មេធាវីរបស់អតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីពីររូបដែលកំពុងជាប់ឃុំឃាំងលើកឡើងថាលោកមិនបានដឹងពីភស្តុតាងដែលសារព័ត៌មានស្និទ្ធនឹងរដ្ឋាភិបាលមួយចំនួនបានផ្សាយនិងចោទកូនក្តីរបស់លោកថាមានជាប់ពាក់ព័ន្ធនឹងសកម្មភាពថត ឬ ផលិតវីដេអូអាសអាភាសនោះទេ។
លោក កែវ វ៉ាន្នីមេធាវីតំណាងឱ្យលោកអ៊ួនឈិន និងលោកយាង សុធារិនហៅយាងសុជាមេត្តាបានបញ្ជាក់ថា ការបញ្ចេញភស្តុតាងណាមួយជាសាធារណៈគឺធ្វើឲ្យប៉ះពាល់ដល់នីតិវិធីតុលាការនិងសិទ្ធិរបស់កូនក្តីលោក។
អតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីទាំងពីររូបត្រូវបានអាជ្ញាធរឃាត់ខ្លួនកាលពីយប់ថ្ងៃអង្គារ ក្នុងសណ្ឋាគារមួយកន្លែងនៅរាជធានីភ្នំពេញ ដោយសង្ស័យថា បានរាយការណ៍ព័ត៌មានបញ្ជូនទៅស្នាក់ការកណ្តាលវិទ្យុអាស៊ីសេរី នៅសហរដ្ឋអាមេរិក។ បន្ទាប់ពីចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ផ្អាកនីតិវិធីស៊ើបសួរអ្នកទាំងពីរបានប៉ុន្មានម៉ោងកាលពីថ្ងៃសៅរ៍ គេឃើញសារព័ត៌មានដែលស្និទ្ធនឹងរដ្ឋាភិបាលចំនួនពីរ គឺគេហទំព័រFresh News និងគេហទំព័រ Swift News បានផ្សាយរូបភាពអាសអាភាសជាច្រើនសន្លឹក ដោយអះអាងថា ជារូបភាពដែលបានពីសមត្ថកិច្ច និងថា ជាភស្តុតាងដែលតុលាការបានរកឃើញថា លោក អ៊ួន ឈិន បានថត និងផលិតវីដេអូអាសអាភាស។
លោក កែវ វ៉ាន្នី និយាយថា៖
«ធម្មតាដំណើរការនីតិវិធីគេរក្សាភាពសម្ងាត់អំពីប្រភេទនៃភស្តុតាងទាំងអស់ ហើយប្រសិនបើមានការបញ្ចេញភស្តុតាងហ្នឹង វាប៉ះពាល់ដល់នីតិវិធីតុលាការទាំងមូល។ វាប៉ះពាល់ទាំងអស់ ទាំងកូនក្តីខ្ញុំ ទាំងនីតិវិធីតុលាការ ដែលគេត្រូវរក្សាការសម្ងាត់ទាំងអស់»។
ក្រោយពីការបង្ហាញរូបភាពអាសអាភាស អមនឹងអត្ថបទនៅក្នុងទំព័រសារព័ត៌មានដែលស្និទ្ធនឹងរដ្ឋាភិបាល សាធារណជន និងអ្នកសារព័ត៌មាននានា បានរិះគន់យ៉ាងខ្លាំងតបទៅនឹងការផ្សាយរូបទាំងនេះជាសាធារណៈ ដោយថា ជាការផ្សាយផ្ទុយនឹងវិជ្ជាជីវៈ និងក្រមសីលធម៌របស់អ្នកសារព័ត៌មាន។
លោក លឹម ជាវុត្ថា ស្ថាបនិក និងជានាយកប្រតិបត្តិគេហទំព័រ Fresh News ដែលជាគេហទំព័របានផ្សាយរូបភាពទាំងនោះដោយបិទបាំងខ្លះ ប្រាប់ VOA ថា លោកទទួលបានរូបថតទាំងនោះតាមរយៈមន្រ្តីនគរបាលជាន់ខ្ពស់ក្រសួងមួយរូប ដែលសុំមិនបញ្ចេញឈ្មោះ ប្រាប់លោកថា ជារូបភាពរបស់លោក អ៊ួន ឈិន។ លោកបន្ថែមថា លោកមិនដឹងថាតើការបញ្ចេញរូបដែលជាភស្តុតាងបានមកពីសមត្ថកិច្ចទាំងនោះ គឺជារឿងខុសច្បាប់ ឬយ៉ាងណានោះទេ។
លោកបញ្ជាក់ថា៖ «អាហ្នឹងខ្ញុំអត់ដឹងថាតើរឿងហ្នឹងយ៉ាងម៉េចទេ គ្រាន់តែខ្ញុំបានទទួលពីសមត្ថកិច្ច ព្រោះខ្ញុំសួរនាំរឿងហ្នឹងទៅ សមត្ថកិច្ចគាត់ថាគាត់មាន។ ហើយខ្ញុំបញ្ជាក់ថា ខ្ញុំទទួលបានពីមន្រ្តីនគរបាលជាន់ខ្ពស់មួយរូប»។
លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ មិនឆ្លើយតបនឹងសំណួររបស់ VOA ដែលសួរតាមរយៈសារអេឡិចត្រូនិចតេលេក្រាមនោះទេ រហូតដល់ល្ងាចថ្ងៃច័ន្ទនេះ។
