កាលពីថ្ងៃអង្គារទី ១៤ ខែកក្កដា អាជ្ញាធរសហរដ្ឋអាមេរិក បានលុបចោលសេចក្តីណែនាំមួយ ដែលមានបំណងរារាំងនិស្សិតបរទេស ដែលមានទិដ្ឋាការមិនឱ្យចូលក្នុងសហរដ្ឋអាមេរិក ប្រសិនបើសាកលវិទ្យាល័យរបស់ពួកគេត្រូវបង្រៀនតាមអនឡាញទាំងស្រុង ក្នុងអំឡុងពេលមានការឆ្លងរាតត្បាតជាសាកលនៃជំងឺកូវីដ១៩ នេះ។
សេចក្ដីណែនាំចេញរបស់ទីភ្នាក់ងារអន្តោប្រវេសន៍ និងអនុវត្តច្បាប់គយរបស់សហរដ្ឋអាមេរិក ICE ដែលត្រូវបានលុបចោលនេះ ក៏បានចែងផងដែរថា និស្សិតបរទេសនៅក្នុងសហរដ្ឋអាមេរិក ដែលមិនរៀនដោយផ្ទាល់ក្នុងថ្នាក់ អាចត្រូវបញ្ជូនចេញពីសហរដ្ឋអាមេរិក។
សេចក្តីសម្រេចរបស់ទីភ្នាក់ងារ ICE នេះ បានដោះស្រាយពាក្យបណ្តឹងមួយដែលផ្តើមដោយសាកលវិទ្យាល័យ Harvard និងសាកលវិទ្យាល័យ MIT នៅក្នុងសហរដ្ឋអាមេរិក និងបានបញ្ឈប់ការដាក់បណ្តឹងដោយសាកលវិទ្យាល័យឯទៀតៗ និងរដ្ឋមួយចំនួននៅក្នុងសហរដ្ឋអាមេរិកផងដែរ។
ខាងក្រោមនេះជាចំណុច ៤ យ៉ាងដែលត្រូវដឹងទាក់ទិននឹងរឿងនេះ៖
១- ការសិក្សាតាមអនឡាញត្រូវបានអនុញ្ញាតជាថ្មីឡើងវិញ
នៅក្នុងសវនការមួយកាលពីថ្ងៃអង្គារទី ១៤ ខែកក្កដាកន្លងទៅនេះ អ្នកស្រីចៅក្រម Allison Burroughs បាននិយាយថា អាជ្ញាធរអន្តោប្រវេសន៍សហរដ្ឋអាមេរិកបានយល់ព្រមឲ្យ «ស្ថានការណ៍វិលត្រឡប់ដូចដើមវិញ»។
ចំណុចនេះមានន័យថា និស្សិតបរទេសដែលមានវត្តមាននៅក្នុងសហរដ្ឋអាមេរិក និងដែលនឹងចាប់ផ្តើមការសិក្សាបវេសនកាលថ្មីនៅរដូវស្លឹកឈើជ្រុះខាងមុខនេះ អាចស្ថិតនៅក្នុងសហរដ្ឋអាមេរិកបាន ទោះបីជាការសិក្សារបស់ពួកគេត្រូវធ្វើទាំងស្រុងតាមអនឡាញក៏ដោយ។
អ្នកស្រី Rosanna Berardi ដែលជាមេធាវីខាងអន្តោប្រវេសន៍បានពន្យល់ប្រាប់វីអូអេថា៖ «ដរាបណានិស្សិតទាំងនេះរៀនពេញម៉ោង ពួកគេអាចស្ថិតនៅក្នុងសហរដ្ឋអាមេរិកបាន។ របៀបសិក្សារបស់ពួកគេមិនមែនជាបញ្ហានោះទេនៅពេលនេះ»។
២- លទ្ធភាពរបស់និស្សិតបរទេសក្នុងការរៀនតាមអនឡាញដោយរក្សាទិដ្ឋាការបែបនេះ អាចមិនបន្តរហូតនោះទេ
ច្បាប់អន្តោប្រវេសន៍សហរដ្ឋអាមេរិកតម្រូវឱ្យនិស្សិតបរទេសសិក្សាដោយផ្ទាល់ក្នុងថ្នាក់ដើម្បីអាចរក្សាឋានៈកាន់ទិដ្ឋាការស្របច្បាប់បាន។ ច្បាប់នេះមិនមែនជាការតម្រូវថ្មីនោះទេ គឺវាមានតាំងពីមុនពេលមានការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩ ទៅទៀត។
រដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្តល់ការលើកលែងចំពោះបទបញ្ញត្តិនេះកាលពីខែមីនា នៅពេលដែលសាកលវិទ្យាល័យ និងមហាវិទ្យាល័យជាច្រើនបានចាប់ផ្តើម ឬក៏ពង្រីកការបង្រៀនតាមអនឡាញ ដោយសារវិបត្តិជំងឺកូវីដ១៩។ នៅពេលណាដែលការរាតត្បាតនៃជំងឺនេះចប់ នៅពេលនោះការលើកលែងនេះក៏ប្រហែលជានឹងបញ្ចប់ដែរ។ ពួកអ្នកជំនាញខាងច្បាប់និយាយថា ការណ៍នេះជាស្ថានភាពមួយមិនទៀងទាត់នោះទេ។
៣- ច្បាប់អន្តោប្រវេសន៍សហរដ្ឋអាមេរិកនៅតែតឹងរ៉ឹងជាទូទៅសម្រាប់និស្សិតបរទេស
ច្បាប់អន្តោប្រវេសន៍សហរដ្ឋអាមេរិកចែងថា និស្សិតបរទេសត្រូវតែចុះឈ្មោះជានិស្សិតរៀនពេញម៉ោងដើម្បីអាចនៅកាន់ទិដ្ឋាការបាន។ នេះគឺជាច្បាប់មួយដែលមិនមានការបន្ធូរបន្ថយនោះទេ ទោះបីជានិស្សិតបរទេសជាច្រើននាក់ និងក្រុមគ្រួសាររបស់ពួកគេជួបប្រទះបញ្ហាសេដ្ឋកិច្ចនៅក្នុងអំឡុងពេលមានការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ នេះក៏ដោយ។
អ្នកស្រី Rosanna Berardi បានថ្លែងថា៖ «វាគឺជាការរំឮកដ៏ល្អមួយថា ប្រសិនបើនិស្សិតមានបញ្ហាខាងសុខភាព ឬខាងហិរញ្ញវត្ថុ ពួកគេមិនអាចឈប់រៀនមុខវិជ្ជាខ្លះបាននោះទេ»។
និស្សិតទាំងនោះត្រូវបានលើកទឹកចិត្តឱ្យទាក់ទងការិយាល័យអន្តរជាតិនៃមហាវិទ្យាល័យរបស់ពួកគេ ដើម្បីធ្វើឱ្យប្រាកដថា ពួកគេនៅតែអាចរៀនមុខវិជ្ជាទាំងអស់បាន ដែលមិនបណ្ដាលឱ្យពួកគេបាត់បង់ឋានៈទិដ្ឋាការរបស់ពួកគេនោះឡើយ។
៤- និស្សិតដែលត្រឡប់មកកាន់សហរដ្ឋអាមេរិកវិញអាចប្រឈមនឹងឧបសគ្គ
និស្សិតដែលគ្រោងវិលត្រឡប់មកកាន់សហរដ្ឋអាមេរិកវិញសម្រាប់ការសិក្សាក្នុងឆមាស ឬក៏ត្រីមាសថ្មីខាងមុខនេះ អាចប្រឈមនឹងការរឹតត្បិតខាងការធ្វើដំណើរ ហើយអាចតម្រូវឱ្យស្ថិតនៅដាច់ពីគេដែលជាការតម្រូវដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ទោះបីជាថ្នាក់សិក្សាដែលពួកគេបានចុះឈ្មោះចូលរៀនដោយផ្ទាល់ជិតចាប់ផ្តើមក៏ដោយ។
អ្នកស្រី Rosanna Berardi បាននិយាយថា៖ «និស្សិតបរទេសត្រូវគិតថា នៅពេលដែលពួកគេមកដល់សហរដ្ឋអាមេរិក ពួកគេប្រាកដជាមានចម្ងល់ថាតើពួកគេត្រូវនៅដាច់ពីគេ ឬក៏ថាតើបទបញ្ញត្តិនៃរដ្ឋដែលពួកគេត្រូវរស់នៅតម្រូវឲ្យធ្វើអ្វីខ្លះជាដើម។ វាជាការសំខាន់ដែលពួកគេត្រូវស្វែងយល់ និងដឹងអំពីស្ថានភាពផ្ទាល់ខ្លួនរបស់ពួកគេម្នាក់ៗ៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