ។
នៅក្នុងសាររបស់លោកលេីទំព័រហ្វេសប៊ុក លោកកឹម សុខា បានបញ្ជាក់ថា កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សហមេធាវីការពារសិទ្ធិរបស់លោកបានដាក់ពាក្យស្នើសុំឲ្យចៅក្រមស៊ើបសួរ លើកលែងបទចោទមកលើរូបលោក តែលោកថា «ប៉ុន្តែសេចក្តីសម្រេចរបស់ចៅក្រមក្នុងថ្ងៃនេះ (អាទិត្យ) មិនមែនជាការលើកលែងការចោទប្រកាន់ឡើយ គឺត្រឹមតែជាការកែប្រែលក្ខខណ្ឌនៃកាតព្វកិច្ចមួយចំនួនតែប៉ុណ្ណោះ»។
លោកកឹម សុខា បានបន្ថែមថា «ក្នុងនាមជាបុគ្គលស្អាតស្អំម្នាក់ដែលត្រូវបានរងការឃុំខ្លួនទាំងគ្មានកំហុស២ឆ្នាំមកហើយ ខ្ញុំនៅតែបន្តទាមទារឲ្យទម្លាក់ចោលបទចោទប្រកាន់មកលើរូបខ្ញុំ។ ខ្ញុំរំពឹងថាសេចក្តីសម្រេចក្នុងថ្ងៃនេះគឺជាជំហានទី១ ប៉ុន្តែរូបខ្ញុំក៏ដូចជាពលរដ្ឋខ្មែរដទៃទៀតដែលបានបាត់បង់សិទ្ធិសេរីភាពនយោបាយនៅតែត្រូវការដំណោះស្រាយនិងយុត្តិធម៌ពិតប្រាកដ»៕