ពលរដ្ឋខ្មែរ៤នាក់ដែលបម្រើការងារឲ្យអង្គការសហប្រជាជាតិ បានរងរបួសធ្ងន់ និងស្រាល ដោយសារការបំផ្ទុះគ្រាប់បែកអត្តឃាតមួយ ក្នុងមូលដ្ឋានមួយរបស់អង្គការសហប្រជាជាតិ (UN) នៅប្រទេសម៉ាលី។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ។
សេចក្តីប្រកាសព័ត៌មានចេញនៅថ្ងៃទី១៤ ខែវិច្ឆិកា និងត្រូវបានផ្សព្វផ្សាយលើទំព័រហ្វេសប៊ុករបស់លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បញ្ជាក់ថា នៅយប់ថ្ងៃទី១២ ខែវិច្ឆិកា ម៉ោងនៅប្រទេសម៉ាលី ត្រូវនឹងព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ម៉ោងនៅកម្ពុជា មានករណីបំផ្ទុះគ្រាប់បែកអត្តឃាតមួយ បង្កឡើងដោយក្រុមភេរវកបើករថយន្តមួយគ្រឿង ចូលទីតាំងប្រតិបត្តិការមួយរបស់អង្គការសហប្រជាជាតិ នៅតំបន់ហ្កាវ ប្រទេសម៉ាលី។
សេចក្តីប្រកាសព័ត៌មាននោះបញ្ជាក់ក្នុងន័យដើមថា៖
«ហេតុការណ៍នេះ បានបណ្តាលឲ្យភេរវករម្នាក់ដែលធ្វើសកម្មភាពបំផ្ទុះគ្រាប់បែកស្លាប់នៅហ្នឹងកន្លែង និងបាត់បង់ជីវិតជនជាតិម៉ាលី២នាក់ ព្រមទាំងមានអ្នករបួស១៤នាក់ ដែលក្នុងនោះក៏មានពលរដ្ឋខ្មែរ ដែលបម្រើការងារឲ្យអង្គការសហប្រជាជាតិចំនួន៤នាក់ផងដែរ (ម្នាក់របួសធ្ងន់ និង៣នាក់ទៀតរបួសស្រាល)។ ចំណែកកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា (ទាហានមួកខៀវ) ដែលបំពេញបេសកកម្មនៅតំបន់នេះ មិនមានគ្រោះថ្នាក់ដោយហេតុការណ៍ខាងលើទេ»។
សេចក្តីប្រកាសព័ត៌មានដដែលបន្ថែមថា ជនរងគ្រោះដែលជាជនជាតិខ្មែររងរបួសធ្ងន់ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកម្រិត២ ក្នុងប្រទេសម៉ាលី ចំណែក៣រូបទៀតដែលរងរបួសស្រាល ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យក្បែរកន្លែងកើតហេតុ។
លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ ប្រាប់ VOA ថា ពលរដ្ឋខ្មែរទាំង៤រូបដែលរងរបួស ជាអ្នកធ្វើការឲ្យអង្គការសហប្រជាជាតិនៅទីនោះ មិនមែនជាទាហានមួកខៀវនោះទេ។
លោកមានប្រសាសន៍ថា៖
«គាត់មិនមែនជាក្របខណ្ឌកងទ័ពយើងទេ ជាក្របខណ្ឌដែលគាត់ចូលធ្វើការបម្រើជាមន្ត្រីជាប់កិច្ចសន្យារបស់ជាមួយ UN ជាអ្នកបកប្រែ ជាអ្នកបើកឡានអីអញ្ចឹងទៅ។ អ្នកដែលរបួសស្រាលហ្នឹង គឺកំពុងតែព្យាបាលនៅមន្ទីរពេទ្យកម្រិតមួយរបស់កងយោធពលខេមរភូមិន្ទរបស់យើងនៅប្រទេសម៉ាលីហ្នឹង របួសធ្ងន់នៅមន្ទីរពេទ្យចិន យើងមិនទាន់មានអីបញ្ជូនមកទេ ព្រោះគាត់នៅកំពុងព្យាបាលនៅឡើយ ខ្ញុំមិនទាន់ទទួលបានដំណឹងទេ»។
បើតាមលោក ឈុំ សុជាតិ បញ្ជាក់ថា រហូតមកដល់ពេលនេះ ក្រុមកងទ័ពទាហានមួយខៀវកម្ពុជាដែលកំពុងបម្រើការងារនៅប្រទេសម៉ាលី ធ្លាប់ទទួលរងការវាយប្រហារចំនួន៤លើករួចមកហើយ ប៉ុន្តែលោកថា មិនមានអ្នករងគ្រោះថ្នាក់ធ្ងន់ធ្ងរនោះទេ។
នៅដើមខែវិច្ឆិកានេះ កម្ពុជាទើបបញ្ជូនទាហានមួកខៀវចំនួន ២១៦នាក់បន្ថែមទៀត ទៅចូលរួមបេសកកម្មរក្សាសន្តិភាពក្រោមស្លាកអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល។ កាលពីសប្តាហ៍មុន កងវិស្វកម្មលេខ៩៥៤ ចំនួន២១៦នាក់ដែលត្រូវបញ្ចប់បេសកកម្មពីសាធាណរដ្ឋអាហ្វ្រិកកណ្តាល និងកងរាជអាវុធហត្ថលេខ៦១៨ ចំនួន៧៣នាក់ ពីសាធាណរដ្ឋស៊ូដង់ខាងត្បូង ក៏ទើបធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញផងដែរ។
ចាប់តាំងពីឆ្នាំ២០០៦មក កម្ពុជាបានបញ្ជូនទ័ពមួកខៀវចំនួនជាង៥ពាន់នាក់ ចូលរួមបេសកកម្មនៅប្រទេសចំនួន៨ រួមមាន លីបង់ ម៉ាលី សាធារណរដ្ឋអាហ្វ្រិកកណ្តាល ស៊ូដង់ ស៊ូដង់ខាងត្បូង និងប្រទេសឆាត។ កងទ័ពមួកខៀវដែលបញ្ជូនពីកម្ពុជា មានភារកិច្ចផ្តោតលើការដោះមីន និងគ្រាប់មិនទាន់ផ្ទុះ ការសាងសង់ព្រលានយន្តហោះ ការធ្វើផ្លូវគមនាគមន៍ និងការធ្វើការងារមនុស្សធម៌ជាដើម។
ក្នុងចំណោមកងទ័ពមួកខៀវកម្ពុជាជាង៥ពាន់នាក់នោះ មានកងទ័ពកម្ពុជាចំនួន៥នាក់ បានបាត់បង់ជីវិតក្នុងបេសកកម្មនោះ។ ក្នុងនោះ មានម្នាក់បាត់បង់ជីវិតដោយសារជំងឺគ្រុនចាញ់ និងបួននាក់ទៀតបានបាត់បង់ជីវិតក្នុងហេតុការណ៍បាញ់ប្រហារអំឡុងពេលបំពេញបេសកកម្មនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល។
សម្រាប់កងទ័ពដែលបាត់បង់ជីវិតដោយសារការបាញ់ប្រហារក្នុងបេសកកម្មនោះ អង្គការសហប្រជាជាតិបានផ្តល់សំណងទៅឲ្យគ្រួសាររបស់ជនរងគ្រោះ ក្នុងមួយគ្រួសារចំនួន៧ម៉ឺនដុល្លារ៕