ពលរដ្ឋ​ជាង​បួន​លាន​នាក់​មិន​ទាន់​មាន​អត្តសញ្ញាណ​បណ្ណ​សម្រាប់​ចុះ​ឈ្មោះ​បោះឆ្នោត

  • នៅ វណ្ណារិន

រូបភាពឯកសារ៖ អ្នកបោះឆ្នោត​មួយ​រូប​នៅ​ក្នុង​មណ្ឌល​បោះឆ្នោត​សាលាបឋមសិក្សា​ព្រះនរោត្តម​​​នៅ​រាជធានី​ភ្នំពេញ​ចូល​រួម​បោះឆ្នោត​ជ្រើស​រើស​​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី២ កាល​ពី​ថ្ងៃ​​ព្រឹក​ថ្ងៃ​អាទិត្យ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៤។ (ស៊ុយ ហ៊ាមខេមរា/វីអូអេ)

ស្រប​ពេល​ដែល​​(គ​.ជ.​ប.)​គ្រោង​ចាប់​ផ្តើម​សាក​ល្បង​ចុះ​ឈ្នោះ​អ្នក​បោះ​ឆ្នោត​នៅ​ដើម​ខែ​វិច្ឆិកា​ខាង​មុខ​នេះ និង​ធ្វើ​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ថ្មី​នា​ដើម​ឆ្នាំ​២០១៦ ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ធំ​​មិន​ទាន់​បាន​ទទួល​អត្តសញ្ញាណ​បណ្ណ​ប្រភេទ​ថ្មី​​សម្រាប់​ការ​ចុះ​ឈ្មោះ​នោះ​នៅ​ឡើយ​ទេ។

ស្រប​ពេល​ដែល​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​(គ​.ជ.​ប.)​គ្រោង​ចាប់​ផ្តើម​សាក​ល្បង​ចុះ​ឈ្នោះ​អ្នក​បោះ​ឆ្នោត​នៅ​ដើម​ខែ​វិច្ឆិកា​ខាង​មុខ​នេះ និង​ធ្វើ​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ថ្មី​នា​ដើម​ឆ្នាំ​២០១៦ ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ធំមិន​ទាន់​បាន​ទទួល​អត្តសញ្ញាណ​បណ្ណ​ប្រភេទ​ថ្មី​ ដែល​ជា​ឯកសារ​សំខាន់​សម្រាប់​ការ​ចុះ​ឈ្មោះ​នោះ​នៅ​ឡើយ​ទេ។

លោក​ស្រី អ៊ឹង​ គ្រិន កសិករ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​ បាន​ប្រាប់​ VOA​ ថា​ គាត់​មិន​បាន​ទទួល​ដំណឹង​ពី​ការ​ចាប់​ផ្តើម​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​នេះ​នៅ​ឡើយ​ទេ​ ដោយ​រវល់​នឹង​ការ​ធ្វើស្រែ​ក្នុង​រដូវ​វស្សា​នេះ។ កសិករ​អាយុ​៥៥ឆ្នាំ​រូប​នេះ​បាន​បញ្ជាក់​ថា គាត់​នៅ​មិន​ទាន់​បាន​ទទួល​អត្តស​ញ្ញាណបណ្ណ​ប្រភេទ​ថ្មី​សម្រាប់​ត្រៀម​ខ្លួន​ចុះ​ឈ្មោះ​បោះឆ្នោត​នាពេល​ខាង​មុខ​នៅ​ឡើយ បើ​ទោះ​ជា​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ក្នុង​ស្រុក​រលាផ្អៀរ បាន​ទទួល​អត្ត​សញ្ញាណបណ្ណ​រួច​រាល់​ក៏​ដោយ។

«ច៎ាស ​បាន​ខ្លះ​ហើយ​ តែ​ខ្ញុំ​ហ្នឹង​អត់​ទាន់​បាន​ទេ។ គេ​មក​បើក​កាល​នៅ​វត្ត​ហ្នឹង​អត់​ទាន់​បាន​ដឹង​ថា​ថ្ងៃ​ណា​ទេ​លោក​គ្រូ​ បើ​គេ​អត់​ទាន់​ប្រកាស​ផង​ អា​នៅ​សល់​ក្រោយ​ហ្នឹង​អត់​ទាន់​បាន​ផង»។

លោកស្រី​ អ៊ឹង​ គ្រិន មាន​កូន​៣​នាក់​ដែល​ដល់​អាយុ​បោះ​ឆ្នោត​បាន​បញ្ជាក់​ពី​ក្តី​បារម្ភ​ថា ខ្លួន​អាច​នឹង​អាច​ខក​ខាន​ក្នុង​ការ​ចូលរួម​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់ និង​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​នា​ឆ្នាំ​២០១៨​ខាងមុខ។