VOA ក៏មិនអាចទាក់ទងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីបញ្ជាក់ ពីការអះអាងរបស់សារព័ត៌មានដែលស្និទ្ធនឹងរដ្ឋាភិបាលលោក ហ៊ុន សែន នោះដែរ។
អយ្យការអមតុលាការភ្នំពេញចោទប្រកាន់អតីតអ្នកសារព័ត៌មានទាំងពីរនាក់ពីបទ «ប្រគល់ឲ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ដែលបង្កឲ្យមានការអន្តរាយដល់ការការពារជាតិ» តាមមាត្រា៤៤៥ នៃក្រមព្រហ្មទណ្ឌ ដែលប្រឈមនឹងការជាប់ទោស ពី៧ ទៅ១៥ឆ្នាំ។
លោក កែវ វ៉ាន្នី ប្រាប់ VOA នារសៀលថ្ងៃច័ន្ទនេះថា កូនក្តីរបស់លោកត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្តោះអាសន្នក្នុងពន្ធនាគារព្រៃស បន្ទាប់ពីការសាកសួរ។ លោកថា មិនមានភស្តុតាងណាមួយដែលបានបញ្ជាក់ថា កូនក្តីរបស់លោកបានប្រព្រឹត្តអំពើដូចការចោទប្រកាន់របស់តុលាការនោះទេ។
លោកមានប្រសាសន៍ថា៖
«ពាក្យថាបញ្ជូនសារព័ត៌មានទាក់ទងនឹងកិច្ចការពារជាតិ វាខ្លាំងណាស់ គឺថាយើងដឹងពីភាពសម្ងាត់របស់ប្រទេសជាតិ ហើយយើងរាយការណ៍បញ្ហាវិធីសាស្រ្តនៃការការពារជាតិយើងទៅឲ្យប្រទេសផ្សេងដឹង។ ប៉ុន្តែកន្លងមកគឺទាំងក្នុងពេលបំពេញការងារជាមួយវិទ្យុអាស៊ីសេរី ទាំងក្រោយបំពេញការងារ គឺគាត់ចប់ហើយហ្នឹង សារព័ត៌មានភាគច្រើន គឺសុទ្ធតែព័ត៌មានដែលទាក់ទងនឹងព្រឹត្តិការណ៍ទូទៅជាសាធារណៈ គាត់មិនបានបញ្ជូនព័ត៌មានណាមួយទាក់ទងនឹងភាពសម្ងាត់របស់ប្រទេសជាតិទេ»។
យោងតាមមាត្រា៤៤៥នៃក្រមព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជាចែងថា បទប្រគល់ឲ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ដែលធ្វើឲ្យអន្តរាយការការពារជាតិ គឺជាអំពើប្រគល់ ឬធ្វើឲ្យងាយស្រួលធ្លាក់ដល់ដៃរដ្ឋបរទេស ឬភ្នាក់ងារបរទេសនូវព័ត៌មាន វិធី វត្ថុ ឯកសារ ទិន្នន័យព័ត៌មានវិទ្យា ឬសាលាកបត្រដែលអាចធ្វើឲ្យអន្តរាយការការពារជាតិ។ អំពើនេះត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៧ (ប្រាំពីរ) ឆ្នាំ ទៅ១៥ (ដប់ប្រាំ) ឆ្នាំ។
អ្នកជំនាញផ្នែកច្បាប់ បានលើកឡើងថា ការដាក់ការសង្ស័យពីបទ «ផ្តល់ព័ត៌មានសម្ងាត់ទៅបរទេស» ក្នុងមាត្រា៤៤៥ លុះត្រាតែព័ត៌មាននោះជាព័ត៌មានសម្ងាត់ ហើយត្រូវបញ្ជូនទៅឲ្យប្រទេសបច្ចាមិត្ត។
លោក Rohit Mahajan អ្នកនាំពាក្យវិទ្យុអាស៊ីសេរីនៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ប្រាប់ VOA តាមរយៈសារអេឡិចត្រូនិច ឬអ៊ីមែល នៅថ្ងៃអាទិត្យនេះថា ការចោទប្រកាន់អតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីពីរនាក់ ពីបទចារកម្ម កំពុងបង្ហាញថា អាជ្ញាធរកម្ពុជាកំពុងតែបង្ហាញពីទម្រង់បំភិតបំភ័យយ៉ាងធ្ងន់ធ្ងរតាមបែបផ្តាច់ការ។ លោកបន្តថា អតីតអ្នកសារព័ត៌មានរបស់វិទ្យុអាស៊ីសេរីទាំងពីររូបនោះ បានផ្តាច់ទំនាក់ទំនង ជាមួយវិទ្យុដែលតែងផ្សាយពីភាពអវិជ្ជមានរបស់រដ្ឋាភិបាលកម្ពុជាមួយនេះ តាំងតែពីពេលដែលការិយាល័យរបស់អាស៊ីសេរីនៅភ្នំពេញត្រូវបានបិទទ្វារ កាលពីដើមខែកញ្ញា ដូច្នេះលោកថា ការចោទប្រកាន់នេះ ជាការធ្វើទុក្ខបុកម្នេញដោយគ្មានមូលដ្ឋានទៅលើសំឡេងឯករាជ្យ។
