មន្រ្តីរដ្ឋាភិបាលបានបញ្ជាក់ថាឧទ្ធម្ភាគចក្រប្រភេទ Z 9 ផលិតនៅក្នុងប្រទេសចិនបានធ្លាក់នៅក្នុងរណ្តៅស្រះទឹកដ៏ធំមួយដែលគេជីកយកដីនៅជាយក្រុងភ្នំពេញដោយបានបណ្តាលឱ្យមានមនុស្សចំនួន៤នាក់នៅលើនោះបានស្លាប់និងម្នាក់ទៀតរងរបួសក្នុងខណៈពេលដែលឧទ្ធម្ភាគចក្រកំពុងតែបើកបរហ្វឹកហ្វឺន។ (ចុចមើលរូបភាពត្រង់នេះ)
សាក្សីឃើញផ្ទាល់ភ្នែកបាននិយាយថា ហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្របានកើតមានឡើងនៅវេលាជាង៩ព្រឹកថ្ងៃច័ន្ទនេះ នៅព្រៃទីទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ។
លោក ឧត្តមសេនីយ៍ឯក យិន សុខា មេបញ្ជាការរងកងទ័ពអាកាសមានប្រសាសន៍ប្រាប់ក្រុមអ្នកកាសែតនៅកន្លែងធ្លាក់ហេតុការណ៍នោះថាមានមនុស្សចំនួន៥នាក់នៅលើឧទ្ធម្ភាគចក្រនោះហើយមានជនរងគ្រោះម្នាក់ប៉ុណ្ណោះ ឈ្មោះ ជួន សំបូរ ត្រូវបានជួយសង្គ្រោះហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ចំណែកឯជនរងគ្រោះបួននាក់ផ្សេងទៀតរួមមានលោក ឧត្តមសេនីយ៍ទោ អ៊ុក ប៊ុណ្ណាហា មេបញ្ជាការផ្នែកហ្វឹកហ្វឺនបើកយន្តហោះនៃកងទ័ពអាកាសនិង លោក ឧត្តមសេនីយ៍ត្រី អៀង វណ្ណរិទ្ធ នាយកសាលាហ្វឹកហ្វឺនបើកយន្តហោះ ព្រមទាំងជំនួយការអ្នកបើកបរពីរនាក់ផ្សេងទៀតបានស្លាប់នៅក្នុងឧប្បទ្ទវហេតុនោះ។
Your browser doesn’t support HTML5
លោកបានបញ្ជាក់ថាឧទ្ធម្ភាគចក្រនេះបានធ្លាក់នៅពេលដែលកំពុងហ្វឹកហាត់តែលោកមិនបានបញ្ជាក់អំពីមូលហេតុនៃការធ្លាក់នោះទេដរាបណាប្រអប់ខ្មៅមិនទាន់បានរកឃើញនៅឡើយ។
លោកនិយាយថា៖ «ខ្ញុំមិនទាន់អាចបញ្ជាក់បានពីព្រោះខ្ញុំមិនទាន់ដឹងជាក់លាក់នៅឡើយថាតើធ្លាក់អំពីមូលហេតុអ្វី»។
ឧទ្ធម្ភាគចក្រដែលបានធ្លាក់បានកើតមានឡើងនៅក្នុងរណ្តៅទឹកស្រះដ៏ធំមួយដែលមានជម្រៅប្រមាណជាង១០០ម៉ែត្រ។ រណ្តៅនេះបានកើតចេញពីការជីកយកដីលក់ដោយក្រុមហ៊ុនឯកជន។
លោក ប៊ូ សុន អាយុ៥៥ឆ្នាំសាក្សីឃើញផ្ទាល់ភ្នែកបានបញ្ជាក់ថាមុនពេលឧទ្ធមា្ភគចក្របានធ្លាក់វាបានហោះជាច្រើនជុំរួចហើយបានដុំក្បាលចុះជ្រមុជចូលក្នុងទឹកស្រះដោយគ្មានមូលហេតុ។ លោកបានបញ្ជាក់ថាលោកគ្មានឮសំឡេងផ្ទុះចេញពីឧទ្ធម្ភាគចក្រមុនពេលវាធ្លាក់នោះទេ។
