ជន​ចំណាក​ស្រុក​៤០​នាក់​បាន​ស្លាប់​នៅ​ក្បែរ​ឆ្នេរ​របស់​លីប៊ី​និង​៣២០​នាក់​ទៀត​ត្រូវ​បាន​ជួយ​សង្រ្គោះ

បុរស​ម្នាក់​បី​ក្មេង​ស្រី​នៅ​ក្នុង​ដៃ​ ខណៈ​ដែល​ជន​ចំណាក​ស្រុក​ទៅ​ដល់​ឆ្នេរ​របស់​កោះ Kos នៅ​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​ក្រិក បន្ទាប់​ពី​ឆ្លង​កាត់​ពី​ប្រទេស​តួកកី កាល​ពី​ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥។

មាន​ជន​ចំណាក​ស្រុក​យ៉ាង​តិច​ណាស់​៤០​នាក់​បាន​ស្លាប់​ និង​៣២០នាក់​ទៀត​ត្រូវ​បាន​ជួយ​សង្គ្រោះ​ពី​នាវា​រត់​ពន្ធ​មនុស្ស​ដែល​មាន​ដឹក​មនុស្ស​កកកុញ​នៅ​ក្នុង​សមុទ្រ​ Mediterranee នៅ​ខាង​ជើង​ប្រទេស​លីប៊ី។​

កងទ័ព​ជើង​ទឹក​នៃ​ប្រទេស​អ៊ីតាលី​បាន​និយាយ​ថា ​គេ​មាន​ជំនឿ​ថា​មាន​មនុស្ស​ស្លាប់​ដោយសារ​អ្វី​ម៉្យាង ​ដូច​ជា​ការ​ដក​ដង្ហើម​ចូល​ផ្សែង​ពី​បំពង់​ផ្សែង​នៅ​ក្នុង​កន្លែង​ផ្ទុក​ទំនិញ​ក្នុង​កប៉ាល់​នោះ។ ចំនួន​មនុស្ស​ស្លាប់​អាច​មាន​ច្រើន​ជាង​នេះ។

ក្រុម​ជន​ចំណាក​ស្រុក​អស់​សង្ឃឹម​រាប់​ម៉ឺន​នាក់​ដែល​បាន​រត់គេច​ខ្លួន​ចេញ​ពី​ភាព​ទីទាល់​ក្រ ​និង​សង្គ្រាម​ក្នុង​តំបន់​ខាង​ជើង​នៃ​ទ្វីប​អាហ្វ្រិក និង​ភូមិ​ភាគ​មជ្ឈឹមបូព៌ា​បាន​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​កាន់​ទ្វីប​អឺរ៉ុប។​

អង្គការ​ទេសន្តរប្រវេសន៍​អន្តរជាតិ​ដែល​ហៅ​កាត់​ថា​ IMO ​បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​ថា ​ចំនួន​ជន​ចំណាក​ស្រុក និង​ក្រុម​ជន​ស្វះស្វែង​រក​ទី​ជម្រក​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទ្វីប​អឺរ៉ុប​មាន​ចំនួន​២៣០.០០០នាក់​ដោយ​គិត​ដល់​ថ្ងៃទី​៣១ ខែ​កក្កដា ឆ្នាំ២០១៥​ ហើយ​គេ​រំពឹង​ថា​ចំនួន​នេះ​នឹង​ឡើង​ដល់​២៥០.០០០នាក់​មិន​ហួស​ពី​ដំណាច់​ខែសីហា​ទេ។​ នេះ​ជា​កំណើន​ច្រើន​ក្រាស់ក្រែល​មួយ​ពី​ចំនួន​២១៩.០០០​នាក់​ក្នុង​ឆ្នាំ២០១៤៕