នគរបាលបានចាប់ខ្លួនជនបរទេស ១៤ នាក់ ដោយអះអាងថា ពួកគេបានបន្លំជាក្រុមគ្រូពេទ្យកូវីដ១៩ទៅយកមនុស្សធ្វើចត្តាឡីស័ក ប៉ុន្តែតាមពិតចាប់ជំរិតបុរសចិនម្នាក់នៅក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។
អគ្គស្នងការដ្ឋាននគរបាលជាតិ បានផ្សាយតាមគេហទំព័ររបស់ខ្លួនថា បុរសចិនម្នាក់ត្រូវបានចាប់ជំរិតដោយមនុស្ស ១៤ នាក់ដែលមាន ៧ នាក់ជាជនជាតិវៀតណាម និង ៧ នាក់ទៀត ជាជនជាតិចិន។ ប៉ូលិសឲ្យដឹងថា ពួកគេបានបន្លំខ្លួនជាក្រុមគ្រូពេទ្យ«ដោយប្រើល្បិចថានាំយកទៅធ្វើចត្តាទ្បីស័ក» កាលពីថ្ងៃទី ២០ ខែមីនា នៅសណ្នាគារដឺព្រីនស៍ ក្នុងរាជធានីភ្នំពេញ។
ក្រោយត្រូវបង្ខាំងទុក ៣ ថ្ងៃនៅអគារ Skyline ក្នុងខណ្ឌ ៧ មករា ជនរងគ្រោះបានព្រមបង់ប្រាក់ ៣ ម៉ឺនដុល្លារ ជាថ្នូរនឹងការដោះលែង។ នេះបើយោងតាមអគ្គស្នងការដ្ឋាននគរបាលជាតិ។
ប៉ុន្តែនៅថ្ងៃទី ២៥ ខែមីនា ក្រុមសមត្ថកិច្ចចម្រុះបានចូលទៅចាប់ខ្លួនជនសង្ស័យទាំង ១៤ នាក់ខាងលើនៅសណ្ឋាគារប៉ាស៊ីតាណូ ក្នុងខណ្ឌដូនពេញ និងបានយកមកសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន។ នេះបើតាមលោកវរៈសេនីយ៍ឯក យិន សាន អធិការនគរបាលខណ្ឌចំការមន។
លោក យិន សាន បានប្រាប់វីអូអេថា ជនសង្ស័យទាំង ១៤ នាក់នោះអាចមានខ្លះមិនពាក់ព័ន្ធផ្ទាល់នោះទេ ហើយលោកបន្ថែមថា ពួកគេអាចនឹងត្រូវបានចោទពីរឿងចាប់ជំរិតនិងបង្ខាំងមនុស្ស តែមិនស្ថិតក្រោមបទល្មើសដែលចែងក្រោមច្បាប់ស្តីពីវិធានការបង្ការជំងឺកូវីដ១៩ ដែលទើបត្រូវបានប្រកាសឲ្យប្រើប្រាស់នោះទេ៕