«ទេ​បារម្ភ​ដែរ​ហ្នឹង​ហា៎ បើអត់​មាន​អត្តសញ្ញាណ​បណ្ណ​ហ្នឹង​ គេ​អត់​ឲ្យ​បោះ​ហ្នឹ​ងហា៎​ ​បើ​អត់​មាន​អត្តសញ្ញាណ​បណ្ណ​ដឹង​គេ​ឲ្យ​បោះ​ដឹង​ថា​អត់»។

គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​(គ​.ជ.​ប.)​បាន​ប្រកាស​ថា ខ្លួន​នឹងចាប់​ផ្តើម​សាក​ល្បង​ចុះ​ឈ្នោះ​អ្នក​បោះឆ្នោត​នៅ​ក្នុង​ភូមិ​ចំនួន៤១​នៃ​ប្រទេស​កម្ពុជា​រយៈ​ពេល​១៥ថ្ងៃ​ក្នុង​ខែ​វិច្ឆិកា​ខាង​មុខ។ ការ​សាក​ល្បង​នេះ​គឺ​ដើម្បី​ត្រៀម​រៀបចំ​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ថ្មី​ដោយ​ប្រព័ន្ធ​កុំព្យូទ័រ សម្រាប់​ការ​បោះ​ឆ្នោត​ឃុំ សង្កាត់​នា​ឆ្នាំ​២០១៧ និង​តំណាង​រាស្ត្រ​នា​ឆ្នាំ​២០១៨​ខាង​មុខ​នេះ។ ក៏​ប៉ុន្តែ​ដើម្បី​ឈាន​ដល់​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ប្រជា​ពល​រដ្ឋ​គ្រប់​អាយុ​បោះ​ឆ្នោត​ត្រូវ​ភ្ជាប់​ជាមួយ​នូវ​អត្តសញ្ញាណ​បណ្ណ និង​លិខិត​ដែល​សម្គាល់​អត្ត​សញ្ញាណ​របស់​ខ្លួន។

លោក ម៉ៅ ច័ន្ទតារា អគ្គនាយក​នៃ​អគ្គ​នាយក​ដ្ឋាន​អត្ដ​សញ្ញាណ​កម្ម​ក្រសួង​មហាផ្ទៃ​បាន​បញ្ជាក់​ក្នុង​កិច្ច​សម្ភាស​ជាមួយ​ VOA នា​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ក្រសួង​មហាផ្ទៃ​បាន​ផ្តល់​អត្ត​សញ្ញាណ​បណ្ណ​ប្រភេទ​ថ្មី​ដល់​ប្រជាពលរដ្ឋ​ត្រឹម​តែ​៥លាន​៥សែន​នាក់​ប៉ុណ្ណោះ​នៃ​ចំនួន​ពលរដ្ឋ​គ្រប់​អាយុ​បោះ​ឆ្នោត​ ដែល​មាន​ចំនួន​ជាង​៩លាន​នាក់។ បើ​ទោះ​ជា​យ៉ាង​នេះ​ក្តី ក៏​លោក​បាន​បញ្ជាក់​ថា ក្រសួង​មហា​ផ្ទៃ​នឹង​សហការ​យ៉ាង​ជិតស្និទ​ជាមួយ​ ​គ.ជ.ប.​ក្នុង​ការ​សម្រួល​ដល់​ការ​ចុះ​បញ្ជី​បោះ​ឆ្នោត​ថ្មី​នេះ។

«យើង​ធ្វើ​មិន​ទាន់​ទេ​បាទ យើង​ធ្វើ​ម៉េច​ទាន់​ ព្រោះ​ខែ​១១ ​គ.ជ.ប.លោក​ហ្នឹង​គ្រោង​ចុះ​ធ្វើ​សាក​ល្បង​ ហើយ​យើង​ធ្វើ​បាន​ទើប​តែ​ឥឡូវ​នេះ​អាថ្មី​នេះ​គឺ យើង​ទើប​តែ​ធ្វើ​បាន​លាន​កន្លះ​ទេ​បាទ​ អីចឹង​នៅ​ក្នុង​ប៉ុន្មាន​ខែ​ទៀត យើង​មិន​អាច​ផ្តល់​ជូន​គ្រប់​ប្រជា​ពលរដ្ឋ​ ​ព្រោះ​យើង​នៅ​សល់ ដូច​ខ្ញុំ​បាន​ជម្រាប​អញ្ចឹង​គឺ យើង​នៅ​សល់​ប្រហែល​ជាង​៤លាន​ទៀត។ ឥឡូវ​យើង​កំពុង​តែ​ខំ​ជំរុញ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យើង​ខំប្រឹង​ប្រមែ​ ប្រមូល​ និង​ព្យា​យាម​អប់រំ​ប្រជា​ពលរដ្ឋ​មក​ធ្វើ»។

