ស្ថាបនិក និងជានាយកអង្គការ«មាតាធម្មជាតិ» លោកAlejandro Gonzalez-Davdisonបានស្នើឲ្យមានកិច្ចអន្តរាគមន៍ពីមន្ត្រីនៃអង្គការសហប្រជាជាតិ ដើម្បីបញ្ឈប់ការធ្វើបាបដោយអំណាចតុលាការមកលើសកម្មជនការពារសម្បត្តិធម្មជាតិក្នុងខេត្តកោះកុង។
សកម្មជនការពារបរិស្ថាន និងជាអ្នកការពារសិទ្ធិជនជាតិដើមភាគតិចរូបនេះ បានដាក់ពាក្យបណ្តឹងទៅលោក Michel Forst អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិស្តីពីស្ថានភាពអ្នកការពារសិទ្ធិមនុស្ស ដើម្បីស្នើសុំការធ្វើការអន្តរាគមន៍របស់លោក បញ្ឈប់ការធ្វើទុក្ខបុកម្នេញលើអ្នកការពារសិទ្ធិមនុស្សដែលជំទាស់នឹងគម្រោងសាងសង់ទំនប់វារីអគ្គិសនី និងជីករ៉ែនៅក្នុងខេត្តកោះកុងនៃប្រទេសកម្ពុជា។ នេះបើយោងទៅតាមសេចក្តីប្រកាសព័ត៌មានរបស់បណ្តាញអ្នកការពារសិទិ្ធមនុស្សជនជាតិដើមភាគតិច ដែលចេញផ្សាយជាសាធារណៈ កាលពីថ្ងៃអង្គារកន្លងទៅ។
លោក Alejandro Gonzalez-Davdison និងលោកស្រី Joan Carling គឺជាអ្នកនៅពីក្រោយការដាក់ពាក្យបណ្តឹងនេះ។ បណ្តឹងនេះក៏ត្រូវបានដាក់ជូនផងដែរ ទៅកាន់គណៈប្រតិភូនៃសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា។
នៅក្នុងពាក្យបណ្តឹងនោះ សកម្មជនការពារបរិស្ថានបួនរូប ត្រូវបានអ្នកប្តឹងទាំងពីររៀបរាប់ថា កំពុងសិ្ថតក្រោមការគាបសង្កត់ខាងផ្លូវច្បាប់ ដោយអំណាចតុលាការរបស់ប្រទេសកម្ពុជា។ អ្នកទាំងបួននោះ រួមមាន លោក វ៉ែន វ៉ន ជាជនជាតិភាគតិចជង និងជាសកម្មជនការពារសម្បត្តិធម្មជាតិក្នុងតំបន់អារ៉ែង ដែលទើបត្រូវបានដោះលែងឲ្យមានសេរីភាពវិញពីបទល្មើសព្រៃឈើ និងលោក សាន់ ម៉ាឡា ទ្រី សុវិគា និងលោក ស៊ីម សំណាង ដែលកំពុងស្ថិតក្នុងពន្ធនាគារខេត្តកោះកុង។
ពាក្យបណ្តឹងនោះបានបញ្ជាក់ពីការរំខានខាងផ្លូវច្បាប់ថា៖ «ការយាយីទៅលើសិទ្ធិរបស់អ្នកការពារសិទ្ធិមនុស្សទាំងបី គឺមានបំណងយ៉ាងជាក់ច្បាស់ ក្នុងការដាក់ទណ្ឌកម្មទៅលើសកម្មភាពសិទ្ធិមនុស្សស្របច្បាប់របស់ពួកគេ»។
ក្រុមគ្រួសាររបស់សកម្មជនបរិស្ថានទាំងបីរូបដែលកំពុងជាប់ឃុំ កាលពីដំណាច់ខែមីនា ក៏បានព្យាយាមស្វែងរកជំនួយពីលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដោយការដើរដោយថ្មើរជើងពីតំបន់វត្តភ្នំដូនពេញ មកផ្ទះរបស់នាយករដ្ឋមន្ត្រី នៅក្បែរវិមានឯករាជ្យ។
