របាយការណ៍ថ្មីមួយ និយាយថាប្រទេសកាន់តែច្រើនឡើងៗ កំពុងបង្កើនការចាប់ពិរុទ្ធ ការប្រើប្រាស់ អ៊ីនធឺណិត ព្រមទាំងតាក់តែងច្បាប់ ដើម្បីអនុញ្ញាតឲ្យមានការឃ្លាំមើលថាតើ ប្រជាពលរដ្ឋ របស់ខ្លួន ប្រើប្រាស់ អ៊ីនធឺណិត ដើម្បីធ្វើអ្វីខ្លះ និងដើម្បីនិយាយអ្វីខ្លះ។
អង្គការ Freedom House បានចេញរបាយការណ៍មួយ នៅថ្ងៃព្រហស្សតិ៍ ដែលមានចំណងជើងថា «សេរីភាពនៃអ៊ីនធឺណិតឆ្នាំ២០១៤» ដែលជាលទ្ធផលនៃការស្រាវជ្រាវប្រចាំឆ្នាំមួយ នៃរដ្ឋាភិបាលចំនួន ៦៥ និងគោលនយោបាយរបស់ពួកគេ ទាក់ទងនឹងការឃ្លាំមើលអត្ថបទលើអ៊ីនធឺណិត។ របាយការណ៍នេះ ថែមទាំងពិនិត្យមើល ប្រភេទឃ្លាំមើលអេឡិចត្រូនិច ដែលរដ្ឋាភិបាលទាំងនោះប្រើប្រាស់ និងវិធីដែលពួកគេ ដាក់ទណ្ឌកម្មលើប្រជាពលរដ្ឋរបស់ខ្លួន ដែលធ្វើសកម្មភាព តាមប្រព័ន្ធអ៊ីនធឺណិត ដែលខ្លួនមិនអនុញ្ញាតនោះ។
អ្នកស្រី Laura Reed ដែលជាអ្នកវិភាគម្នាក់នៃអង្គការ Freedom House និង ដែលជាសហនិពន្ធ នៃរបាយការណ៍នេះ បានថ្លែងថា ការធ្លាក់ចុះខ្លាំងជាងគេ គឺនៅក្នុងប្រទេសរុស្ស៊ី ទួគី ហើយនិង អ៊ុយក្រែន។ អ្នកស្រីបន្ថែមទៀតថា អ៊ីរ៉ង់ ស៊ីរី និងចិន ត្រូវបានចាត់ទុកថា មានស្ថានភាពអាក្រក់ជាងគេ ជាទូទៅ ជាថ្មីម្តងទៀត ដូចនៅក្នុងរបាយការណ៍ឆ្នាំមុនៗដែរ។
ក្នុងចំណោមប្រទេស ៦៥ ដែលគេស្ទង់មតិនោះ ប្រទេស ៣៦ បានទទួលពិន្ទុទាបជាងឆ្នាំមុន ចំពោះវិធានការណ៍របស់ខ្លួន ពាក់ព័ន្ធនិងសេរីភាពអ៊ីនធឺណិត។ ក្នុងចំណោមនោះ គេសង្កេតឃើញប្រទេស១២ ដែលបានចាត់វិធានការណ៍ ល្អប្រសើរជាងមុន ទាក់ទងសេរីភាព នៃការប្រើប្រាស់អ៊ីនធឺណិត។
ក្នុងចំណោមប្រទេសដែលមានភាពល្អប្រសើរឡើងនោះ រួមមានប្រទេស មីយ៉ាន់ម៉ា ទុយណេស៊ី គុយបា និងឥណ្ឌា។ អ៊ីរ៉ង់ត្រូវសន្មត់ថា មានសេរីភាពតិចតួច ដោយសារការបន្ធូរព័ត៌មានបន្តិច ទោះជាអ្នកនិពន្ធរបាយការណ៍ បានសន្មត់ថា អ៊ីរ៉ង់ នៅតែជាប្រទេសយ៉ាងអាក្រក់បំផុតមួយ ដែលបំពានលើសេរីភាពសម្តែងមតិដោយសេរី និងសិទ្ធិរក្សារឿងឯកជន របស់អ្នកប្រើប្រាស់ ក៏ដោយ។
បណ្តាប្រទេសដែលត្រូវចាត់ទុកថា មានសេរីភាព កាន់តែតិចជាងមុន រួមមានប្រទេសដែលរំលោភលើសិទ្ធិសេរីភាព យ៉ាងរ៉ាំរៃ ដូចជាប្រទេស អារ៉ាប៊ី សាអូឌីត ស៊ីម បាវេ និងវៀតណាម ព្រមទាំង សរអា ដែលអ្នកនិពន្ធរបាយការណ៍ និយាយថាមានការកើនបន្តិច ក្នុងការកំណត់ អត្ថបទ ហើយនិង ការបំពានលើសិទ្ធិរបស់អ្នកប្រើប្រាស់៕