លោកប្រធានាធិបតីបារាំង Francois Hollande ដែលបានបំពេញទស្សនៈកិច្ចនៅប្រទេសហៃទី កាលពីថ្ងៃអង្គារបានសន្យាផ្តល់ប្រាក់១៤៥លានដុល្លារដើម្បីជួយស្តារសាលារៀនរបស់អតីតអាណានិគមបារាំងឡើងវិញបន្ទាប់ពីការរំជួយផែនដីកាលពី៥ឆ្នាំមុនដែលបានបំផ្លាញផ្នែកភាគច្រើនរបស់ប្រទេសនោះ។
លោកប្រធានាធិបតី Hollande ជាប្រមុខរដ្ឋបារាំងលើកទីមួយដែលបំពេញទស្សនៈកិច្ចនៅប្រទេសហៃទី ដែលជាអតីតរតនៈសម្បត្តិរបស់អាណានិគមបារាំង ចាប់តាំងពីលោក Nicolas Sarkozy អ្នកកាន់តំណែងមុនបានទៅបំពេញទស្សនៈកិច្ចនៅប្រទេសក្នុងតំបន់ការ៉ាអ៊ីបនេះ នៅខែមករា ឆ្នាំ២០១០មក មួយខែបន្ទាប់ពីការរំជួយផែនដីដ៏ប្រល័យមក។
ថ្វីបើមានជំនួយមកពីជុំវិញពិភពលោកបន្ទាប់ពីការររំជួយផែនដីដ៏ភ័យតក់ស្លុតមក ហៃទីនៅតែជាប្រទេសក្រីក្របំផុតនៅក្នុងតំបន់អឌ្ឍគោលខាងលិច។
ឬសគុលនៃភាពក្រីក្ររបស់ប្រទេសហៃទីក៏បានចាប់ផ្តើមម្តងទៀត បន្ទាប់ពីពេលដែលខ្លួនបានបង្កើតឯករាជ្យ កាលពីជាង២រយឆ្នាំមុន។ ការបះបោរដោយក្រុមទាសករបានបញ្ចប់ភាពជាអាណានិគមរបស់បារាំងលើប្រទេសហៃទី ហើយនៅឆ្នាំ១៨០៤ ប្រទេសនេះបានក្លាយជាសាធារណរដ្ឋរបស់ជនជាតិស្បែកខ្មៅឯករាជ្យលើកទីមួយរបស់ពិភពលោក។
ទោះជាយ៉ាងណាក៏ដោយ បារាំងបានបង្ខំឲ្យហៃទីសុខចិត្តទទួលយកកិច្ចព្រមព្រៀងសំណងនៅឆ្នាំ១៨២៥ ដែលតម្រូវឲ្យអតីតអាណានិគមរបស់ខ្លួននេះ សងការបាត់បង់ដីនិងទាសភាពឲ្យបារាំងនៅក្នុងការបះបោរនេះ។ ហៃទីបានចំណាយពេល១៥០ឆ្នាំដើម្បីសងបំណុលនេះ ហើយរដ្ឋាភិបាលជួបការលំបាកយ៉ាងខ្លាំងនូវបញ្ហាក្នុងស្រុកនិងបរទេសរួមមានការត្រួតត្រាអស់រយៈពេល២០ឆ្នាំដោយសហរដ្ឋអាមេរិកដែលបានបញ្ចប់នៅក្នុងទសវត្សរ៍១៩៣០ហើយនឹងមានបំណុល៤០លានដុល្លារទៀត៕