ការដើរដោយថ្មើរជើងដែលមានគ្នាប្រមាណតែពីរទៅបីនាក់ មិនត្រូវបានស្វាគមន៍ដោយអាជ្ញាធរស្ថិតក្នុងរាជធានីភ្នំពេញ និងមន្ត្រីខុទ្ទកាល័យរបស់លោកនាយករដ្ឋមន្ត្រីនោះទេ។ ផ្ទុយទៅវិញ ក្រុមគ្រួសាររបស់សកម្មជនបរិស្ថានទាំងបីនាក់នោះ បានរងការស្តីបន្ទោសធ្ងន់ ពីលោក គង់ ចំរើន មន្ត្រីទទួលពាក្យបណ្តឹងរបស់ខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី។ មន្ត្រីរូបនេះ បានប្រាប់ក្រុមគ្រួសារសកម្មជនបរិស្ថានថា លោក ហ៊ុន សែន ពុំមានសិទ្ធិជ្រៀតជ្រែកស្ថាប័នតុលាការ ឬស្ថាប័នសភានោះទេ និងបន្ទោសក្រុមគ្រួសារទាំងនោះថា បានធ្វើខូចដល់សណ្តាប់ធ្នាប់សាធារណៈ។
អ្នកស្រី ថា សុភា ភរិយារបស់លោក ស៊ីម សំណាង បានប្រាប់ VOA ថា អ្នកស្រីពុំទាន់បានទទួលដំណឹងទាក់ទិនពាក្យបណ្តឹងរបស់លោក អាឡិច នោះទេ តែអ្នកស្រីថា យុត្តិធម៌ត្រូវតែផ្តល់ជូនស្វាមីអ្នកស្រី តាមការជួយពីមន្ត្រីទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ។
អ្នកស្រី ថា សុភា ថ្លែងប្រាប់ VOA ថា៖«ខ្ញុំសង្ឃឹមថា អង្គការសហប្រជាជាតិនឹងមានប្រសិទ្ធភាព ដែលអាចជួយប្តីខ្ញុំបាន ដោយសារគាត់សង្កេតលើរឿងហ្នឹងដែរណ៎ា គាត់តាមដានមើលរឿងសកម្មជនបីនាក់ហ្នឹងដែរ។ អញ្ចឹង ខ្ញុំក៏បានទៅសុំគាត់ឲ្យជួយអន្តរាគមន៍បានពីរដង ជួបផ្ទាល់ដោយអ្នកស្រី Rhona Smith»។
សកម្មជនទាំងបីនាក់នៃចលនាមាតាធម្មជាតិ ត្រូវបានព្រះរាជអាជ្ញាតុលាការដំបូងខេត្តកោះកុង ចោទប្រកាន់ពីបទគំរាមកំហែង មានចេតនាបង្កការខូចខាតក្នុងអំឡុងពេលធ្វើយុទ្ធនាការទប់ស្កាត់ការបូមខ្សាច់នៅខេត្តកោះកុង និងត្រូវចាប់ដាក់ពន្ធនាគារចាប់តាំងពីពាក់កណ្ដាលខែសីហា ឆ្នាំ២០១៥។ រហូតមកទល់នឹងពេលនេះ ពួកគេបានស្ថិតក្នុងពន្ធនាគារខេត្តកោះកុងអស់រយៈពេលជាង៧ខែមកហើយ។
លោក អ៊ិន គង់ជិត មន្ត្រីសម្របសម្រួលនៃអង្គការសិទ្ធិមនុស្សលីកាដូប្រចាំខេត្តកោះកុង ថ្លែងថា ការសើ្នឲ្យមានការទម្លាក់ចោលវិធានការច្បាប់ប្រឆាំងនឹងសកម្មជនការពារបរិស្ថាន នឹងបើកផ្លូវឲ្យសកម្មជនទាំងនោះ មានសិទ្ធិសេរីភាពពេញលេញក្នុងការអនុវត្តការងាររបស់ខ្លួន។ លោកថា ការបន្តឃុំខ្លួនសកម្មជនទាំងបីនាក់នៃចលនាមាតាធម្មជាតិ បានធ្វើឲ្យពួកគេឃ្លាតឆ្ងាយពីការងារដែលគេបានធ្វើ សម្រាប់ការពារធនធានធម្មជាតិនៅក្នុងខេត្តកោះកុង។ លោកបន្ថែមថា តុលាការត្រូវរួសរាន់ បើកសវនាការជម្រះក្តីនេះ ព្រោះវាបានអូសបន្លាយពេលជិត៨ខែមកហើយ។
