អតីត​មេធាវី​របស់​លោក Trump ត្រូវ​បាន​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ៣ឆ្នាំ

លោក Michael Cohen ដែល​ជា​មេធាវី​ផ្ទាល់ខ្លួន​យូរមក​ហើយ​របស់​ប្រធានាធិបតី​អាមេរិក​លោក Donald Trump

ចៅក្រម​សហរដ្ឋអាមេរិក​លោក William Pauleyបាន​ដាក់ទោស​លោក Cohen​ ក្រោម​បទចោទ​ឧក្រិដ្ឋ​នានា​រួមទាំង​តួនាទី​របស់​លោក​នៅក្នុង​ការរៀបចំ​បង់លុយ​ចំនួន​២៨០.០០០ដុល្លារ​ទៅ​ឲ្យ​ស្រី្ត​ពីរនាក់​។

លោក Michael Cohen ដែល​ជា​មេធាវី​ផ្ទាល់ខ្លួន​យូរមក​ហើយ​របស់​ប្រធានាធិបតី​អាមេរិក​លោក Donald Trump កាល​ពី​ថ្ងៃពុធ​ត្រូវបាន​កាត់ទោសជាប់​ពន្ធនាគារ​៣ឆ្នាំ​ បន្ទាប់​ពី​លោក​បាន​សារភាព​ប្រាប់​ចៅក្រម​ទីក្រុងញ៉ូវយ៉ក​ថា ​លោក​បាន​ស្មោះស័្មគ្រ​ទាំង​ងងឹតងងល់​ទៅលើ​មេដឹកនាំ​សហរដ្ឋអាមេរិក​ដែល​បាន​ដឹកនាំ​ឲ្យ​លោក​ជួយ​លាក់បាំង​ទង្វើ​គ្មាន​សីលធម៌​របស់​លោក។

ចៅក្រម​សហរដ្ឋអាមេរិក​លោក William Pauley បាន​ដាក់ទោស​លោក Cohen​ ក្រោម​បទចោទ​ឧក្រិដ្ឋ​នានា​រួមទាំង​តួនាទី​របស់​លោក​នៅក្នុង​ការរៀបចំ​បង់លុយ​ចំនួន​២៨០.០០០ដុល្លារ​ទៅ​ឲ្យ​ស្រី្ត​ពីរនាក់​ដែល​បាន​ចោទប្រកាន់​ថា​ ពួកគេ​ធ្លាប់​មាន​រឿង​អាស្រូវ​ផ្លូវភេទ​ជាមួយ​លោក Trump ព្រមទាំង​បទចោទប្រកាន់​ថា ​លោក​បាន​និយាយ​មិនពិត​ប្រាប់​ទៅ​សភា​អំពី​កិច្ចខំប្រឹងប្រែង​របស់​លោក Trumpដើម្បី​សង់​អាគារ​នៅក្នុង​ទីក្រុងម៉ូស្គូ​ ប្រទេសរុស្ស៊ី។ ចៅក្រម​បាន​ប្រាប់​លោក Cohen​ ដែល​មាន​វ័យ៥២ឆ្នាំ​ថា​ លោក​ទង្វើ​ទាំងនេះ​បាន​ធ្វើ​ឲ្យ​លោក​បាត់បង់​សីលធម៌។

លោក Cohen ដែល​បាន​ធ្វើការ​ឲ្យ​លោក Trump អស់​រយៈពេល១២ឆ្នាំ​មក​ហើយ​នោះ ធ្លាប់​បាន​និយាយ​ថា​លោក​សុខចិត្ត​ពាំង​គ្រាប់កាំភ្លើង​ដើម្បី​ការពារ​លោក Trump។ ​ក៏ប៉ុន្តែ​នាពេលថ្មីៗ​នេះ ​លោក Cohen បាន​ត្រឡប់​ទៅ​ប្រឆាំង​នឹង​លោក Trump​វិញ​ដោយ​បាន​និយាយ​នៅ​អំឡុងពេល​កាត់ទោស​ថា​ ធ្វើការ​ជាមួយ​លោក Trump ហាក់​ដូច​ជាប់​ទោស​ទាំងរាងកាយ​ និង​ផ្លូវចិត្ត។ ឥឡូវនេះ​លោក Cohen ​ក៏​កំពុង​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ផ្សេងទៀត​ដែល​លោក​គឺ​ជា​តួអង្គម្នាក់​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​បំផុត​ជាមួយ​លោក Trump ដែល​ត្រូវ​បាន​កាត់ទោស​ជាប់ពន្ធនាគារ​នៅក្នុង​ការស៊ើបអង្កេត​ទៅលើ​ការ​ជាប់​ពាក់ព័ន្ធ​រវាង​យុទ្ធនាការ​របស់​លោក Trump កាល​ពី​ឆ្នាំ២០១៦​ទៅ​នឹង​ប្រទេសរុស្ស៊ី​ និង​ថាតើ​លោកប្រធានាធិបតី Trump ធ្លាប់បាន​ប្រើប្រាស់​ឋានៈ​ជា​ប្រធានាធិបតី​រារាំង​ដល់​ក្រសួង​យុត្តិធម៌​ដោយ​ព្យាយាម​ឲ្យ​បញ្ឈប់​ការស៊ើបអង្កេត​ដោយ​រដ្ឋអាជ្ញាសហព័ន្ធ​និង​ដោយ​រដ្ឋអាជ្ញាពិសេស​លោក Robert Mueller​ ឬ​យ៉ាងណា៕