លោក​ស្រី​ Le Pen របស់​​ប្រទេស​បារាំង​អំពាវនាវ​ឱ្យ​មាន​ចំណង​ជិតស្និទ្ធ​ជាមួយ​​​ប្រទេស​អាហ្វ្រិក​ដែល​និយាយ​ភាសា​បារាំង

  • Lisa Bryant

លោកស្រី​ Marine Le Pen ប្រធាន​គណបក្ស​រណសិរ្សជាតិ​និយមស្តាំ​ ជា​សមាជិក​សភាអឺរ៉ុប​ និង​ជាបេក្ខជន​ប្រធានាធិបតី​បារាំង​ឆ្នាំ២០១៧​ និយាយ​ទៅកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​រដ្ឋធានីប៉ារីស​ ប្រទេសបារាំង​ (រូបភាព​ថ្ងៃទី៤​ ខែមករា​ ឆ្នាំ២០១៧​)។

បេក្ខជន​ប្រធានាធិបតី​និយម​ស្តាំ​ដ៏​​មាន​ប្រជាប្រិយភាព​របស់​ប្រទេស​បារាំង ​លោកស្រី ​Marine ​Le​ Pen​ និយាយ​​ថា ​លោក​​ស្រី​នឹង​ផ្តល់​អាទិភាព​​ទៅ​​លើ​​ទំនាក់ទំនង​​របស់​​ប្រទេស​បារាំង​ជាមួយ​នឹង​ប្រទេស​អាហ្រ្វិក​ដែល​​និយាយ​​ភាសា​បារាំង​ ប្រសិន​​បើ​​លោក​ស្រី​ត្រូវ​បាន​​ជ្រើសរើស​​ឲ្យធ្វើ​ជា​​​ប្រធានាធិបតី​​របស់​​ប្រទេស​បារាំង​​នោះ ហើយ​លោកស្រី​​ស្វាគមន៍​​ចំពោះ​ទំនាក់ទំនង​ដ៏​មាន​សក្តានុពល​កាន់​តែ​ជិតស្និទ្ធ​រវាង​សហរដ្ឋ​​អាមេរិក ​និង​​ប្រទេស​រុស្ស៊ី ​នៅ​ក្រោម​ការ​ដឹកនាំ ​របស់​​លោក Donald Trump។

ក្នុង​បទ​សម្ភាស​ទូលំទូលាយ​មួយ​កាល​ពី​ថ្ងៃ​ទី​៦​ ខែ​មករា​ ជាមួយ​អ្នក​យក​ព័ត៌មាននិយាយ​ភាសា​អង់គ្លស​ដែល​ផ្តោត​ទៅ​លើ​បញ្ហា​ដូច​ជា​ក្រុម​ឥស្លាម​ជ្រុល​និយម​ សហភាព​អឺរ៉ុប ​និង​មជ្ឈិម​ប្រទេស​ និង​មេ​ដឹកនាំ​និយម​ស្តាំ​លោកស្រី Mrine Le Pen ​និយាយ​ថា​ អ្វី​ដែល​ល្អ​បំផុត​សម្រាប់​ប្រទេស​បារាំង និង​ប្រជាជន​បារាំង​នឹង​កំណត់​គោល​យោបាយរបស់លោកស្រី ​ប្រសិន​បើ​លោកស្រី​ត្រូវ​បាន​គេ​ជ្រើសរើស​ឲ្យ​ធ្វើ​ជា​ប្រធានាធិបតី។ គោល​នយោបាយ​ទាំងនោះ​រួម​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​កាន់​តែ​ជិតស្និទ្ធ​ជាមួយ​ប្រទេស​អាហ្វ្រិក​ដែល​និយាយ​ភាសា​បារាំង។

លោកស្រី​ Le Pen​ និយាយ​ថា​ លោក​ស្រី​ចង់​វិនិយោគ​ដើម្បី​ការអភិវឌ្ឍ​ក្នុង​ទ្វីប​អាហ្វ្រិក​មិនមែន​គ្រាន់​តែ​ដោយ​សារ​ហេតុផល​មនុស្សធម៌​នោះ​ទេ​ ប៉ុន្តែ​ដើម្បី​ទប់ស្កាត់​ការ​ហូរ​ចូល​ជន​ចំណាក​ស្រុក​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ ​ខណៈពេល​ដែល​ចំនួន​ប្រជាជន​នៅ​លើ​ពិភពលោក​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​កើនឡើង​ចំនួន​ពីរ​ដង​នៅ​ឆ្នាំ​២០៥០។

