«ការ​ពិភាក្សា​ដោយ​ស្មោះត្រង់»​ស្តីពី​​មីយ៉ាន់ម៉ា​គ្រប​ដណ្តប់​​ជំនួប​​រដ្ឋមន្ត្រី​ការបរទេស​​អាស៊ាន​

  • ​Reuters

រដ្ឋមន្ត្រី​ការ​បរទេស​​ឥណ្ឌូណេស៊ី​លោកស្រី Retno Marsudi និង​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ និង​រដ្ឋមន្ត្រី​ការបរទេស​ទីម័រខាងកើត​លោកស្រី Adaljiza Magno ថត​រូប​ជុំ​គ្នា​នៅ​អគ្គលេខាធិការដ្ឋាន​អាស៊ាន​នៅ​រដ្ឋធានី​ហ្សាការតា​ ប្រទេស​ឥណ្ឌូណេស៊ី​​ កាល​ពី​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០២៣។

ជម្លោះ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ជា​ប្រធាន​បទ​គ្រប​ដណ្តប់ជំនួប​ដំបូង​របស់​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ឆ្នាំ​នេះ​ នៅ​ក្នុង​រដ្ឋធានី​ហ្សាការតា​ ប្រទេស​ឥណ្ឌូណេស៊ី នៅ​ថ្ងៃ​សុក្រ ​ដោយ​អ្នក​ការទូត​កំពូល​ឥណ្ឌូណេស៊ី​និយាយ​ថា ​រដ្ឋ​ជា​សមាជិក​បាន​ពិភាក្សា​គ្នា​ដោយ​ស្មោះត្រង់​អំពី​បញ្ហា​នេះ។​ នេះ​បើ​តាម​សេចក្តី​រាយ​ការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន ​Reuters។​

រដ្ឋមន្ត្រី​ការ​បរទេសឥណ្ឌូណេស៊ី​ដែល​ជា​ប្រធាន​កិច្ច​ប្រជុំ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​នៅ​ឆ្នាំ​នេះ​បាន​និយាយ​ថា ​ប្លុក​នេះ​បាន​ជំរុញ​ឱ្យ​មាន​កិច្ច​សន្ទនា​រវាង​បណ្តា​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ ដោយ​អាស៊ាន​បាន​ពិភាក្សា​ស៊ី​ជម្រៅ​អំពី​បញ្ហា​នេះ​កាលពី​ថ្ងៃ​សុក្រ។​

បន្ទាប់ពី​ថ្លែង​បើក​កិច្ច​ប្រជុំ​ជាមួយ​សមភាគី​របស់​លោក​ស្រី​នៅ​ក្នុង​តំបន់​ដែល​ពួក​មេ​ដឹកនាំ​យោធា​មីយ៉ាន់ម៉ា​បាន​ត្រូវ​គេ​រារាំង​មិន​ឱ្យ​ចូលរួម​នោះ​ ​លោក​ស្រី Retno Marsudi ​បាន​ថ្លែងប្រាប់​សន្និសីទ​កាសែត​ថា៖​ «ជំនួប​នេះ​នឹង​ផ្តោត​លើ​ការ​ពិភាក្សា​បញ្ហា​មីយ៉ាន់ម៉ា​នៅ​ក្នុង​លក្ខណៈ​បើក​ចំហ​ ស៊ី​ជម្រៅ​ និង​ស្មោះត្រង់​ដូចគ្រួសារ​តែ​មួយ»។​

ចាប់តាំង​ពី​ការ​ដណ្តើម​អំណាច​ដោយ​រដ្ឋ​ប្រហារ​នៅ​ថ្ងៃ​ទី១ ​ខែ​កុម្ភៈ​កាល​ពី​២​ឆ្នាំ​មុន​ ពួក​យោធា​មីយ៉ាន់ម៉ា​បាន​ធ្វើ​ឱ្យ​ប្រទេស​ធ្លាក់​ចូល​ក្នុង​ភាព​ចលាចល និង​អំពើ​ហិង្សា​ ហើយ​មិន​បាន​អនុវត្ត​ផែនការ​សន្តិភាព​របស់​អាស៊ាន​ ដែល​រួមមាន​ការ​បញ្ឈប់​ជម្លោះ​ ហើយ​ចាប់ផ្តើម​ការ​សន្ទនានោះ​ទេ។​