លោក អ៊ិន គង់ជិត ថ្លែងថា៖«ការឃុំខ្លួនហ្នឹង វាជិតចូលដល់ខែទីប្រាំបីហើយ អញ្ចឹងយើងឃើញថា ដូចជាលើសនីតិវិធីហើយ ហើយយើងឃើញថា មកដល់ពេលនេះ សំណុំរឿងបានបញ្ជូនទៅចៅក្រមជម្រះ ហើយលោកចៅក្រមជម្រះ និងលោកព្រះរាជអាជ្ញា គាត់អត់ទាន់បានកំណត់ពេលសវនាការនៅឡើយ អញ្ចឹងធ្វើឲ្យពួកគាត់ មិនទាន់ទទួលបាននូវភាពយុត្តិធម៌ នៅក្នុងរឿងក្តីរបស់គាត់»។
លោក ប៊ូ ប៊ុនហាំង ព្រះរាជអាជ្ញានៃតុលាការខេត្តកោះកុង មិនទាន់អាចបញ្ជាក់បានថា តុលាការខេត្តកោះកុង នឹងបើកអង្គសវនាការនៅពេលណានោះទេ ខណៈដែលពេលនេះ ជាពេលដែលប្រជាពលរដ្ឋខ្មែរកំពុងប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។
ចលនាមាតាធម្មជាតិ បានធ្វើការយ៉ាងសកម្មនៅក្នុងកិច្ចការការពារបរិស្ថាននៅក្នុងខេត្តកោះកុង។ ក្រៅពីការតវ៉ាឲ្យបញ្ឈប់ការបូមខ្សាច់ដ៏មហន្តរាយដល់បរិស្ថាននេះ ក្រុមការពារបរិស្ថាននេះ ក៏បានទប់ស្កាត់មិនឲ្យមានការវិនិយោគទំនប់វារីអគ្គិសនីលើស្ទឹងអារ៉ែងនៃជួរភ្នំក្រវ៉ាញ ដែលវិនិយោគដោយក្រុមហ៊ុនចិន Sinohydro ផងដែរ។ សកម្មភាពរបស់ពួកគេ បានធ្វើឱ្យអាជ្ញាធរ និងអ្នកពាក់ព័ន្ធមួយចំនួនមិនសប្បាយចិត្ត។
ពាក្យបណ្តឹងរបស់លោក អាឡិច ដដែលនោះ ក៏បានលើកឡើងពីចំណាត់ការខុសផ្លូវច្បាប់រំលោភសិទ្ធិរបស់លោក និងស្ថាបនិកនៃចលនាមាតាធម្មជាតិពីររូបផ្សេងទៀតដែលជាព្រះសង្ឈ។
បណ្តឹងនោះបានឲ្យដឹងផងដែរ អំពីវិធានការណ៍អាជ្ញាធរកម្ពុជា ដែលបានបណ្តេញរូបលោកចេញពីប្រទេសកម្ពុជាដោយបង្ខំ និងការច្រានចោលទិដ្ឋាការរបស់លោកសម្រាប់ការវិលត្រឡប់ចូលមកប្រទេសកម្ពុជាវិញ។ ការបដិសេធទិដ្ឋាការនេះ បានធ្វើឲ្យលោកខកខានមិនបានចូលមកបំភ្លឺក្នុងតុលាការខេត្តកោះកុង ដើម្បីចូលរួមសវនាការជំនុំជម្រះពាក់ព័ន្ធនឹងសកម្មភាពទប់ស្កាត់ការបូមខ្សាច់របស់សកម្មជនទាំងបីនាក់នៃចលនាមាតាធម្មជាតិ។ អង្គសវនាការនេះត្រូវបានគ្រោងរៀបចំឡើង កាលពីថ្ងៃទី៥ ខែមេសាកន្លងទៅនេះ៕