ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន ម៉ាណែត រិះគន់​ព័ត៌មាន​«ក្លែងក្លាយ»​អំពី​ការជួញដូរ​មនុស្ស​ថា​ធ្វើឲ្យ​កម្ពុជា​ខូច​កេរ្តិ៍ឈ្មោះ


រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៥ នៅប្រទេសឡាវ កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤។
រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៥ នៅប្រទេសឡាវ កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤។

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​អំពាវ​នាវឲ្យប្រជាពលរដ្ឋ និង​ស្ថាប័ន​ពាក់ព័ន្ធ​រួម​គ្នា​ការពារ​កេរ្តិ៍​ឈ្មោះ​កម្ពុជា។ ជាមួយគ្នានោះ ​លោក​ក៏បាន​លើកឡើង​ថា​មាន​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​«ក្លែងក្លាយ»អំពី​ការ​ជួញដូរ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា។

នាយក​រដ្ឋមន្រ្តី​កម្ពុជា​បាន​ថ្លែង​បែប​នេះ ​នៅ​ក្នុង​ទិវា​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស នា​ថ្ងៃ​ទី​ ១២​ ខែធ្នូ​ ឆ្នាំ ២០២៤។

លោក ហ៊ុន ម៉ាណែត លើក​ឡើង​ថា ​កម្ពុជា​មិន​ដែល​បដិសេធ​ថា​មិន​មាន​អំពើ​ជួញ​ដូរ​មនុស្ស និង​ភាព​អសន្ដិសុខ​ក្នុង​ប្រទេស​ឡើយ។ ប៉ុន្តែ​លោក​ថា ​កម្ពុជា​មាន​សុច្ឆន្ទៈនៅ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ទាំងអស់នោះ។

លោក​ថ្លែង​ថា៖ «កន្លង​ទៅ​សម័យ​ថ្មី​នេះ ក៏​យើង​មាន​បញ្ហា​ប្រឈម​អា​ព័ត៌មាន​ពិត​ក៏​មាន ប៉ុន្តែ​អា​ក្លែង​ក្លាយ​ក៏​មាន ​ដែល​ធ្វើ​ឲ្យ​យើង​ខូច​ឈ្មោះ​ជា​ច្រើន។ កិច្ច​ការ​កន្លង​ទៅ ​កន្លែង​ខ្លះ​វាយ​តម្លៃ​ទៅ​លើ​កម្ពុជា​ទៅ​លើ​ការ​ជួញ​ដូរ​មនុស្ស​នេះ ​ក៏​មិន​សុក្រឹត​ប៉ុន្មាន មិន​យុតិ្តធម៌​ប៉ុន្មាន​ដែរ ​ចំពោះ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​យើង»។

ចំណែកឯរដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ លោក ស សុខា ថ្លែង​ក្នុង​ពិធ​បើក​កម្មវិធី​ទិវា​ជាតិ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​នោះ​ថា ​បើ​ទោះ​បទ​ល្មើស​នៃ​ការ​ជួញ​ដូរ​មនុស្ស​នៅ​មិន​ទាន់​បង្រ្កាបបាន​ទាំងស្រុង​នៅ​ក្នុង​ប្រទេស​កម្ពុជាក្តី ក៏​សកម្មភាព​បទ​ល្មើស​ដែល​បាន​រាយ​ការណ៍នោះមាន​ការ​ថយ​ចុះ ហើយ​ត្រូវ​បាន​បង្ក្រាប​ទាន់​ពេល​វេលា។

លោក ស សុខា បាន​ថ្លែងបន្ថែម​ថា ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ឬ​ការ​បញ្ចេញ​ព័ត៌មាន​មិន​មាន​ការ​គ្រប់​គ្រង​ត្រឹម​ត្រូវ​ធ្វើ​ឲ្យប៉ះពាល់​ដល់​កិតិ្តយស​ប្រទេស ដែល​លោក​ថា​ជា​ការ​ផ្ដល់​ឱកាសឲ្យ​ជន​ល្មើស​រៀប​ចំ​វិធី​សាស្រ្ត​រត់​គេច​ខ្លួន និង​ស្វែងរក​វិធីសាស្រ្ត​ថ្មីៗ​ ដើម្បី​ប្រព្រឹត្ត​បទ​ល្មើស​បន្ត​ទៀត។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូលោក​ អំ​ សំអាត​ មើល​ឃើញ​ថា ​ដើម្បី​ឲ្យ​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្សមាន​ប្រសិទ្ធភាព អាជ្ញាធរ​ត្រូវ​អនុវត្ត​ច្បាប់ឲ្យ​បាន​តឹងរ៉ឹង និង​លុប​បំបាត់​អំពើ​ពុក​រលួយ ព្រម​ទាំង​មាន​ការ​សហការ​ជា​មួយ​បណ្ដា​ប្រទេស​ផ្សេងៗទៀត។

គួរ​បញ្ជាក់​ថា​ កាល​ពី​ខែ​មិថុនា ឆ្នាំ​ ២០២៤ ក្រសួង​ការបរទេសសហរដ្ឋអាមេរិក​បាន​ចេញ​ផ្សាយ​របាយ​ការណ៍​ស្តី​ពី​ការ​ជួញដូរ​មនុស្ស​មួយ​ ដែល​បង្ហាញ​ថា ​ប្រទេស​កម្ពុជា​បន្ត​ស្ថិត​នៅ​ក្នុង​ចំណាត់​ថ្នាក់​ទាប​បំផុត ពាក់ព័ន្ធ​នឹង​ការ​ចាត់​វិធាន​ការ​លុប​បំបាត់​ ឬ​ទប់​ស្កាត់​ការ​ជួញ​ដូរ​មនុស្ស​ដែល​នាំ​ឲ្យ​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​កម្រិត​ ៣ ឬ Tier 3។ កម្ពុជា​ក៏ទទួលបានចំណាត់​ថ្នាក់​ទាប​ជា​ច្រើនឆ្នាំ​មក​ហើយដែរ។

ប្រតិបត្តិការ​ឆបោក​អនឡាញ ស្ថិតនៅ​ក្នុង​ចំណុច​ស្នូលនៃ​ការ​វាយ​តម្លៃ​ស្តី​ពី​ស្ថាន​ភាព​ជួញ​ដូរ​មនុស្ស​នៅ​កម្ពុជា។ អំពើ​ពុក​រលួយ និង​ការ​ពាក់​ព័ន្ធ​របស់​មន្ត្រី​រដ្ឋាភិបាល​ក៏​ត្រូវ​បាន​រាប់​បញ្ចូល​ក្នុង​ការ​វាយ​តម្លៃ​ចំណាត់​ថ្នាក់​កម្រិត​ទី​ ៣ ​នៃការ​ចម្រើន​តិចតួច​ទៅ​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​មនុស្ស។ នេះ​បើ​តាម​របាយ​ការណ៍របស់​ក្រសួងការបរទេស​អាមេរិក

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG