តែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពីការិយាល័យរបស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌នៃប្រទេសថៃប្រកាសថា អតីតនាយករដ្ឋមន្រ្តីរបស់ប្រទេសនេះ នឹងត្រូវបានចោទប្រកាន់នៅចំពោះមុខតុលាការពីបទធ្វេសប្រហែសនៅក្នុងពេលបំពេញភារកិច្ចនោះ សភាជាតិដែលត្រូវបានជ្រើសតាំងដោយរដ្ឋាភិបាលយោធា បានធ្វើការចោទប្រកាន់លោកស្រី យីងឡាក់ តាមរយៈការបោះឆ្នោតដោយសម្ងាត់មួយ។ ព្រឹត្តិការណ៍នេះ កើតឡើង រយៈ៨ខែក្រោយពីលោកស្រី យីងឡាក់ ស្ហ៊ីណាវ៉ាត់ ត្រូវបានបង្ខំឲ្យចុះចេញពីតំណែងជាមេដឹកនាំនយោបាយរបស់ប្រទេសថៃ។
ការចោទប្រកាន់នៅចំពោះមុខសភា ទៅលើអតីតនាយករដ្ឋមន្រ្តី លោកស្រី យីងឡាក់ ស្ហ៊ីណាវ៉ាត់ គឺជាការបញ្ចប់មិនឲ្យ លោកស្រីចូលប្រកួតប្រជែង នៅក្នុងការបោះឆ្នោតនៅពេលខាងមុខនេះ។
តែ អ្វីដែលធ្ងន់ធ្ងរជាងនេះទៀត គឺការកាត់ទោសពីបទល្មើសព្រហ្មទណ្ឌមួយ អាចនឹងធ្វើឲ្យលោកស្រីយីងឡាក់ ជាប់ពន្ធនាគាររហូតដល់១០ឆ្នាំ។
លោកស្រីអតីតនាយករដ្ឋមន្រ្តី បានបង្ហាញខ្លួនជាលើកចុងក្រោយនៅចំពោះមុខអង្គនីតិប្បញ្ញត្តិដែលបានបង្កើតឡើងដោយរដ្ឋាភិបាលយោធា គឺនៅមួយថ្ងៃមុនការបោះឆ្នោត ដោយលោកស្រីបានថ្លែងអះអាងថា លោកស្រីមិនបានពាក់ព័ន្ធនៅក្នុងអំពើពុករលួយ និងការកេងបន្លំនៅក្នុងការទិញអង្ករតម្លៃថ្លៃ ដែលទាំងនេះជាស្នូលនៃបទចោទប្រកាន់ទៅលើលោកស្រី។
លោកស្រី យីងឡាក់ បានប្រាប់សភាថា វិធានការនានាប្រឆាំងនឹងលោកស្រី គឺមាននិន្នាការលាក់បំពួន ហើយនឹងបានធ្វើឡើងដោយសារមូលហេតុនយោបាយ។
«ដំណើរការចោទប្រកាន់នៅចំពោះមុខសភា ដែលអាចនាំទៅឲ្យមានការហាមឃាត់មិនឲ្យចូលប្រឡូកក្នុងនយោបាយរយៈពេល៥ឆ្នាំសម្រាប់ខ្ញុំ គឺជាការបំពានដល់សិទ្ធិនិងសេរីភាពមូលដ្ឋានរបស់ខ្ញុំ»។
លោកស្រីយីងឡាក់ បានឈ្នះឆ្នោតយ៉ាងភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោតឆ្នាំ២០១១។ ការឈ្នះឆ្នោតនេះ បានធ្វើឲ្យគ្រួសាររបស់លោកស្រីត្រឡប់មកកាន់អំណាចវិញ ប្រាំឆ្នាំក្រោយពីបងប្រុសរបស់លោកស្រីលោកថាក់ស៊ីន ស្ហ៊ីណាវ៉ាត់ ត្រូវបានបណ្តេញចេញពីតំណែងដោយរដ្ឋប្រហារមួយ។ លោកបាននិរិទេសខ្លួនឯង គ្រាដែលលោកត្រូវប្រឈមនឹងការជាប់ពន្ធនាគារពីបទប្រព្រឹត្តអំពើពុករលួយ បើសិនជាលោកត្រឡប់ចូលប្រទេសវិញ។
ប្អូនស្រីរបស់លោក ថាក់ស៊ីន ត្រូវបានបង្ខំឲ្យចុះចេញពីតំណែងជានាយករដ្ឋមន្រ្តីដោយសាលក្រមមួយពីតុលាការ តែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះមុនរដ្ឋប្រហារមួយនៅថ្ងៃទី២២ ខែឧសភា កាលពីឆ្នាំមុន។
ច្បាប់អាជ្ញាសឹកបានធ្វើឡើងនៅប៉ុន្មានថ្ងៃមុនការធ្វើរដ្ឋប្រហារដែលជាការដាក់គំនាបទៅលើក្រុមបាតុករ។ ជាថ្មីម្តងទៀត ក្រុមយោធាបានព្រមានថា ការប្រឆាំងជាសាធារណៈណាមួយក្រោយពីការចោទប្រកាន់លោកស្រីយីងឡាក់នៅចំពោះមុខសភា នឹងមិនត្រូវបានលើកលែងឡើយ។
លោក Paul Chamber ជាសាស្រ្តាចារ្យនៅវិទ្យាស្ថានកិច្ចការអាស៊ីអាគ្នេយ៍ បានទស្សន៍ទាយថា ការចោទប្រកាន់លោកស្រីយីងឡាក់នៅចំពោះមុខសភា អាចនឹងបង្កឲ្យមានការតវ៉ាមួយថ្មីទៀតពីសំណាក់អ្នកដែលគាំទ្រគ្រួសារស្ហ៊ីណាវ៉ាត់ ដែលត្រូវបានគេស្គាល់ថា ក្រុមអាវក្រហម។
«ខ្ញុំគិតថា យើងនឹងឃើញការចាប់ផ្តើមតតាំងនឹងរបបនេះ គឺការងើបតតាំងរបស់លោកថាក់ស៊ីន ការងើបតតាំងរបស់សមាជិកស្ហ៊ីណាវ៉ាត់ ការងើបតតាំងរបស់ក្រុមអាវក្រហម ដែលឥឡូវនេះ លោកថាក់ស៊ីន នឹងត្រូវបើកគម្រប ដើម្បីឲ្យក្រុមអាវក្រហមទាំងអស់ចេញមក»។
ក៏ប៉ុន្តែ អ្នកដទៃទៀត ដោយរួមទាំងឥស្សរជនសំខាន់ៗ ដែលធ្លាប់បានបញ្ចេញមតិយ៉ាងស្ងៀមស្ងាត់ប្រឆាំងជំទាស់នឹងវិធានការរបស់រដ្ឋាភិបាលយោធា មិនយល់ថា អាចមានស្ថានការណ៍ធ្ងន់ធ្ងររហូតដល់អាចមានការប្រឈមមុខគ្នាយ៉ាងខ្លាំងណាមួយនៅតាមផ្លូវជាថ្មីម្តងទៀត ដោយសារតែអំណាចទាំងស្រុងនៅក្នុងកណ្តាប់ដៃយោធានោះទេ៕
ប្រែសម្រួលដោយ លី ម៉ូរីវ៉ាន់