អតីតអ្នកយកព័ត៌មានឲ្យវិទ្យុអាស៊ីសេរីពីររូប គឺលោក យាង សុធារិន្ទ ហៅយាង សុជាមេត្តា និងលោក អ៊ួនឈិន បានទាមទារឲ្យចៅក្រមនៃតុលាការកំពូលបញ្ឈប់ដំណើរការស៊ើបអង្កេតសំណុំរឿងពាក់ព័ន្ធនឹងការចោទប្រកាន់ថា ពួកគេបានផ្តល់ព័ត៌មានឲ្យរដ្ឋបរទេស ដោយពួកគេលើកឡើងថា ការបន្តស៊ើបអង្កេត នឹងប៉ះពាល់សិទ្ធិសេរីភាព និងខាតពេលវេលារបស់ពួកគេ ដើម្បីធ្វើកិច្ចការផ្សេងទៀត ខណៈសំណុំរឿងនេះ បានអូសបន្លាយពេលមកជិតបីឆ្នាំមកហើយ។
ការទាមទារនេះ ធ្វើឡើង បន្ទាប់ពីពួកគេ បានបង្ហាញខ្លួននៅក្នុងសវនាការតុលាការកំពូលនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដើម្បីស្តាប់ការជំនុំជម្រះបណ្តឹងសារទុក្ខ ប្រឆាំងនឹងសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ដែលបានចេញ«សាលដីកាចាត់របៀប» ឲ្យបន្តកិច្ចស៊ើបសួរ ដែលមិនកំណត់រយៈពេលជាក់លាក់។
លោក យាង សុធារិន្ទ អតីតការីនិពន្ធរបស់វិទ្យុអាស៊ីសេរី បានប្រាប់ក្រុមអ្នកកាសែត បន្ទាប់ពីចាកចេញពីបន្ទប់សវនាការថាតុលាការគួរបញ្ឈប់កិច្ចស៊ើបសួរ តាមនីតិវិធីចាត់របៀបនេះ ព្រោះលោកមិនបានបញ្ជូនព័ត៌មានទៅក្រៅប្រទេសដែលបង្កឲ្យសន្តិសុខជាតិស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់នោះទេ។
«សំខាន់មួយទៀតហ្នឹង គឺពួកខ្ញុំវាបាត់បង់សេរីភាព ហើយនិយាយរួមសិទ្ធិសេរីភាពនៅក្នុងការដើរហើររបស់ពួកខ្ញុំ ត្រូវបានរំលោភបំពានទាំងស្រុងនៅពេលនេះ គឺខ្ញុំអត់មានសេរីភាពអីទាំងអស់ ហើយតុលាការក៏បានបញ្ជាក់ថាការស៊ើបអង្កេតហ្នឹង នៅពេលណាដែលត្រូវបានបិទបញ្ចប់ឲ្យបានពិតប្រាកដដែរ»។
លោកបន្ថែមថា មន្ត្រីតុលាការបានប្រើពេលច្រើនហួសហេតុទៅហើយសម្រាប់កិច្ចស៊ើបសួរ ហើយឧបករណ៍ប្រើប្រាស់សម្រាប់ការផ្សព្វផ្សាយព័ត៌មាន ដែលត្រូវបានអាជ្ញាធរមានសមត្ថកិច្ចរឹបអូសពីបន្ទប់ស្ទូឌីយោរបស់សហការីលោកគឺលោក អ៊ួន ឈិន នោះ ក៏វាគ្រប់គ្រាន់ ដើម្បីបញ្ជាក់ថា សហការីលោក និងរូបលោកផ្ទាល់ពិតជាមានកំហុស ឬយ៉ាងណានោះ។
លោក អ៊ួន ឈិន អាយុ៤៨ឆ្នាំ អតីតអ្នកថតវីដេអូនិយាយថា ប្រសិនបើតុលាការកំពូល បន្តរក្សាសាលដីកាចាត់របៀបរបស់សាលាឧទ្ធរណ៍នោះ វានឹងក្លាយជាការរំខានមួយដល់ការរស់នៅប្រចាំរបស់លោក។
«ការចេញសាលក្រមរបៀប ហើយបន្តនីតិវិធីហ្នឹង ធ្វើឲ្យពួកយើងហ្នឹងកាន់តែរវល់ជាប់ហើយនឹងគ្មានព្រំដែនកំណត់ថា យើងនឹងមានសេរីភាពពេញលេញនៅពេលណាមួយ»។