លោក​ស្រី ​Retno ​បាន​និយាយ​ទៀត​ថា​ ការ​កាត់​បន្ថយ​អំពើ​ហិង្សា​ និង​ការ​អនុញ្ញាត​ឱ្យ​មាន​ជំនួយ​មនុស្សធម៌​នឹង​ក្លាយ​ជា​គន្លឹះ​មួយ​ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថា​ ការ​ពិភាក្សា​នោះ​អាច​ចាប់​ផ្តើមបាន។​

ឥណ្ឌូណេស៊ី​ ដែល​ជា​ប្រធាន​អាស៊ាន​ បាន​សន្យាថា ​ខ្លួន​មិន​បណ្តោយ​ឱ្យក្លាយ​ជា​ចំណាប់​ខ្មាំង​នៃ​បញ្ហា​មីយ៉ាន់ម៉ា​ទេ។ ​ក៏ប៉ុន្តែ ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​ពួក​យោធា​បាន​ប្រកាស​ពន្យារការ​គ្រប់គ្រង​ក្នុង​គ្រា​អាសន្ន ​ អាស៊ាន​បាន​ប្រឈម​សំណួរ​ដ៏​លំបាក​ថា​ តើ​ត្រូវ​ដោះស្រាយ​វិបត្តិ​នោះ​យ៉ាង​ដូច​ម្តេច ​នៅ​ពេល​ដែល​ការ​រកាំ​ចិត្ត​បាន​កើន​ឡើង​ដោយសារ​ពួក​យោធាមិន​អនុវត្ត​ ​អ្វី​ដែល​ហៅថា ​ផែន​ការ​៥​ចំណុច​ដែល​ពួកគេ​បាន​ព្រម​ព្រៀង​គ្នា។​

មេដឹកនាំ​យោធា​បាន​ត្រូវ​គេ​រារាំង​មិន​ឱ្យចូលរួម​ក្នុង​ជំនួប​ជាន់​ខ្ពស់​របស់​អាស៊ាន​ទេ​ ក៏ប៉ុន្តែ​ការ​ចូលរួម​នៅកម្រិត​ផ្សេង​ទៀតកំពុងពិភាក្សា​នៅ​ឡើយ។​ ​នេះ​បើ​តាម​លោក ​Sidharto R. Suryodipuro​។

មន្ត្រី​ការ​បរទេស​ឥណ្ឌូណេស៊ី​ដែល​បាន​និយាយ​នៅ​ខាង​ក្រៅ​ជំនួប​នោះ​កាលពី​ថ្ងៃ​សុក្រ។​

លោក​បាន​និយាយ​ទៀត​ថា៖ «សម្រាប់ជំនួប​ផ្សេង​ទៀត​ បញ្ហា​នេះ​នឹង​ត្រូវ​បន្ត​ពិគ្រោះ។ ​ក៏ប៉ុន្តែ ​តាម​គោល​ការណ៍​គឺ​ថា​ នៅ​ពេល​នេះ ​មិន​មាន​ភាគី​ណា​មួយ​មាន​ភាព​ស្រប​ច្បាប់អង្គុយ​នៅ​អាសនៈ​របស់​មីយ៉ាន់ម៉ា​ទេ»។​

កាលពី​ដើម​សប្តាហ៍​មុន ​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​លោក ​Joko Widodo ​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន ​Reuters ​ថា​ លោក​មាន​គម្រោង​បញ្ជូន​ឧត្តមសេនីយ៍​កំពូល​ម្នាក់​ដើម្បី​ជួប​ជាមួយ​ពួក​មេ​ដឹក​នាំ​យោធា​មីយ៉ាន់ម៉ា​នៅ​ក្នុង​ការ​ប៉ុនប៉ងទាក់ទង​ឱ្យពួកគេ​ចរចា​អំពី​អន្តរកាលប្រជាធិបតេយ្យ។​

រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​បាន​បដិសេធ​ពុំ​ព្រម​ផ្តល់​សេចក្តី​លម្អិត​បន្ថែម​ទៀត​អំពី​បេសកជន​យោធា​របស់​ខ្លួន​ទេ ក៏ប៉ុន្តែ​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​បាន​និយាយ​ថា​ លោក​សង្ឃឹម​ថា ​លោក​ឧត្តម​សេនីយ៍​នោះ​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា​ឱ្យ​បាន​ឆាប់តាមដែល​អាច​ធ្វើ​បាន៕

ប្រែសម្រួល​ដោយ​លោក ជឹង ប៉ូជីន