មនុស្ស៤នាក់ទៀត ត្រូវបានរកឃើញថាឆ្លងជំងឺកូវីដ១៩ ដែលនាំឲ្យការឆ្លងក្នុងសហគមន៍នៅកម្ពុជា កើនទៅដល់៣៨ករណីហើយ គិតត្រឹមថ្ងៃពុធនេះ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចេញផ្សាយនៅថ្ងៃពុធនេះ ឲ្យដឹងថាមនុស្ស៤នាក់ទៀតដែលបានឆ្លងនេះគឺជាជនជាតិខ្មែរ ក្នុងនោះមានប្រុស៣នាក់ និងស្រីម្នាក់។ ក្រសួងបានបញ្ចេញឈ្មោះ និងរូបថតបុគ្គលទាំងនោះនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន។
ក្រសួងបានឲ្យដឹងថាអ្នកឆ្លងម្នាក់បានទៅហាងលក់សម្លៀកបំពាក់ឈ្មោះ Zandoបឹងកេងកង កាលពីថ្ងៃទី២៧ ខែវិច្ឆិកា។ អ្នកឆ្លងម្នាក់ទៀតបានចូលហាងលក់កាបូប និងស្បែកជើង Pedro ផ្លូវព្រះសីហនុ ហើយប៉ះពាល់ជាមួយអ្នកឆ្លងដែលត្រូវបានធ្វើតេស្តរកឃើញជំងឺកូវីដ១៩ កាលពីកន្លងទៅ។ ចំណែកអ្នកឆ្លង២នាក់ទៀតជាបុគ្គលិកហាងPedroដដែល។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។
ភ្លាមៗក្រោយរកឃើញមនុស្សឆ្លង ហាងZando និង Pedro ត្រូវបានបិទដំណើរការជាបណ្តោះអាសន្ន។
ក្នុងព្រឹត្តិការណ៍ដែលរដ្ឋាភិបាលហៅថា«ព្រឹត្តិការណ៍២៨ វិច្ឆិកា» ដែលជាការឆ្លងក្នុងសហគមន៍ជាលើកដំបូង អ្នកពាក់ព័ន្ធជាង១ម៉ឺននាក់ ត្រូវបានយកសំណាកទៅធ្វើតេស្ត។
អ្នករស់នៅទីក្រុងភ្នំពេញដែលគិតថាខ្លួនពាក់ព័ន្ធនឹងព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍នេះ បានសម្រុកទៅធ្វើតេស្តរកជំងឺកូវីដ១៩នៅស្តាតអូឡាំពិក ដែលចាប់ផ្តើមពីថ្ងៃទី៨ ខែធ្នូ ដល់ថ្ងៃទី១២ ខែធ្នូ៕