មេដឹកនាំសហរដ្ឋអាមេរិក បារាំងនិងប្រទេសរុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ បានអំពាវនាវឲ្យមានការឈប់បាញ់គ្នាជាបន្ទាន់ នៅពេលមានជម្លោះរវាងជាតិសាសន៍អាមេនីនិងកងកម្លាំងអាស៊ែបៃហ្សង់នៅតំបន់ Nagarno-Karabak។ ការប្រយុទ្ធគ្នាដ៏ខ្លាំងនោះ បានសម្លាប់មនុស្សរាប់សិបនាក់នៅក្នុងតំបន់កូកាសភាគខាងត្បូង (South Caucasus) ដែលមានចលាចលក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។
សេចក្តីថ្លែងការណ៍រួមមួយរបស់លោកប្រធានាធិបតី Donald Trump ប្រធានាធិបតីបារាំងលោក Emmanuel Macron និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ដែលត្រូវផ្សព្វផ្សាយមុនដំបូងគេនៅលើគេហទំព័រផ្លូវការរបស់វិមានក្រឹមឡាំងរបស់រុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍ បានបញ្ជាក់ថា៖ «យើងចូលរួមកាន់ទុក្ខដល់អ្នកដែលបានបាត់បង់អាយុជីវិតនិងសម្តែងនូវសមានទុក្ខដល់ក្រុមគ្រួសាររបស់អ្នកដែលស្លាប់និងរងរបួស»។
សេចក្តីថ្លែងការណ៍នោះ បានបញ្ជាក់ទៀតថា៖ «យើងអំពាវនាវឲ្យមានការបញ្ឈប់អារិភាពរវាងកងកម្លាំងយោធាដែលពាក់ព័ន្ធទាំងអស់។ យើងក៏អំពាវនាវដល់មេដឹកនាំអាមេនី និងអាស៊ែបៃហ្សង់ ឲ្យធ្វើការតាំងចិត្តដោយគ្មានពន្យារពេលដើម្បីបន្តការចរចាប្រកបដោយសេចក្តីស្មោះត្រង់ដោយគ្មានលក្ខខណ្ឌជាមុន»។
តាមរយៈសេចក្តីប្រកាសខាងការទូតនេះ សហរដ្ឋអាមេរិក បារាំងនិងប្រទេសរុស្ស៊ី បានចាប់ផ្តើមតួនាទីរបស់ខ្លួនឡើងវិញជាសហប្រធានរបស់អង្គការដើម្បីសន្តិសុខនិងកិច្ចសហប្រតិបត្តិការក្នុងទ្វីបអឺរ៉ុប (OSCE) ដែលមានប្រវត្តិពីដំណើរការចរចាសន្តិភាពដែលបានចាប់ផ្តើមនៅពេលមានជម្លោះអំពីតំបន់ Nagarno-Karabak នៅដើមទសវត្សរ៍១៩៩០។
ការអំពាវនាវរួមគ្នារបស់ប្រទេសទាំងនោះកើតមានឡើងខណៈមានការកើនឡើងនូវការ ព្រួយកង្វល់ថា តួកគីដែលជាសម្ព័ន្ធមិត្តប្រពៃណីរបស់អាស៊ែបៃហ្សង់និងជាសមាជិករបស់អង្គការអូតង់ ហើយដែលតួកគីត្រូវពលរដ្ឋអាមេនីបានស្តីបន្ទោសចំពោះការប្រល័យពូជសាសន៍ពលរដ្ឋរបស់ខ្លួនកាលពីសតវត្សរ៍មុន អាចធ្វើឲ្យជម្លោះក្នុងតំបន់នោះរីកកាន់តែធំឡើង៕