គណៈវិនិច្ឆ័យសហព័ន្ធមួយក្នុងរដ្ឋធានីវ៉ាស៊ីនតោនបានកាត់ទោសអតីតមេដឹកនាំនៃក្រុម Proud Boys ដែលនិយមនយោបាយស្តាំជ្រុលនិងសហការីបីនាក់ ពីបទចោទប្រកាន់បះបោរ ចំពោះមុខនាទីរបស់ពួកគេក្នុងការវាយប្រហារកាលពីថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២១ លើវិមានសភាសហរដ្ឋអាមេរិក។
អតីតប្រធានក្រុម Proud Boys ឈ្មោះ Enrique Tarrio និងក្រុមមេដឹកនាំក្នុងតំបន់ឈ្មោះ Joe Biggs, Ethan Nordean និង Zach Rehl ក៏ត្រូវបានសម្រេចថាមានទោសដែរ កាលពីថ្ងៃព្រហស្បតិ៍ ពីបទរារាំងសភាមិនឱ្យទទួលស្គាល់ជ័យជម្នះរបស់លោក Joe Biden លើលោក Donald Trump ក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីឆ្នាំ ២០២០។
តែគណៈវិនិច្ឆ័យមិនចុះសម្រុងគ្នាអំពីបទចោទប្រកាន់ស្តីពីការរួមគំនិតធ្វើអំពើទុច្ចរិតប្រឆាំងនឹងលោក Dominic Pezzola ដែលជាអតីតទាហានម៉ារីនម្នាក់ ដែលបានចូលរួមជាមួយក្រុម Proud Boys នៅក្រោយការបោះឆ្នោតឆ្នាំ ២០២០ ហើយបានវាយលុកវិមានសភា តែគ្មានតំណែងដឹកនាំទេ។
ជនជាប់ចោទទាំងប្រាំនាក់នេះប្រឈមនឹងការចោទប្រកាន់ចំនួន ៩ ករណី រួមមានការរារាំងទម្រង់ការផ្លូវការ និងរួមគំនិតប្រព្រឹត្តអំពើទុច្ចរិតរារាំងសភានិងមន្ត្រីសហព័ន្ធ មិនឱ្យបំពេញកាតព្វកិច្ចរបស់ពួកគេ។
លោក Pezzola ត្រូវបានរកឃើញថាមានទោសដោយបទចោទប្រកាន់បន្ថែមមួយទៀត គឺបទប្លន់ ដោយសារការលួចខែលទប់ទល់កុបកររបស់ប៉ូលិសម្នាក់ ដើម្បីបំបែកបង្អួចមួយនៅវិមានកាពីតូល។
សាលក្រមនេះជាជ័យជម្នះធំមួយរបស់ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក នៅពេលខ្លួនបន្តស៊ើបអង្កេតការវាយលុកនេះដែលបានបណ្តាលឱ្យមានមនុស្សប្រាំនាក់ស្លាប់ ប៉ូលិសជាង ១០០ នាក់ត្រូវរបួសហើយនាំឱ្យមានការស៊ើបអង្កេតពីបទឧក្រិដ្ឋធំបំផុតមួយក្នុងប្រវត្តិសាស្ត្រអាមេរិក។
លោក Jordan Strauss ជាអតីតមន្ត្រីក្រសួងយុត្តិធម៌អាមេរិក ហើយនៅពេលនេះធ្វើការឱ្យក្រុមហ៊ុនពិគ្រោះយោបល់ Kroll។ លោកបានប្រាប់វីអូអេថា៖ «នេះជាជ័យជម្នះសំខាន់មួយសម្រាប់ក្រសួងយុត្តិធម៌និងនាំឱ្យមានការជឿទុកចិត្តថែមទៀតលើការប្តេជ្ញារបស់លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ Merrick Garland ក្នុងការតាមដានការពិតជាក់ស្តែងនៃករណីនេះនិងចាត់វិធានការតាមវិធីត្រឹមត្រូវ»។
សាលក្រមនេះមានឡើងក្រោយការពិភាក្សាគ្នាប្រាំថ្ងៃដោយគណៈវិនិច្ឆ័យ និងការកាត់ក្តីសាំញ៉ាំមួយមានរយៈពេលបួនខែ មានសាក្សីរាប់សិបនាក់និងការប្រយុទ្ធខាងផ្លូវច្បាប់ជាច្រើនផងដែរ។
ការកាត់ទោសនេះជាលើកទី ៣ ហើយដែលពួកសមាជិកនៃក្រុមជ្រុលនិយមមួយ ទាក់ទិននឹងការវាយប្រហារកាលពីថ្ងៃទី ៦ ខែមករា ត្រូវបានរកឃើញថាមានទោសពីបទរួមគំនិតបះបោរ។
នៅក្នុងករណីពីរ កាលពីពេលមុននេះ គណៈវិនិច្ឆ័យបានកាត់ទោសឈ្មោះ Stewart Rhodes អ្នកបង្កើតក្រុម Oath Keepers និងសហការីជាន់ខ្ពស់ម្នាក់ ពីបទរួមគំនិតបះបោរកាលពីខែវិច្ឆិកា និងបានរកឃើញថាសមាជិកបួននាក់នៃក្រុមជីវពលប្រឆាំងនឹងរដ្ឋាភិបាលនេះមានទោសតាមការចោទប្រកាន់កាលពីខែមករា៕