អតីត​ប្រធានាធិបតី​អាមេរិក​ លោក Donald Trump ​ត្រូវ​បាន​មហា​គណៈ​វិនិច្ឆ័យ​ចោទ​ប្រកាន់

រូបឯកសារ៖ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ថ្លែងនៅក្នុងយុទ្ធនាការឃោសនាមួយ នៅអាកាសយានដ្ឋាន Waco ក្នុងទីក្រុង Waco នៃរដ្ឋ Texas កាលពីថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៣។

ដោយ​ធ្លាប់​ទទួល​រងសវនាការចោទ​ប្រកាន់​ទម្លាក់ពី​តំណែង​ជា​ប្រធានាធិបតី​ចំនួន​ ២ ​ដង ប៉ុន្តែ​មិន​ត្រូវ​បាន​កាត់​ទោស​ក្នុង​ពេល​ទាំង​ពីរ​ដង​នោះ​ ​លោក​ Donald Trump បាន​ក្លាយ​ជាអតីត​ប្រធានាធិបតីសហរដ្ឋ​អាមេរិក​ទី​ ១ នៅ​ពេល​នេះ​ ដែល​ត្រូវ​ប្រឈម​មុខ​នឹង​បទ​ចោទ​ប្រកាន់​ព្រហ្មទណ្ឌ។​

នៅ​ក្នុង​វិធានការ​ដែល​មិន​ធ្លាប់មានក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក​ មហា​គណៈ​វិនិច្ឆ័យ​នៅ​ក្នុង​រដ្ឋ New York​ កាល​ពី​ថ្ងៃព្រហស្បតិ៍​ម្សិលមិញ​ បានបោះ​ឆ្នោត​គាំទ្រ​ការចោទ​ប្រកាន់​លោក​ Trump​ ពី​បទ​ចោទ​ប្រកាន់​មួយ​ចំនួន​ ពាក់ព័ន្ធ​នឹង​ការ​ចំណាយ​ប្រាក់​ដល់​តារា​ស្រី​អាសអាភាស​ម្នាក់​ នៅ​ក្នុង​អំឡុង​ពេល​នៃ​យុទ្ធនាការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​កាល​ពី​ឆ្នាំ​ ២០១៦។​

បទ​ចោទ​ប្រកាន់​ដែលមាន​ការ​រំពឹង​ទុក​នេះ​កើត​មាន​ឡើង​ ​ខណៈពេល​ដែល​លោក Trump កំពុង​ស្វះស្វែងឈរ​ឈ្មោះដើម្បី​វិល​ត្រឡប់ទៅ​កាន់​សេតវិមាន​វិញ​ ក្រោយ​ពី​ចាញ់​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អាមេរិក​ កាល​ពី​ឆ្នាំ​ ២០២០ ​កន្លងទៅ​ ដែល​ធ្វើ​ឱ្យ​លោក​ក្លាយ​ជា​អតីត​ប្រធានាធិបតី​ទី​ ១ ​និង​ជា​បេក្ខជន​ប្រធានាធិបតី​ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ដោយ​តុលាការ។​

ដីកា​ចោទ​នេះ​ត្រូវ​បាន​បិទ​ជិតនៅ​ឡើយ​ ហើយ​គេ​នៅ​មិន​ទាន់ដឹង​ច្បាស់​នៅ​ឡើយ​ទេ​ថា​ តើ​បទ​ឧក្រិដ្ឋ​អ្វី​ ឬ​បទ​ឧក្រិដ្ឋ​ចំនួន​ប៉ុន្មាន​ករណី ដែល​លោក Trump ​ត្រូវ​ទទួល​ការ​ចោទ​ប្រកាន់​នោះ។ ទូរទស្សន៍ ​CNN រាយការណ៍​ថា​ អតីត​ប្រធានាធិបតី​អាមេរិក​រូប​នេះ​ ត្រូវ​បាន​ចោទ​ប្រកាន់​ចំនួន​ជាង​ ៣០ ​ករណី។​ វីអូអេ​មិន​អាច​បញ្ជាក់ផ្ទៀង​ផ្ទាត់​របាយការណ៍​ព័ត៌មាន​នេះទេ។​

មេធាវី​ការពារ​ក្តីរបស់​លោក Trump គឺ​លោក Joe Tacopina បាន​និយាយ​ថា​ អតីត​ប្រធានាធិបតី​អាមេរិករូប​នេះ​អាច​ទំនងនឹង​ត្រូវបាន​គេ​នាំខ្លួនទៅ​កាន់​តុលាការ​នៅ​ដើម​សប្តាហ៍​ក្រោយ។​

ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ជា​ច្រើន​ ដែល​បាន​ដក​ស្រង់​ប្រភព​មួយ​ចំនួន​នោះរាយកាណ៍​ថា​ ការនាំ​ខ្លួន​លោក Trump ​មក​កាន់​តុលាការអាច​ត្រូវធ្វើ​ឡើង​នៅ​ថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយ។​

ដើម្បី​ចូលខ្លួន​មក​កាន់​តុលាការ​ លោក Trump ដែល​ពេលនេះ​កំពុង​រស់​នៅក្នុង​រដ្ឋ Florida នោះ នឹង​ត្រូវ​ធ្វើ​ដំណើរ​មក​កាន់​រដ្ឋ New York ​ដោយ​មាន​ការ​ការពារ​ពី​ក្រុម​កងអង្គរក្ស Secret Service របស់​លោក​ផង​ដែរ។​

នៅ​ពេល​មក​ដល់​តុលាការ​ លោកនឹង​ត្រូវ​គេ​ឱ្យ​ផ្តិត​មេដៃ​ និង​ថតរូប​ មុន​ពេល​នាំខ្លួន​ទៅ​ជួប​ជាមួយ​ចៅក្រម​ម្នាក់ ​ហើយ​នឹង​ត្រូវ​ដោះលែង​វិញ​នៅ​ក្រោមការ​បង់ប្រាក់​ធានាផ្ទាល់​ខ្លួន​មួយ។​

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ លោក Trump ដែល​បាន​បដិសេធ​នូវ​រាល់​កំហុស​ឆ្គង​ទាំង​ឡាយ​ ដែល​បាន​ចោទ​ប្រកាន់​ ហើយ​លោក​បាន​ហៅ​ការចោទ​ប្រកាន់នោះ​ថា​ ជា​ផ្នែក​មួយ​នៃការ​សងសឹកដែល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាធិបតេយ្យ​ ដើម្បី​បំផ្លាញ​ចលនា​របស់​លោក ដែល​ចង់​«ធ្វើ​ឱ្យ​អាមេរិក​អស្ចារ្យ​ជា​ថ្មី​ម្តង​ទៀត» ​នោះ៕