លោក Rohit Mahajan បញ្ជាក់ក្នុងសម្រង់ន័យដើមថា៖
«សកម្មភាពដ៏គួរឲ្យរន្ធត់ទាំងនេះ បានចាប់ផ្តើមជំពូកមួយផ្សេងទៀតនៅក្នុងសៀវភៅដែលនិពន្ធដោយលោក ហ៊ុន សែន ស្តីពីភាពភ័យខ្លាច ការរំលោភបំពាន និងការគំរាមកំហែងដែលកើតឡើងប្រឆាំងនឹងសំឡេងឯករាជ្យ។ ហើយសកម្មភាពទាំងនោះដើរតួជាការក្រើនរំឭកដ៏ព្រឺព្រួចថា ច្បាប់នឹងត្រូវបានប្រើជាលេសដោះសារដ៏ស្តើងមួយ ដើម្បីបង្រ្កាបសារព័ត៌មាន និងការបញ្ចេញមតិដោយសេរី និងតាមអំពើចិត្តក្នុងពេលណាក៏បាន»។
នៅថ្ងៃច័ន្ទនេះដែរ ក្លឹបអ្នកសារព័ត៌មានបរទេសនៅកម្ពុជា (OPCC) បានចេញសេចក្តីថ្លែងការណ៍មួយ បង្ហាញពីការព្រួយបាម្ភថា ការចោទប្រកាន់អតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីទាំងពីររូបពីបទចារកម្ម គឺជាការវាយប្រហារមកលើសារព័ត៌មានឯករាជ្យនៅកម្ពុជា។ ក្លឹបអ្នកសារព័ត៌មានបរទេសនៅកម្ពុជា ក៏បានអំពាវនាវឲ្យរដ្ឋាភិបាលអនុញ្ញាតឲ្យមានសេរីភាពស្របទៅតាមរដ្ឋធម្មនុញ្ញ និងដោះលែងអតីតអ្នកសារព័ត៌មានទាំងពីររូប ប្រសិនបើមិនមានភស្តុតាងដាក់បន្ទុកពួកគេ។
សេចក្តីថ្លែងការណ៍នោះបញ្ជាក់ក្នុងសម្រង់ន័យដើមថា៖
«ការចោទប្រកាន់ពួកគេថាបានប្រគល់ព័ត៌មានឲ្យទៅមហាអំណាចបរទេសមួយដោយគ្មានភស្តុតាង រដ្ឋាភិបាលកំពុងធ្វើឲ្យវិស័យសារព័ត៌មានទាំងអស់សម្រាប់ប្រព័ន្ធផ្សព្វផ្សាយបរទេស ឬប្រហែលជាត្រូវបានអានដោយជនបរទេស ក្លាយជាអំពើឧក្រិដ្ឋ»។
វិទ្យុអាស៊ីសេរីជាសារព័ត៌មានទទួលការឧបត្ថម្ភពីសហរដ្ឋអាមេរិក និងផ្សាយចេញពីសហរដ្ឋអាមេរិក ក្នុងគោលការណ៍លើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងសិទ្ធិទទួលបានព័ត៌មានរបស់ពលរដ្ឋខ្មែរ។ វិទ្យុនេះភាគច្រើនរាយការណ៍ព័ត៌មានក្នុងស្រុកពាក់ព័ន្ធនឹងសិទ្ធិមនុស្ស នយោបាយ សេដ្ឋកិច្ច បញ្ហាសង្គម បញ្ហាដីធ្លីជាដើម។
នៅដើមខែកញ្ញា ឆ្នាំ២០១៧ នេះ វិទ្យុអាស៊ីសេរីបានចេញសេចក្តីថ្លែងការណ៍មួយប្រកាសថា ខ្លួនផ្អាកដំណើរការការិយាល័យព័ត៌មាននៅរាជធានីភ្នំពេញមួយរយៈទាំងបង្ខំ។ ក្នុងសេចក្តីថ្លែងការណ៍នោះ វិទ្យុអាស៊ីសេរីចោទថា រដ្ឋាភិបាលកម្ពុជាកំពុងធ្វើទុក្ខបុកម្នេញបណ្ដាញសារព័ត៌មានឯករាជ្យ និងគូបដិបក្ខ នៅមុនការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨។
ក្រោយការប្រកាសផ្អាកដំណើរការការិយាល័យនៅភ្នំពេញ ក្រសួងព័ត៌មានក៏បានប្រកាសថា អ្នកសារព័ត៌មានរបស់វិទ្យុអាស៊ីសេរីទាំងអស់នឹងត្រូវចាប់ខ្លួន ប្រសិនបើពួកគេនៅបន្តចុះយកព័ត៌មាន និងរាយការណ៍ពីប្រទេសកម្ពុជា៕