លោក ប៊ូ សុន ដែលផ្ទះរបស់លោកនៅចម្ងាយប្រមាណជាង១០០ម៉ែត្រប៉ុណ្ណោះពីកន្លែងកើតហេតុបាននិយាយថា៖ «ឃើញកន្ទុំរុយចុះខ្ញុំឈរមើល។ ដល់វាមកចំពេក ខ្ញុំក្រាប ដល់ក្រាបទៅវាបត់ទៅលិចវាបត់អត់ផុតស្រះវាចុះទៅវិញ។ចុះទៅវិញវាដោតនិងទឹកតែម្តង។ហោះមកវាបម្រុងឡើងច្រាំងវាមិនរួចផងវាទាបពេក។ដល់ហើយវាកាច់ចង្កូតទៅដល់នោះរួចហើយបានបត់មកនេះវិញ»។
ឧទ្ធម្ភាគចក្រប្រភេទZ 9ចំនួន១២គ្រឿងដែលជាប្រភេទឧទ្ធម្ភាគចក្រប្រយុទ្ធផលិតនៅក្នុងប្រទេសចិនត្រូវបានរដ្ឋាភិបាលចិនកុម្មុយនិស្តមួយនេះបានលក់មកឱ្យប្រទេសកម្ពុជាកាលពីឆ្នាំ២០១៣ក្រោមប្រាក់កម្ចីប្រមាណជាង២០០លានដុល្លារសហរដ្ឋអាមេរិក។
សាក្សីដែលបានចោមរោមមើលហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្របានរិះគន់ចំពោះភាពយឺតយ៉ាវក្នុងប្រតិបត្តិការជួយសង្គ្រោះរបស់ក្រុមមានសមត្ថកិច្ច។
សាក្សីទាំងនោះបានឱ្យដឹងថាបើទោះបីជាឧទ្ធម្ភាគចក្របានធ្លាក់ប្រមាណជាង៣ម៉ោងកន្លងផុតទៅក៏ដោយក៏វិធានការជួយសង្គ្រោះរបស់រដ្ឋាភិបាលលោកហ៊ុន សែន នៅមានកម្រិត។
វិធានការជួយសង្គ្រោះបឋម គ្មានទេពោងពាក់សុវត្ថិភាពសម្រាប់អ្នកហែលទឹកដើម្បីរុករកអ្នកបាត់ខ្លួននៅក្នុងទឹក។មន្ត្រីយោធាត្រូវបានមេបញ្ជាការរបស់ខ្លួនបញ្ជាឱ្យដោះសម្លៀកបំពាក់ចុះហែលទឹកដោយគ្មានពាក់ពោងសុវត្ថិភាពដើម្បីរុករកអ្នកបាត់ខ្លួននិងបំណែកបាក់បែកនៅក្នុងជម្រៅទឹកដ៏ជ្រៅ។
មេបញ្ជាការម្នាក់ត្រូវបានគេឮស្រែកបញ្ជាថា៖ «៧៧យកខ្សែពីរថយន្តកុំឱ្យបោះ។ ដោះអាវឯងដោះអាវចេញ។៧៧យកខ្សែតាមរថយន្តហើយឱ្យទ័ពយើងចុះមក»។
ប្រមាណជាង២ម៉ោងក្រោយមកទៀតទើបក្រុមអ្នកជួយសង្គ្រោះដោយមានពាក់អាវពោងសុវត្ថិភាពនិងបានយកទូកម៉ាស៊ីនដើម្បីជួយសង្គ្រោះនិងមានអ្នកមុជទឹកមកជាមួយផង។
បំណែកឧទ្ធម្ភាគចក្រនិងសពជនរងគ្រោះចំនួនបួននាក់ត្រូវបានក្រុមអ្នកជួយសង្គ្រោះរកឃើញ។
នៅក្នុងគេហទំព័របណ្តាញសង្គមហ្វេសប៊ុកដែលដាក់ឈ្មោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរសារ ចូលរួមសោកស្តាយនិងរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារ នាយទាហានកម្ពុជាដែលបានទទួលមរណភាពដោយសារគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រក្នុងពេលហ្វឹកហ្វឺន នៅជាយក្រុងកាលពីពេលថ្មីៗនេះ។ រដ្ឋាភិបាលកំពុងស៊ើបអង្កេតអំពីមូលហេតុនៃគ្រោះថ្នាក់នេះ៕