មេដឹកនាំ​គណបក្ស​រណសិរ្ស​ជាតិ​ (National Front Party) ​ដែល​មាន​អាយុ ៤៨ឆ្នាំ ​រូប​នេះ​ គឺ​កំពុង​ទទួល​បាន​សម្លេង​ឆ្នោត​យ៉ាង​ច្រើន​ មុន​ពេល​ការ​ប្រកួត​ជុំ​ដំបូង​នៃ​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ខែ​មេសា។ នយោបាយ​ប្រជានិយម​របស់​លោក​ស្រី ​ដែល​ប្រឆាំង​សហភាព​អឺរ៉ុប ​សារ​នយោបាយ​ប្រឆាំង​ជន​អន្តោប្រវេសន៍​ ចាប់​ផ្តើម​ឮ​សុះសាយ​ស្របពេល​ដែល​សេដ្ឋកិច្ច​របស់​ប្រទេស​បារាំង​កំពុង​ប្រឈម​ឧបសគ្គ​ និង​ពេល​ប្រទេសបារាំង​មានការ​ភ័យខ្លាច​ចំពោះ​ភេរវកម្ម។ ប៉ុន្តែ​ប្រជាពលរដ្ឋ​ជា​ច្រើន​នៅ​តែ​មាន​មន្ទិល​សង្ស័យ​ចំពោះ​ភាព​ស្តាំ​និយម​នេះ។​ ដូច្នេះ​ លោកស្រី Le Pen​ ត្រូវ​បាន​រំពឹង​ថា​ នឹង​ឈ្នះ​ការ​ប្រកួត​ជុំ​ដំបូង ​ប៉ុន្តែ​នឹង​ចាញ់​ការ​ប្រកួត​ទី​បញ្ចប់​នៅ​ក្នុង​ខែ​ឧសភា​ខាង​មុខ​នេះ។

លោក​ស្រី​ស្ថិត​ក្នុង​ចំណោម​អ្នក​នយោបាយ​បារាំង​ដំបូង​បង្អស់​ដែល​អបអរសាទរ​ប្រធានាធិបតី​ជាប់​ឆ្នោត​របស់​សហរដ្ឋ​អាមេរិក​លោក​ Donald Trump ​ចំពោះ​ជោគជ័យ​ របស់​លោក​កាល​ពី​ខែ​វិច្ឆិកា។ លោក​ស្រី​ក៏​បាន​ការពារ​ការ​បញ្ជូល​ឧបទ្វីប ​Crimea​ ជា​ឧបសម្ព័ន្ធ​របស់​ប្រទេស​រុស្ស៊ី​ផង​ដែរ។

លោកស្រី ​Le Pen​ បាន​និយាយ​ថា ​លោក​ស្រី​នឹង​រីករាយ​ចំពោះ​ការ​ធ្វើ​ឲ្យ​ទំនាក់ទំនង​របស់​សហរដ្ឋ​អាមេរិក​ និង​ប្រទេស​ រុស្ស៊ី​ឲ្យ​ប្រសើរ​ឡើង​នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក​ Donald Trump ពីព្រោះ​ទំនាក់ទំនង​នេះ​ផ្តល់ផល​ល្អចំពោះសេដ្ឋកិច្ច​ នយោបាយ​ និង​យុទ្ធសាស្រ្ត​ប្រទេស​បារាំង។ ដូចជា ​លោក ​Trump ​ដែរ​ លោក​ស្រី​បាន​សម្តែង​ការ​សង្ស័យ​ថា​តើ​ប្រទេស​រុស្ស៊ី​ពិត​ជា​រួម​ចំណែក​ នៅ​ក្នុង​ការ​បោះឆ្នោត​សហរដ្ឋ​អាមេរិក​មែន​ដែរ​ឬ​ទេ។

លោកស្រី​បាន​និយាយ​ថា ​វា​ងាយ​ស្រួល​ក្នុង​ការ​ស្តី​បន្ទោស​លើ​ទី​ក្រុង​មូស្គូ នៅ​ពេល​ដែល​មាន​បញ្ហា។ ជា​ជាង​ថា​ឥឡូវ​នេះ​ គឺ​ជា​ពេល​វេលា​ដែល​ប្រទេស​ជាតិ​នានា​រួបរួម​ឯកភាព​គ្នាក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​ការ​គំរាមកំហែង​រួម​របស់​ក្រុម​ឥស្លាម​ជ្រុល​និយម៕

ប្រែ​សម្រួល​ដោយ ​ផន​ បុប្ផា