ក្រោយ​​វាយ​ប្រហារ​ថ្នាក់​ដឹកនាំ​កម្ពុជា អតីត​ឧកញ៉ា​ ហេង សិទ្ធី ត្រូវ​ចាប់ខ្លួន​នៅ​ក្រៅ​ប្រទេស

អតីតឧកញ៉ា ហេង សិទ្ធី ដែល​ត្រូវបាន​ចាប់ខ្លួននៅក្រៅប្រទេស ក្រោយវាយប្រហារថ្នាក់ដឹកនាំកម្ពុជា។ (FACEBOOK / ហេង សិទ្ធី ដើម្បីប្រជាជនកម្ពុជា)

អតីត​ឧកញ៉ា​ លោក ហេង សិទ្ធី ដែល​បានវាយ​ប្រហារ​មន្ត្រីជាន់ខ្ពស់​កម្ពុជា​ពាក់ព័ន្ធនឹង​រឿងអំពើពុករលួយ​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ ត្រូវ​បាន​ចាប់ខ្លួន​នៅក្រៅប្រទេស។ នេះបើយោង​តាម​មន្ត្រីនគរបាល​ជាន់ខ្ពស់​កម្ពុជា។

លោក ឆាយ គឹមខឿន អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ប្រាប់វីអូអេ​នៅថ្ងៃ​ពុធថា​ លោក ហេង សិទ្ធី ពិត​ជាត្រូវ​បាន​ចាប់ខ្លួន​មែន ប៉ុន្តែ​លោក​នៅមិន​ទាន់​អាច​បញ្ជាក់​ពី​ពេលវេលា​ជាក់​លាក់​នៃការ​បញ្ជូន​ខ្លួន​លោក​មក​កម្ពុជា​ឡើយ។

លោក​បដិសេធ​មិន​បញ្ជាក់​ថា ​តើ​ការ​ចាប់​ខ្លួនលោក ហេង សិទ្ធី ពី​បទ​ចោទ​ប្រកាន់​អ្វី​ឡើយ ​ហើយ​លោក​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ប្រទេស​ណា​ឡើយ។

ប៉ុន្តែ​សារព័ត៌មាន​ក្នុង​ស្រុក ក្នុង​នោះ​មាន ​Freshnews ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​បាន​ផ្សព្វផ្សាយ​ថា ​លោក ហេង សិទ្ធី ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ព្រំដែន​ប្រទេស​រុស្ស៊ី។

ការចាប់​ខ្លួន​អតីតអ្នកឧកញ៉ា​ ហេង សិទ្ធី ធ្វើឡើង​ក្រោយ​ក្រសួង​ការបរទេស​កម្ពុជា កាលពីពេលថ្មីៗនេះ បានផ្ញើលិខិត​ទៅ​កាន់​ស្ថាន​ទូតកម្ពុជា​ទាំង​អស់​នៅក្រៅ​ប្រទេស​ប្រាប់អំពី​ការធ្វើ​មោឃ​ភាព​លិខិតឆ្លង​ដែនរបស់​អតីត​អ្នកឧកញ៉ា ហេង សិទ្ធី ខណៈ​សមត្ថកិច្ច​របស់​កម្ពុជា​បាន​សហការជាមួយប៉ូលិស Interpol ដាក់​ឈ្មោះ​អតីតឧកញ៉ា ហេង សិទ្ធី ទៅក្នុង​និវេតក្រហម ដើម្បី​តាម​ចាប់ខ្លួនផ​ងដែរ។

ក្រសួង​ការបរទេស​កម្ពុជា​បញ្ជាក់​ថា​ លោក ហេង សិទ្ធី ត្រូវ​បាន​តុលាការ​កម្ពុជា​ចេញ​ដីកា​មួយ​ចុះ​ថ្ងៃទី​៣ ខែ​ធ្នូ ឆ្នាំ​២០២៤ បង្គាប់​ឲ្យ​ចាប់​ខ្លួន ពី​បទ​គំរាម​កំហែង​កេរ្តិ៍​ស្ថាន​ទម្រន់​ទោស ប្រព្រឹត្ត​ទៅ​នៅ​ប្រទេស​កម្ពុជា ក្នុង​ខែ​វិច្ឆិកា ឆ្នាំ២០២៤។

លោក ហេង សិទ្ធី កាល​ពីថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២៥ បាន​បង្ហោះសារ​នៅលើទំ​ព័រហ្វេស​ប៊ុក​របស់​លោក​ជាសារសំឡេង​ទៅកាន់នាយករដ្ឋមន្ត្រី​កម្ពុជា ​លោក​ ហ៊ុន ម៉ាណែត ​ថា​ លោក​បានធ្វើ​តាមច្បាប់កម្ពុជាអស់​ហើយ​នៅ​ក្នុងការបកអាក្រាត​រឿង​ពុករលួយ​របស់មន្ត្រី​មួយចំនួន​ ជាពិសេសលោក​ថា នៅក្នុង​ក្រសួង​មហាផ្ទៃពី​រឿង​ឆបោក​តាមប្រព័ន្ធអនឡាញ​។