លោក​ក៏​បាន​បញ្ជាក់​ថា ក្រសួង​មហា​ផ្ទៃ​គ្រោង​នឹង​ផ្តល់​អត្ត​សញ្ញាណ​បណ្ណ​ប្រភេទ​ថ្មី​ដល់​ប្រជា​ពលរដ្ឋ​ដែល​គ្រប់​អាយុ​ទាំង​អស់​គ្នា​ក្នុងខែ​មិនា​ខាង​មុខ​នេះ​ ដើម្បី​ត្រៀម​ខ្លួន​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ថ្មី ដែល​រៀប​ចំ​ដោយ​គ.ជ.ប.នោះ។ យ៉ាង​ណា​ក៏​ដោយ​ អគ្គ​នាយក​ដ្ឋាន​អត្ដ​សញ្ញាណ​កម្ម​នឹង​សហ​ការ​ជា​មួយ​គ.ជ.ប.​ក្នុង​ការ​សម្រួល​ដល់​ការ​ចុះ​បញ្ជី​អ្នក​បោះឆ្នោត​សាក​ល្បង​នេះ។

«ពាក់​ព័ន្ធ​នឹង​ការ​ចុះ​ទៅ​សាក​ល្បង​របស់​គ.ជ.ប.​នេះ ខាង​ខ្ញុំ​បាន​ត្រៀម​រួចរាល់​អស់​ហើយ​ បាទ​ត្រៀម។ នេះ​គឺ​ជា​សមត្ថកិច្ច​របស់​គ.ជ.ប.ទេ ក៏ប៉ុន្តែ​យើង​ខ្ញុំ​បាន​ត្រៀមក្នុង​ការ​ផ្តល់​ទិន្នន័យ​ ផ្តល់​អ្វី​នេះ ប្រសិន​ជា​មាន​សំណូមពរ​ នៅ​ពេល​ធ្វើ​ការ​ចុះ​ឈ្មោះ​សាកល្បង​ហ្នឹង»។

គណៈកម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ពេល​បច្ចុប្បន្ន​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ការ​ឯកភាព​នយោបាយ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បន្ទាប់​ពី​មាន​ការ​ជាប់​គាំង​នយោ​បាយ​ជិត​១ឆ្នាំ ចាប់​តាំង​ពីការ​បោះ​ឆ្នោត​ខែ​កក្កដា ឆ្នាំ២០១៣ ក្រោ​យ​ពេល​ដែល​គណបក្ស​ជំទាស់​ចោទ​ប្រកាន់​ពី​ភាព​មិន​ប្រក្រ​តី​ក្នុង​ការ​បោះ​ឆ្នោត និង​បញ្ជី​បោះឆ្នោត។ គ.ជ.ប.ថ្មី​នេះ​មាន​សមាជិក​៩រូប​រួម​ទាំង​ប្រធាន ដែល​មាន​សមាសភាព​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​អនុប្រធាន​មក​ពី​គណបក្ស​ជំទាស់​ហើយ​ត្រូវ​បាន​ឯកភាព និង​ជ្រើស​តាំងកាល​ពីចុង​ខែ​មេសា​កន្លង​ទៅ ដែល​ជាផ្នែក​មួយ​នៃ​ការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា។

យ៉ាង​ណា​មិញ​គណបក្ស​នយោបាយ​មួយ​ចំនួន​នៅតែ​មាន​ក្តី​បារម្ភ​ចំពោះ​ដំណើរ​ការ​នៃ​ការ​ចុះ​បញ្ជី​សម្រាប់​ពលករ​ចំណាក​ស្រុក និង​ការ​ចូល​រួម​របស់​ប្រជា​ពលរដ្ឋ​ក្នុង​ដំណើរ​ការ​បោះឆ្នោត​ឃុំ​សង្កាត់​នា​ឆ្នាំ​២០១៧​ខាង​មុខ ហើយ​ខ្លួន​នឹង​ត្រៀម​ធ្វើ​ការ​ត្រួត​ពិនិត្យ​យ៉ាង​ដិត​ដល់​ចំពោះ​ដំណើរ​ការ​ចុះ​បញ្ជី​អ្នក​បោះ​ឆ្នោត​ថ្មី​នេះ៕