ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សហប្រជាជាតិស្វះស្វែងរក​ស៊ើបអង្កេត​ទៅលើការ​សម្លាប់​មនុស្ស​​របស់ប៉ូលីស​នៅ​ហៃទី


មន្ត្រីប៉ូលីស​ចាប់ឃាត់ខ្លួន​បាតុករពីររូប​ក្នុងពេល​តវ៉ាមួយ​នៅតំបន់​ក្រីក្រស៊ីតេ សូឡេល នៅ Port-au-Prince ហៃទី ថ្ងទី២៤ ធ្នូ ២០១១។
មន្ត្រីប៉ូលីស​ចាប់ឃាត់ខ្លួន​បាតុករពីររូប​ក្នុងពេល​តវ៉ាមួយ​នៅតំបន់​ក្រីក្រស៊ីតេ សូឡេល នៅ Port-au-Prince ហៃទី ថ្ងទី២៤ ធ្នូ ២០១១។

ការិយាល័យ​នៃ​ឧត្តម​ស្នងការ​ជាន់​ខ្ពស់​ទទួល​បន្ទុកសិទ្ធិមនុស្សរបស់​អង្គការ​សហប្រជាជាតិ (U.N. High Commissioner for Human Rights) កំពុងអំពាវនាវ​សុំឱ្យ​មាន​ការ​ស៊ើបអង្កេត​ជា​បន្ទាន់​មួយ​ ទៅ​លើ​បទចោទប្រកាន់ស្តីពី​អំពើ​ទារុណកម្ម​និង​ការ​សម្លាប់មនុស្ស ​ដែល​ប្រព្រឹត្ត​ឡើង​ដោយ​ក្រុមប៉ូលីស​នៅប្រទេស​ហៃទី (Haiti)។

របាយការណ៍ចំនួន​ពីរ​របស់​អង្គការ​សហប្រជាជាតិ ​បាន​បង្ហាញ​ពី​ការ​ជាប់​ពាក់ព័ន្ធ​របស់​ក្រុម​មន្ត្រី​ប៉ូលីស​ជាតិ​របស់ហៃទី​ ជាមួយ​ការសម្លាប់មនុស្ស​ចំនួន​៩​នាក់​ដោយ​ខុស​ច្បាប់​ នៅ​ក្នុង​រដ្ឋធានី​ ព័រអូប្រ៊ាំង (Port-au-Prince) នៅ​ចន្លោះ​ខែ​តុលា ឆ្នាំ​២០១០ និងខែមិថុនា ឆ្នាំ​២០១១។ អ្នកនាង ​Lisa Schlein នៃវីអូអេ ធ្វើ​សេចក្តី​រាយការណ៏​ពី​ទីស្នាក់ការ​កណ្តាល​នៃ​ការិយាល័យ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺណែវ (Geneva)។

របាយការណ៍​ទាំង​ពីរ​របស់​អង្គការ​សហប្រជាជាតិ​នេះ បានពណ៌នា​លម្អិតពី​ការ​ស៊ើបអង្កេតទៅ​លើ​ឧបទ្ទវហេតុ​ចំនួន​៦​លើក ដែលក្រុមមន្ត្រីប៉ូលីសជាតិ​របស់​ហៃទី​ប្រហែល២០​នាក់​ ត្រូវ​ជាប់​ពាក់ព័ន្ធទៅ​នឹង​ការ​ស្លាប់​របស់​ជនជាតិ​ហៃទី​ ចំនួន​៩នាក់។

លោកស្រី រ៉ាវីណា ស្សាមដាសានី (Ravina Shamdasani) អ្នក​នាំពាក្យ​នៃ​ការិយាល័យ​សិទ្ធិ​មនុស្សរបស់​អង្គការ​សហប្រជាជាតិ បានប្រាប់វីអូអេថា ក្រុមអ្នកស៊ើបអង្កេត​ជឿថាការ​ស្លាប់​ទាំង​អស់​នោះ អាចបណ្តាល​មក​ពី​ការ​ប្រើ​ប្រាស់​កម្លាំង​ដោយ​ខុស​ច្បាប់​ពី​សំណាក់​ក្រុមប៉ូលីស។ លោកស្រី ​បាន​និយាយ​ថា នៅ​ក្នុងសំណុំ​រឿងក្តីមួយ​ចំនួន​ មាន​ភស្តុតាង​ស្តីពី​ការ​ប្រហារ​ជីវិត​ក្រៅ​ផ្លូវ​តុលាការ ​ឬ​នៅ​នឹង​កន្លែង និង​តាម​ទំនើង​ចិត្ត​ទៀត​ផង។

