កងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជាចំនួន៤នាក់ថ្មីៗបានឆ្លងជំងឺកូវីដ១៩នៅក្នុងប្រទេសម៉ាលី ដោយធ្វើឲ្យចំនួនកងទ័ពមួកខៀវកម្ពុជាដែលឆ្លងជំងឺនេះសរុបឡើងដល់១០នាក់ ក្នុងនោះស្លាប់ម្នាក់។ នេះបើយោងតាមការផ្សាយនៅថ្ងៃអង្គារ ទី២ខែមិថុនា ឆ្នាំ២០២០ របស់បណ្តាញព័ត៌មានទូរទស្សន៍បាយ័ន(BTV)ដែលស្និទ្ធនឹងរដ្ឋាភិបាល ។
របាយការណ៍ព័ត៌មាននេះបានស្រង់សម្តីរបស់នាយឧត្តមសេនីយ៍លោក សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកម្លាំងរក្សាសន្តិភាព ដែលនិយាយថា កងកម្លាំងមួកខៀវរបស់កម្ពុជា៣នាក់បានឆ្លងកូវីដនៅតំបន់គីដាល់ ៣នាក់នៅតំបន់ហ្គាវ និង៣នាក់ទៀតនៅតំបន់ជូវិនទុស។
វីអូអេ មិនអាចទាក់ទងលោក សែម សុវណ្ណនីដើម្បីស្នើសុំអត្ថាធិប្បាយបន្ថែមបានទេនៅថ្ងៃអង្គារនេះ។
កាលពីថ្ងៃទី២៩ខែឧសភាឆ្នាំ២០២០ កងកម្លាំងមួកខៀវម្នាក់គឺលោកឧត្តមសេនីយ៍ទោ ស សាវីបានស្លាប់នៅក្នុងប្រទេសម៉ាលី ដោយសារជំងឺកូវីដ១៩។
កម្ពុជាមានកងកម្លាំងមួកខៀវក្នុងប្រទេសម៉ាលីចំនួន២៩៨នាក់។
ក្នុងនាមជាប្រទេសសមាជិកនៃអង្គការសហប្រជាជាតិ កម្ពុជាបានបញ្ជូនកងកម្លាំងរបស់ខ្លួនសរុបជិត៨០០នាក់ ក្នុងនោះមាននារីជិត៨០នាក់ ទៅបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសចំនួនបួនក្នុងទ្វីបអាហ្វ្រិក រួមមាន លីបង់ ស៊ូដង់ខាងត្បូង ម៉ាលី និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល៕