អតីត​មន្ត្រី​ជាន់ខ្ពស់​នៃ​គណបក្ស​រាជា​និយម ស្នើ​ព្រះរាជ​អន្តរាគមន៍​លើ​ស្ថានការណ៍​នយោបាយ​សព្វថ្ងៃ

រូបឯកសារ៖ ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី យាងនិវត្តន៍ពីអង្គពិធី ក្រោមគារវកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់ដទៃទៀត។ (រូបថត៖ អូន ឆេងប៉រ /VOA Khmer)

​​លោក លឺ ឡាយ​ស្រេង បាន​សរសេរ​ថា​នៅ​ក្នុង​លិខិត​របស់​លោក​ថា ស្ថានការណ៍​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​សព្វថ្ងៃ តឹងតែង​ណាស់​ ហើយ​អាច​ក្លាយ​ជា​ព្រឹត្តិការណ៍​មួយ​ដ៏​អាក្រក់​បំផុត។

អតីត​មន្ត្រី​ជាន់ខ្ពស់​ម្នាក់​ខាង​គណបក្ស​រាជា​និយម ហ្វ៊ុន ស៊ិនប៉ិច គឺ​លោក លឺ ឡាយស្រេង នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​សរសេរ​លិខិត​មួយ​ច្បាប់​ ថ្វាយ​ព្រះ​មហាក្សត្រ​ខ្មែរ ព្រះ​បាទ​នរោត្តម សីហមុនី ដើម្បី​ស្នើ​ឲ្យ​ព្រះអង្គ ធ្វើ​អន្តរាគមន៍​ដោះស្រាយ​ភាព​តានតឹង​នយោបាយ​ដែល​កំពុង​កើត​ឡើង​ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​នេះ។

បើ​យោង​តាម​លិខិត​របស់​អតីត​មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស​ហ្វ៊ុន ស៊ិនប៉ិច​រូប​នេះ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក លោក លឺ ឡាយ​ស្រេង បាន​សរសេរ​ថា «‍ប្រជានុរាស្ត្រ មាន​ការ​តុកស្លុត រន្ធត់​យ៉ាង​មហិមា ដោយ​បាន​ឭ​ថា​កងកម្លាំង​ប្រដាប់​អាវុធរបស់​សម្តេច​ ហ៊ុន សែន នឹង​ប្រើ​ចុង​អាវុធ​បង្ហូរ​ឈាម អ្នក​មក​ធ្វើ​មហា​បាតុកម្ម​អហិង្សា ដែល​មាន​តែ​បាតដៃ​ទទេ»។

ការ​សរសេរ​លិខិត​ស្នើ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ​នេះ ធ្វើ​ឡើង​ក្រោយ​ពី​ស្ថានការណ៍​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​សព្វថ្ងៃ ត្រូវ​បាន​អ្នក​ឃ្លាំមើល​ជាច្រើន​មើល​ឃើញ​ថា មាន​សភាព​តានតឹង​យ៉ាង​ខ្លាំង​ បន្ទាប់​ពី លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដែល​កាន់​អំណាច​ជាង​៣០​ឆ្នាំ​មក​ហើយ​នោះ បាន​ព្រមាន​ប្រើប្រាស់​កងកម្លាំង​ប្រដាប់​អាវុធ ដើម្បី​«‍កម្ទេច» អ្នក​ចូល​រួម​ក្នុង​មហា​បាតុកម្ម ដែលគណបក្ស​សង្គ្រោះ ជាតិ​គ្រោង​នឹង​ដឹកនាំ។

គណបក្ស​សង្គ្រោះជាតិ ដែល​មេដឹកនាំ​និង​សមាជិក​មួយ​ចំនួន​របស់​ពួកគេ កំពុង​ត្រូវ​បាន​ញាំញី​ដោយ​រឿង​ក្តី​ក្តាំ​ក្នុង​តុលាការ​កម្ពុជា បាន​ប្រកាស​ថា ពួកគេ​នឹង​រៀបចំ​មហា​បាតុកម្ម​នៅ​ពេល​ខាង​មុខ ប្រសិន​បើ​រដ្ឋាភិបាល​ នៅ​តែ​មិន​ព្រម​វិល​រក​ការ​ចរចា​នយោបាយ ដើម្បីឲ្យ​ស្ថានការណ៍​វិល​ត្រឡប់​មក​ធម្មតា​វិញ នៅ​មុន​ពេល​បោះឆ្នោតទេ​នោះ។

លោក លឺ ឡាយ​ស្រេង បាន​សរសេរ​ថា​នៅ​ក្នុង​លិខិត​របស់​លោក​ថា ស្ថានការណ៍​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​សព្វថ្ងៃ តឹងតែង​ណាស់​ ហើយ​អាច​ក្លាយ​ជា​ព្រឹត្តិការណ៍​មួយ​ដ៏​អាក្រក់​បំផុត។

លោក​បាន​សម្ដែង​ក្ដី​ព្រួយបារម្ភ​ថា អាច​មាន​អង្គភាព​ទី​៣ មក​បង្ក​ចលាចល ហើយ​ធ្វើ​ឲ្យ​កងកម្លាំង​ប្រដាប់​អាវុធ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ស្មាន​ថា «ជា​គណបក្ស​ប្រឆាំង​ជា​អ្នកធ្វើ ហើយ​ក៏​កេះ​កៃកាំភ្លើង​សម្លាប់​ខ្មែរ​គ្នា​ឯង‍»។

​លោក លឺ ឡាយ​ស្រេង ដែល​បាន​ទៅ​ចូលរួម​គោរពវិញ្ញាណក្ខន្ធ​របស់​លោក កែម ឡី ក្រោយ​ពី​ឃាតកម្ម​ដ៏​សាហាវទៅ​លើ​អ្នក​វិភាគ​ដ៏​ល្បីល្បាញ​រូប​នោះ​កាល​ពី​ខែ​កក្កដា​កន្លង​ទៅ​ផង​នោះ បាន​សរសេរ​នៅ​ក្នុង​លិខិត​ថ្វាយ​ព្រះមហាក្សត្រ​ខ្មែរ​នោះ​ដែរ​ថា «‍ការ​សម្ងំ​នៅ​ក្នុង​ព្រះបរមរាជវាំង​ដោយ​សុខសាន្ត ធ្វើ​ឲ្យ​ប្រជារាស្ត្រ​ព្រះអង្គ​រន្ធត់​របៀប​នេះ មិន​ជា​ការ​សមរម្យ​ឡើយ​ក្នុង​ឋានៈ​ជា​ព្រះមហាក្សត្រ»៕​