បើ​ទោះ​មាន​ភស្តុតាង​ក៏​ដោយ លោកស្រី ​បាន​ថ្លែងថា វិធានការ​របស់រដ្ឋាភិបាល ឬប្រព័ន្ធ​តុលាការ ក្នុង​ការ​ចោទ​ប្រកាន់​ទៅ​លើ​សំណុំ​រឿង​ទាំងនោះ នៅ​តែ​គ្មាន​ភាព​ច្បាស់​លាស់​ឡើយ។

«មាន​វិធានការមួយ​ចំនួន ដែលត្រូវ​បាន​ធ្វើ​ឡើង​ដើម្បីផ្តួច​ផ្តើម​ឱ្យ​មាន​ការ​ស៊ើប​អង្កេត ហើយ​មន្ត្រី​ប៉ូលីស​មួយ​ចំនួន ​កំពុង​រង់​ចាំ​ការកាត់​សេចក្តី។ ប៉ុន្តែ មិនទាន់​មាន​ការ​ផ្តន្ទាទោស​ណា​មួយ​នៅ​ឡើយ​ទេ រហូតមកដល់ពេល​នេះ។ តាម​ពិត មន្ត្រី​ប៉ូលីស​មួយ​ចំនួន ដែល​តាមការ​ចោទ​ប្រកាន់ មាន​ការ​ទទួល​ខុស​ត្រូវ ចំពោះ​អំពើ​ហិង្សា​ទាំងនោះ បាន​បន្តបំពេញ​មុខងារ​របស់ខ្លួន​វិញ​ មុន​ពេល​បញ្ចប់​ការ​ស៊ើប​អង្កេត​ទៅ​ទៀត។ តាមពិត​ នេះ​មិនមែន​ជា​មធ្យោបាយ​ដ៏ត្រឹមត្រូវ​ ក្នុងការ​អនុវត្ត​ច្បាប់នោះ​ទេ ហើយ​វា​ក៏​មិន​មែន​ជា​មធ្យោបាយ​ដ៏ត្រឹមត្រូវ ​ក្នុង​ការ​កសាង​ភាព​ជឿ​ទុកចិត្ត​ជាសាធារណៈ ទៅ​លើការ​ងាររបស់​ប៉ូលីស​ហៃទីដែរ។»

លោក​ស្រី ស្សាមដាសានី​ មាន​ប្រសាសន៍​ថា ក្រុមប៉ូលីស​ទាំងនោះ ទំនងជា​មិនកំណត់​មុខ​សញ្ញា​លើ​ក្រុម​មនុស្ស​ណា​មួយជាក់​លាក់​ឡើយ ហើយ​ក៏​គ្មានបែប​ផែន​នៃ​ការ​សម្លាប់ដែរ។

លោកស្រី ​បញ្ជាក់​ទៀតថា សំណុំ​រឿងក្តី​មួយ ជាប់ពាក់ពន័្ធ​នឹង​អំពើចោរកម្ម។ នៅ​ក្នុង​រឿង​ក្តីមួយ​ទៀត ​មនុស្ស​ម្នាក់ ​មាន​បញ្ហា​ដោយ​សារបង្ហាញ​ផ្ទាំងបដា​ឃោសនា​របស់​បេក្ខជន​គណបក្ស​ប្រឆាំង​មួយ​រូប​ ដែល​ស​បញ្ជាក់​ឲ្យ​ឃើញ​ពីបុព្វហេតុ​នយោបាយ​ជា​យថាហេតុ​មួយ។ រីឯសំណុំ​រឿង​មួយ​ផ្សេង​ទៀត លោកស្រី​ និយាយ​ទៀត​ថា អំពើ​ទារុណកម្ម ​ត្រូវ​បាន​ប្រើប្រាស់ដើម្បី​ប្រមូលយកចម្លើយសារភាព ពីជនសង្ស័យ​ក្នុង​អំពើមនុស្សឃាត។