លោក ហេង សិទ្ធី ថ្លែង​ថា៖ «​នេះហើយជាភាពផុយស្រួយ​របស់​កម្ពុជា​យើង​ដែល​អាច​ធ្វើ​ឱ្យកម្ពុជា​យើង​ធ្លាក់ទៅ​ក្នុងអន្ទាក់រណ្តៅ​នៃការ​លួងលោម​ទៅដោយ​ឧក្រិដ្ឋជន​ទាំង​នោះ​ ដោយសារ​តែកាល​ណាឧក្រិដ្ឋជន​អាចទិញ​មន្ត្រីរាជរដ្ឋាភិបាលបាន​ ថ្ងៃក្រោយ​រដ្ឋាភិបាល​យើង​នឹង​ក្លាយ​ទៅ​ជារដ្ឋាភិបាលឧក្រិដ្ឋជន​ ហើយនឹងធ្វើ​នូវរឿងឃោរឃៅ​ជាច្រើន​ ដែលសង្គម​មិន​អាចទទួលយក​បាន»។

នៅក្នុងសារសំឡេង​នោះ ​អតីត​អ្នក​ឧកញ៉ារូបនោះក៏​បាន​ស្នើឱ្យ​ លោក ហ៊ុន ម៉ាណែត ដោះលែង​អ្នកទោស​នយោបាយ​បក្ស​ប្រឆាំង​អស់​ ហើយ​រៀបចំរដ្ឋាភិបាល​សាជាថ្មី ដើម្បីការ​អភិវឌ្ឍប្រទេស​ជាតិ​។

លោក​ ហេង សិទ្ធី មួយ​រយៈកាល​ចុងក្រោយ​នេះ​បាន​វាយប្រហារ​ទៅ​លើ លោក​ ស សុខា រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ លោក​ ហ៊ុន​ តូ​ ក្មួយ​របស់ ​លោក​ ហ៊ុន សែន​ និង​ លោក​ ស ថេត​ អគ្គស្នង​ការដ្ឋាន​នគរបាល​ជាតិ ដែល​លោក​ថា​បានការពារ​ឧក្រិដ្ឋជន​អន​ឡាញ​នៅកម្ពុជា។

ចំណែក លោក ហ៊ុន តូ បាន​ច្រានចោលការលើកឡើង​របស់ លោក ​ហេង សិទ្ធី និងថា​ជា«ការប្រឌិត​អង្គហេតុ​ និងចោទប្រកាន់គ្មាន​ភស្តុតាង»។

លោក ហ៊ុន តូ បាន​បញ្ជាក់​នៅក្នុង​លិខិត​មួយ​ចុះថ្ងៃទី​៨ ខែមករា​ ឆ្នាំ​២០២៥ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយសារ​ព័ត៌មាន​ក្នុង​ស្រុក​ថា​៖ «​រាល់ទង្វើផ្សព្វផ្សាយ​ តាមបណ្តាញ​សង្គម​នានា​ របស់​បុគ្គល​ ហេង សិទ្ធី សុទ្ធសឹង​ជា​ការក្លែង​ប្រឌិត​ ផ្ទុយ​ពី​ការពិត​ បំភាន់​មតិ​សាធារណៈ ចេតនា​ទុច្ចរិត​ចោទប្រកាន់​ ទម្លាក់កំហុស​ដោយ​អសុទ្ធ​ចិត្តម​ក​លើរូបខ្ញុំ»។

ចំណែក​ក្រសួងមហាផ្ទៃនិងអង្គភាពពាក់ព័ន្ធរបស់​ខ្លួន កាលពីថ្ងៃទី​៧ ខែមករា​ ឆ្នាំ២០២៥ បានចេញ​លិខិត​បដិសេធ និងថ្កោលទោស​ដោយ​ហៅ​ការ​លើក​ឡើងរបស់​លោក ហេង សិទ្ធី ជា​«​ទង្វើអ​សីលធម៌ ទុច្ចរិត​នៃការផ្សព្វផ្សាយរបស់បុគ្គល ហេង សិទ្ធី»។

ក្រសួងមហាផ្ទៃបញ្ជាក់​ថា៖ «ការ​លើក​ឡើង​របស់បុគ្គល ហេង សិទ្ធី គឺជាអំពើ​ញុះញង់​ឱ្យមានការ​រើស​អើង​ជាសាធារណៈ បំបែក​បំបាក់​សាមគ្គីភាព​ផ្ទៃក្នុង​ក្រសួងមហាផ្ទៃ និង​សកម្មភាព​បង្កើត​ព័ត៌មាន​ក្លែងក្លាយ​ក្នុង​ចេតនា​បំផ្លិច​បំផ្លាញកិត្តិយស សេចក្តី​ថ្លៃថ្នូរ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ទៅ​កាន់ពិ​ភព​លោក»។

គួរ​បញ្ជាក់​ថា​លោក ហេង សិទ្ធី គ្រប់គ្រង​ក្រុមហ៊ុន​មួយ​ចំនួន នៅក្រោម ​Maritime Group ក្នុង​នោះមាន Ream Resort​ និង​ធនាគារ ​Maritime ជា​ដើម។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​ លោក ហេង សិទ្ធី និង​ក្រុម​ហ៊ុន​ Maritime របស់​លោក​បាន​នៅ​ឡើយ​ទេ៕