លោក អំ សំអាត ដែលបានចូលរួមឃ្លាំមើលសវនាការដែលមានរយៈពេលមិនដល់មួយម៉ោងផងនោះ ប្រាប់ក្រុមអ្នកកាសែតនៅក្រៅរបងតុលាការកំពូលថា រឿងក្តីរបស់អ្នកកាសែតទាំងពីរ មានជាប់ពាក់ព័ន្ធនឹងហេតុផលនយោបាយ។ លោកថា បើសិនតុលាការកំពូលសម្រេចតម្កល់សាលក្រមចាត់របៀបរបស់សាលាឧទ្ធរណ៍នោះ អ្នកទាំងពីរនឹងរឹតតែពិបាកទទួលបានការកាត់ក្តី។
សាលដីកាចាត់របៀបសំដៅទៅលើការស៊ើបបំពេញកិច្ចបន្ថែមទៅក្នុងចំណុចខ្វះខាតផ្សេងៗ ក្រោយការបើកសវនាការជំនុំជម្រះមួយ ដែលធ្វើឲ្យតុលាការមិនអាចចេញសាលក្រមសម្រេចចុងក្រោយ ហើយចៅក្រមណាមួយដែលបានចាត់តាំងឲ្យកាន់សំណុំរឿង ត្រូវបន្តកិច្ចស៊ើបសួរបន្ថែមទៅតាមចំណុចដែលត្រូវស៊ើបសួរ និងចង្អុលបង្ហាញដោយសាលដីកាចាត់របៀបនោះ។
នៅក្នុងសាលសវនាការ លោកមេធាវី សំ ចំរើន ដែលការពារក្តីឲ្យអតីតអ្នកកាសែតរបស់វិទ្យុអាសេរីទាំងពីរនេះ បានជជែកដេញដោលគ្នាជាមួយលោកប្រធានក្រុមប្រឹក្សាជំនុំជម្រះគឺលោកចៅក្រម និល ណុន ពាក់ព័ន្ធនឹងនីតិវិធីចាត់របៀបនេះ។
លោក សំ ចំរើន យល់ថា បើតុលាការបន្តឲ្យមាននីតិវិធីចាត់របៀបនឹងបន្ថែមទៀតនោះ «គោលការណ៍សន្មត់ភាពគ្មានទោសគឺត្រូវរុះរោយ» បន្ទាប់ពីលោកប្រាប់ក្រុមប្រឹក្សាជំនុំជម្រះថា គ្មានធាតុផ្សំដែលថាកូនក្តីលោកទាំងពីរបានប្រព្រឹត្តបទល្មើសទេ គិតចាប់តាំងពីចាប់ឃុំខ្លួនកូនក្តីលោក។
លោក និល ណុន បានប្រាប់លោកសំ ចំរើនថា៖«ខ្ញុំមិនអនុញ្ញាតឲ្យលោកធ្វើគោលនយោបាយច្បាប់នៅទីនេះទេ»។ លោក និល ណុន អះអាងថា តុលាការកំពូលក៏ធ្លាប់ឲ្យមាននីតិវិធីចាត់របៀបនេះញឹកញាប់ដែរ ព្រោះច្បាប់អត់ហាម។ លោកបន្ថែមថា៖ «សំខាន់គោលបំណងរកការណ៍ពិតឲ្យឃើញ»។
ក្នុងការបិទបញ្ចប់សវនាការលោក និល ណុន ប្រកាសថាតុលាការកំពូលនឹងចេញសេចក្តីសម្រេចលើបណ្តឹងសាទុក្ខរបស់អតីតអ្នកយកព័ត៌មានអាស៊ីសេរីនៅថ្ងៃទី២៧ ខែតុលា ខាងមុខនេះ។
អតីតអ្នកសារព័ត៌មានអាស៊ីសេរីទាំងពីររូប ត្រូវបានសមត្ថកិច្ចចាប់និងឃុំខ្លួនកាលពីថ្ងៃទី១៤ ខែវិច្ឆិកាឆ្នាំ២០១៧ ដោយតុលាការចោទប្រកាន់ថា ពួកគេទាំងពីរបានផ្តល់ព័ត៌មានឲ្យរដ្ឋបរទេសដែលអាចបង្កឲ្យប៉ះពាល់ដល់សន្តិសុខជាតិ។ ក្រោយមក តុលាការបានសម្រេចបំបែកសំណុំរឿងជាពីរគឺពីបទ«ផ្តល់ព័ត៌មានឲ្យរដ្ឋបរទេសដែលអាចបង្កឲ្យប៉ះពាល់ដល់សន្តិសុខជាតិ»និងបទ«ផលិត និងរក្សាទុករូបភាពអាសអាភាស»។
បច្ចុប្បន្ន ពួកគេទាំងពីរកំពុងស្ថិតនៅក្រៅឃុំបណ្តោះអាសន្ន ក្រោមការឃ្លាំមើលរបស់តុលាការ បន្ទាប់ពីត្រូវបានឃុំខ្លួនក្នុងពន្ធនាគារអស់រយៈពេលជិតដប់ខែ៕