ស្ត្រី​អ្នកនាំពាក្យ​អង្គការ​សហប្រជាជាតិរូបនេះ បានបន្ត​ថា ជារឿយៗ ក្រុមប៉ូលីស​ទាំងនោះ​ ​បាន​បន្ទោស​លើ​បញ្ហាខ្វះ​ខាតធនធានចំពោះការប្រព្រឹត្តដ៏ឃោរ​ឃៅបែប​នោះ។ ខណៈដែល​ការ​លើក​ឡើង​នេះ ប្រហែលជា​ពិត​ខ្លះៗ លោកស្រី មានប្រសាសន៍​ថា ​ការ​និយាយ​បែប​នោះ​ គឺ​គ្រាន់​តែ​ជា​លេសមិនគួរឲ្យជឿ​បាន​ទាល់​តែ​សោះ​ ហើយ​ភាព​ជ្រុល​ហួស​ហេតុដោយ​ខុស​ច្បាប់​ទាំងនេះ ធ្វើ​ឡើង​ដើម្បី​ជំរុញ​ឱ្យ​មាន​ភាព​ភ័យ​ខ្លាច​ជា​សាធារណៈតែប៉ុណ្ណោះ។

«យើង​មាន​ការ​បារម្ភ​ថា ទង្វើនេះ​ កំពុងបង្កើត​ឲ្យ​មានបរិយាកាស ដែលប្រជាពលរដ្ឋហៃទី​ មិន​ជឿទុកចិត្ត​ក្រុមប៉ូលីស​របស់​ខ្លួន​ឡើយ។ នៅ​ក្នុង​សំណុំរឿង​ជា​ច្រើន យើងសង្កេត​ឃើញ​ថា សាក្សី​មាន​ការ​ភ័យខ្លាច​ពីផលវិបាក​ក្នុង​ការ​ផ្តល់​សក្ខីកម្ម​ ដោយសារ​តែ​ពួកគេជឿ​ថា យុត្តិធម៌​នឹង​មិន​ត្រូវ​បាន​ផ្តល់​ជូន​ឡើយ​ ហើយ​ពួកគេ​ព្រួយ​បារម្ភ​ពី​ការ​សងសឹក។ ដូច្នេះ​ នោះគឺ​ជា​ក្រុម​មនុស្ស ដែលត្រូវ​បាន​រំពឹង​ថា​ជា​អ្នក​ដែលការពារ​ប្រជា​ពលរដ្ឋហៃទីនោះហើយ ​ដែល​កំពុងតែ​ធ្វើ​ឲ្យ​ពលរដ្ឋមាន​ការ​ភ័យខ្លាច​នោះ ដោយ​សារ​តែប្រជាពលរដ្ឋ ​មិន​ជឿ​ទុក​ចិត្ត​ក្រុម​ប៉ូលីស។»

លោក​ស្រី ស្សាមដាសានី មាន​ប្រសាសន៍ថា ហេតុ​ដូច្នេះហើយ​ទើប​អង្គការ​សហប្រជាជាតិ បាន​សម្រេច​ចិត្ត​ផ្សព្វផ្សាយ​ជា​សាធារណៈ​នូវ​របាយការណ៍​ទាំងនេះ ហើយ​ចែក​រំលែករបាយការណ៍​ជាមួយ​រដ្ឋាភិបាល​និង​ប៉ូលីស​ហៃទី។

លោកស្រី និយាយ​ថា ប្រធានាធិបតី​របស់​ប្រទេស​ហៃទី ​បានឃើញរបាយការណ៍នេះ ហើយ​មិនសប្បាយចិត្តនឹងការរក​ឃើញ​នេះ​ទេ។ លោកស្រី បានបន្ថែមថា លោក​ប្រធានាធិបតី បាន​ទទួល​ស្គាល់​បញ្ហា​មួយ​ចំនួនដែល​ត្រូវបាន​លើក​ឡើង ហើយ​បាន​សម្តែងនូវសុ​ឆន្ទៈ​ក្នុង​ការ​សហការ​ជាមួយ​អង្គការ​សហប្រជាជាតិ​ដើម្បី​ព្យាយាម​ដោះ​ស្រាយបញ្ហាប្រឈមទាំង​នេះ។ ​

ប្រែ​សម្រួល​ដោយ ឃួន ធារ៉ា

XS
SM
MD
LG