សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិចិន៤នាក់ និងខ្មែរម្នាក់ ដែលសង្ស័យថា ពាក់ព័ន្ធនឹងករណីគ្រាប់បែកមួយគ្រាប់ ដែលគេប្រទះឃើញនៅលើសួនទ្រូងផ្លូវខាងមុខរដ្ឋសភាជាតិ កាលពីថ្ងៃព្រហស្បតិ៍។ នេះបើតាមមន្រ្តីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ។
លោក ខៀវ សុភ័គ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យ ក្រសួងមហាផ្ទៃ ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថាកាលពីថ្ងៃទី១៥ ខែធ្នូ អ្នកបោសសម្អាតនៅទីសាធារណៈម្នាក់បានប្រទះឃើញគ្រាប់បែកនៅលើសួនតាមទ្រូងផ្លូវខាងមុខរដ្ឋសភា ហើយបានរាយការណ៍ទៅអាជ្ញាធរពាក់ព័ន្ធឱ្យចុះមកពិនិត្យ។ លោកបន្តថា គ្រាប់បែកនោះជា«គ្រាប់បែកដៃ» ដែលលោកថា«ធ្លាក់»ពីរថយន្តមួយគ្រឿង ដែលអាជ្ញាធរបានស៊ើបអង្កេតរកឃើញអត្តសញ្ញាណរថយន្ត តាមរយៈកាមេរ៉ាសុវត្ថិភាព រហូតដល់ឈានដល់ការឃាត់ខ្លួនអ្នកសង្ស័យ។
លោកថ្លែងថា៖ «យើងបានតាមដានរកទៅឃើញថា គ្រាប់បែកនេះធ្លាក់ពីឡានហ្នឹង។ យើងក៏តាមស្វែងរកអត្តសញ្ញាណម្ចាស់ឡាន ហើយយើងរកឃើញ»។
លោក ខៀវ សុភ័គ សុំមិនបញ្ជាក់ មូលហេតុអ្វីបានជាគ្រាប់បែកនោះ អាចធ្លាក់ពីរថយន្តបានទេ ដោយលោកប្រាប់ ថារឿងនេះទុកឱ្យសមត្ថកិច្ចស្រាវជ្រាវបន្តទៀតសិន។
លោកប្រាប់វីអូអេថា៖ «...ពូយល់ថា បើយើងហ៊ានតែនិយាយតែផ្តេសតែផ្តាសទៅ វានាំតែរំខានដល់កិច្ចការ សមត្ថកិច្ច ស៊ើបអង្កេតរបស់គេ។ ពូយល់អ៊ីចឹង ណា៎!»
អ្នកនាំពាក្យក្រសួងមហាផ្ទៃរូបនោះបញ្ជាក់ថា ករណីនេះអាចជាករណីគំនុំ ឬគំរាមកំហែងបុគ្គល ....មិនមែនជារឿងភេរវកម្ម ឬនយោបាយនោះទេ។
លោកថ្លែងថា៖ «សន្និដ្ឋានជំហ៊ានដំបូង អ៊ីចឹង។ វាមិនមែនជាភារវកម្ម មិនមែនជារឿងនយោបាយ នយោបោកអីទេ។ វាជាគំនុំ ហើយការគំរាមកំហែងទៅបុគ្គលច្រើនជាង។ ហើយឆ្លងតាមយើងពិនិត្យ ចាប់បានឡានហ្នឹងបានយើងដឹងថានេះវាជារឿងប៉ងសម្លាប់ទៅវិញ»។
វីអូអេមិនទាន់អាចសុំការបញ្ជាក់ពីលោក សាន សុខ សីហា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងលោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បាននៅឡើយទេ។
លោក ឆាយ គឹមខឿន អ្នកនាំពាក្យរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ប្រាប់សារព័ត៌មានFresh News ដែលស្និទ្ធនឹងរដ្ឋាភិបាលថា នៅម៉ោង៧កន្លះ យប់ថ្ងៃទី១៥ ខែធ្នូ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ ពាក់ព័ន្ធគ្រាប់បែកនោះ ដែលរួមមានជនជាតិចិន៤នាក់ និងស្ត្រីខ្មែរម្នាក់ មានទីតាំងក្នុងបុរីប៉េងហួតបឹងស្នោរ ខណ្ឌច្បារអំពៅ។ សមត្ថកិច្ចបានរឹបអូសរថយន្តមួយគ្រឿង ម៉ាកRANGE ROVER DEFENDER ពណ៌ស្លែ ស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខកម្ពុជា LC-9888 ធ្វើជាវត្ថុតាង៕