អ្នករត់ពន្ធគ្រឿងញៀនជនជាតិចិន៤នាក់ ត្រូវបានសម្លាប់នៅថ្ងៃអង្គារម្សិលមិញហើយថ្នាំញៀនមេតាហ្វីតាមីន (methamphetamine) ចំនួន៥០០គីឡូក្រាម ត្រូវបានរឹបអូសនៅក្នុងប្រតិបត្តិការបង្រ្កាបមួយនៅក្នុងប្រទេសហ្វីលីពីនភាគខាងជើង។ នេះបើតាមការបញ្ជាក់របស់ប៉ូលិសហ្វីលីពីន ដែលបានពណ៌នាប្រតិបតិ្តការនោះថា ជាការបង្ក្រាបការជួញដូរគ្រឿងញៀនណាកូទិកដ៏ធំបំផុតក្នុងប្រទេសហ្វីលីពីននៅឆ្នាំ២០២១នេះ។ នេះតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
គ្រឿងញៀនដែលរឹបអូសបានក្នុងកិច្ចប្រតិបតិ្តការបង្ក្រាបនោះ ត្រូវបានប៉ាន់តម្លៃថា មានចំនួនជាទឹកប្រាក់ប្រមាណជិត៧០លានដុល្លារ។ ថ្នាំញៀនទាំងនេះ ត្រូវបានឈ្មួញលាក់ក្នុងទូកតូចៗរបស់ពួកគេ នៅក្នុងដែនទឹកអន្តរជាតិ ហើយរត់ពន្ធចូលមកក្នុងប្រទេសហ្វីលីពីន។ នេះបើតាមការលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ប៉ូលិសជាតិហ្វីលីពីន។
ឈ្មួញជួញដូរគ្រឿងញៀនម្នាក់ដែលត្រូវបានបាញ់សម្លាប់ មានឈ្មោះថា Xu Youha ដែលប៉ូលិសនិយាយថា ជាឈ្មួញគ្រឿងញៀនខុសច្បាប់ដ៏សកម្មម្នាក់ក្នុងប្រទេសហ្វីលីពីន ហើយត្រូវបានស្ថិតក្នុងការតាមដានឃ្លាំមើលក្នុងពេលកន្លងមក។
ប្រតិបតិ្តការបង្ក្រាបតាមរយៈការទិញដូរមួយនេះ កើតមានឡើងនៅក្នុងសណ្ឋាគារមួយកន្លែង ក្នុងទីក្រុង Candelaria ខេត្ត Zambales ក្នុងប្រទេសហ្វីលីពីន។ លទ្ធផលនៃការបង្ក្រាបនោះ ឈ្មួញគ្រឿងញៀន៤នាក់ ត្រូវបានសម្លាប់ ដោយពួកគេបានបាញ់តដៃជាមួយក្រុមប្រតិបត្តិការបង្រ្កាបរបស់រដ្ឋាភិបាល ក្នុងការព្យាយាមដើម្បីរត់គេចខ្លួន។ នេះបើតាមការបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់ប៉ូលិស។
ប៉ូលិសហ្វីលីពីនជឿជាក់ថា ថ្នាំញៀនទាំងនេះ នឹងត្រូវគេយកទៅចែកចាយបន្តនៅលើកោះ Luzon ដែលជាដែនកោះដ៏សំខាន់មួយរបស់ប្រទេសហ្វីលីពីន។
ក្រុមរដ្ឋអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិ កំពុងស្វះស្វែងធ្វើការស៊ើបអង្កេតយុទ្ធនាការប្រឆាំងថ្នាំញៀនដែលអង្គការសិទ្ធិមនុស្សនិយាយថា បានសម្លាប់មនុស្សរាប់ពាន់នាក់៕