ប្រទេសបារាំងគ្រោងនឹងចាប់ផ្តើមប្រើប្រាស់កម្មវិធី app លើទូរស័ព្ទ ដែលត្រូវបានផ្តួចផ្តើមឡើងដោយរដ្ឋាភិបាល ដើម្បីតាមដានការទំនាក់ទនងក្នុងសង្គមរបស់ពលរដ្ឋ ដែលបានឆ្លងជំងឺកូវីដ១៩ នៅថ្ងៃទី២ ខែមិថុនាខាងមុខ។ នេះបើតាមប្រសាសន៍របស់រដ្ឋមន្ត្រីកិច្ចការឌីជីថលរបស់បារាំង លោក Cedric O ក្នុងថ្ងៃអង្គារនេះ។ ប៉ុន្តែ លោកសោកស្តាយដែលក្រុមហ៊ុន Apple មិនបានចូលរួមក្នុងគម្រោងនេះ។
ប្រទេសនានាកំពុងប្រញាប់ប្រញាល់បង្កើតកម្មវិធី app ស្មាតហ្វូន ដែលត្រូវគេមើលឃើញថា ជាមធ្យោបាយចាំបាច់ដើម្បីគ្រប់គ្រងការឆ្លងជំងឺកូវីដ១៩ ខណៈអាជ្ញាធរកំពុងបើកសកម្មភាពសេដ្ឋកិច្ចឡើងវិញ ដោយនៅរក្សាវិធានការដូចជាការរក្សគម្លាតសង្គម និងការធ្វើតេស្តរកអ្នកឆ្លងវីរុសកូរ៉ូណា។
លោក Cedric O មិនបានបញ្ជាក់ថា ហេតុអ្វីក្រុមហ៊ុន Apple ដែលជាអ្នកផលិតទូរស័ព្ទ iPhone មិនចូលរួមក្នុងកម្មវិធីនេះទេ។ ប៉ុន្តែលោកនិយាយថា លោកសោកស្តាយ ខណៈពេលដែលមនុស្សគ្រប់គ្នាក្នុងពិភពលោកកំពុងរួមគ្នាប្រយុទ្ធនឹងជំងឺកូវីដ១៩ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗដែលកំពុងរីកចម្រើន បែរជាមិនជួយរដ្ឋាភិបាលក្នុងគ្រាមានវិបត្តិនេះទៅវិញ។
មន្ត្រីក្រុមហ៊ុន Apple នៅមិនទាន់អាចទាក់ទងបានទេនៅពេលនេះ។
កម្មវិធី app ទូរស័ព្ទដែលមានឈ្មោះថា StopCOVID ដើម្បីតាមដានការឆ្លងកូវីដតាមទំនាក់ទំនងសង្គមនេះ នឹងត្រូវគេចាប់ផ្តើមប្រើសាកល្បងនៅថ្ងៃទី១១ ខែឧសភាខាងមុខ នៅពេលដែលប្រទេសបារាំងគ្រោងនឹងបន្ធូរបន្ថយវិធានការបិទសកម្មភាពប្រទេស។
ក៏ប៉ុន្តែអ្នកតាក់តែងច្បាប់បារាំងខ្លះ បានសម្តែងការបារម្ភអំពីបញ្ហាឯកជនភាព និងជំរុញឲ្យមានការប្រុងប្រយ័ត្នចំពោះការប្រើកម្មវិធី app បែបនេះ។
ប្រទេសអង់គ្លេស នឹងធ្វើការសាកល្បង app តាមដានកូវីដ១៩របស់ខ្លួនដែរ ក្នុងថ្ងៃអង្គារនេះ៕